អ្នកកាត់តវីដេអូ និងអ្នករចនាក្រាហ្វិក នឹងមានជម្រើស AI កាន់តែច្រើន ក្នុងការបង្កើតមាតិកា បន្ទាប់ពីក្រុមហ៊ុន Google និង Adobe បានប្រកាសពង្រីកភាពជាដៃគូ ដោយនាំយក AI Models របស់ Google ទៅកាន់កម្មវិធីល្បីៗរបស់ Adobe រួមមាន Premiere, Photoshop, Adobe Firefly និង Adobe Express។

តាមសេចក្តីប្រកាសរួមរបស់ក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ Adobe MAX បានឱ្យដឹងថា Google នឹងនាំយក AI Models សម្រាប់បង្កើតរូបភាព និងវីដេអូទៅកាន់កម្មវិធីរបស់ Adobe ដើម្បីផ្តល់ជម្រើសកាន់តែច្រើនក្នុងការបង្កើត និងកែសម្រួលមាតិកា។ អ្នកប្រើប្រាស់ Adobe ក៏នឹងបន្តទទួលបានសិទ្ធិប្រើប្រាស់ AI Models របស់ Google ដូចជា Gemini Omni, Veo និង Nano Banana ផងដែរ។
ក្នុងនោះ ក្រុមហ៊ុនទាំងពីរ កំពុងសហការជាមួយ Google DeepMind ដើម្បីបន្ថែមសមត្ថភាពកែសម្រួលរូបភាពថ្មីៗដោយប្រើ AI នៅក្នុង Photoshop ។ កិច្ចសហការនេះ នឹងចាប់ផ្តើមលើការកែសម្រួល Google Image Model ឱ្យសមស្របជាមួយ Photoshop ដែលអាចអនុញ្ញាតឱ្យអ្នកជំនាញកែតម្រូវរូបភាពតាមរយៈ Prompt និងបង្កើតរូបភាពជាច្រើនជម្រើសតាមអ្វីដែលខ្លួនចង់បាន។

ភាពជាដៃគូនេះ ក៏នឹងនាំឧបករណ៍របស់ Adobe ទៅកាន់សេវាកម្មរបស់ Google កាន់តែច្រើនផងដែរ។ ជាក់ស្តែង Adobe ក៏នឹងពង្រីកការភ្ជាប់ឧបករណ៍របស់ខ្លួនជាមួយ Gemini និង Gemini Enterprise ដោយបន្ថែម Acrobat និងឧបករណ៍សម្រាប់រចនាផ្សេងៗទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកែសម្រួលរូបភាព កែប្រែការរចនា និងកែសម្រួលឯកសារ PDF តាមរយៈការសន្ទនាជាមួយ Gemini បានកាន់តែងាយស្រួល។
ជាមួយគ្នានេះ Adobe ក៏នឹងនាំឧបករណ៍របស់ខ្លួនទៅក្នុង AI Mode នៅលើ Google Search ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្វែងរកគំនិត និងបង្កើតមាតិកាថ្មីៗដោយប្រើកម្មវិធីតែមួយមិនបាច់ទៅកម្មវិធីផ្សេងៗច្រើនដង។ ក្នុងនោះ Adobe Acrobat នឹងអាចប្រើប្រាស់បានតាមរយៈ Google Drive និង Gmail ដោយមានជម្រើស «Edit with» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកែសម្រួលឯកសារ PDF តាមរយៈ Acrobat បានកាន់តែងាយស្រួល។

គួរបញ្ជាក់ថា ក្រុមហ៊ុន Adobe មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក ខណៈផលិតផល និងសេវាកម្មរបស់ Google ក៏មានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ផងដែរ។ ការពង្រីកភាពជាដៃគូនេះ មានគោលបំណងធ្វើឱ្យការប្រើប្រាស់ឧបករណ៍ច្នៃប្រឌិត និង AI កាន់តែមានភាពងាយស្រួល និងរលូនសម្រាប់អ្នកប្រើប្រាស់។

