មិនមែនមានតែវីដេអូ! TikTok បានបញ្ចេញ App ទិញទំនិញមួយដាច់ដោយឡែក
Touch Soriya
•
NOVEMBER 9 2026
•
ឌីជីថល
•
7 views
•
2 mins read
•

TikTok ត្រូវបានគេស្គាល់ថាជាវេទិកាសម្រាប់មើល និងបង្កើតវីដេអូខ្លីៗ ប៉ុន្តែពេលនេះ ក្រុមហ៊ុនកំពុងពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់វិស័យទិញទំនិញអនឡាញ ដោយបានបញ្ចេញកម្មវិធី TikTok Shop ដាច់ដោយឡែកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្វែងរក និងទិញផលិតផលដោយផ្ទាល់តាមរយៈកម្មវិធីនេះ។

067

កម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចទទួលបានការណែនាំផលិតផលទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ព្រមទាំងអាចទិញទំនិញតាមរយៈវីដេអូខ្លីៗ និងការផ្សាយផ្ទាល់ (Livestream)។ កម្មវិធីនេះក៏មានមុខងារទូទាត់ប្រាក់ក្នុងកម្មវិធី ការតាមដានការបញ្ជាទិញ និងសេវាគាំទ្រអតិថិជនផងដែរ។

ការបង្កើតកម្មវិធីដាច់ដោយឡែកនេះ នឹងផ្តល់ភាពងាយស្រួលដល់អ្នកដែលចង់ទិញទំនិញតាម TikTok Shop ដោយមិនចាំបាច់ចូលទៅក្នុងកម្មវិធី TikTok ចម្បងឡើយ។ វាក៏អាចជួយឱ្យ TikTok ទាក់ទាញអ្នកទិញទំនិញបានកាន់តែច្រើន និងបង្កើនឱកាសប្រកួតប្រជែងជាមួយវេទិកាទិញទំនិញអនឡាញធំៗ ដូចជា Amazon និង Temu ផងដែរ។

069

ជាមួយគ្នានេះ អ្នកប្រើប្រាស់ អាចទទួលអត្ថប្រយោជន៍ជាច្រើន ដូចជាន ការដឹកជញ្ជូនដោយឥតគិតថ្លៃ, ការផ្តល់ជូនពិសេសសម្រាប់ការបញ្ជាទិញលើកដំបូង និងការទូទាត់ប្រាក់ដែលមានសុវត្ថិភាព។ កម្មវិធីនេះបច្ចុប្បន្នអាចប្រើប្រាស់បាននៅប្រទេសចំនួន ៤ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ទាំងលើប្រព័ន្ធ iOS និង Android។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TechCrunch នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

070

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ការបញ្ចេញកម្មវិធីនេះក៏ធ្វើឱ្យការប្រកួតប្រជែងរបស់ TikTok និង Amazon មានលក្ខណៈប្រហាក់ប្រហែលគ្នាផងដែរ។ កន្លងមក Amazon ធ្លាប់បានបញ្ចេញមុខងារមើលវីដេអូខ្លីៗឈ្មោះ Inspire ដែលមានលក្ខណៈស្រដៀងនឹង TikTok ដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរកផលិតផល និងទិញទំនិញតាមរយៈវីដេអូ។ ចំណែកពេលនេះ TikTok ក៏បានបោះជំហានចូលក្នុងវិស័យទិញទំនិញដោយមានកម្មវិធីផ្ទាល់ខ្លួនដាច់ដោយឡែកវិញ។

ក្រៅពីវិស័យទិញទំនិញ TikTok ក៏កំពុងពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់វិស័យផ្សេងៗទៀត ដូចជា ហ្គេម មគ្គុទ្ទេសក៍ណែនាំភោជនីយដ្ឋាន មជ្ឈមណ្ឌលព័ត៌មានកីឡា សេវាកក់សណ្ឋាគារ និងរឿងភាគខ្លីៗ ព្រមទាំងកំពុងសិក្សាលទ្ធភាពក្នុងការផ្តល់សេវាទូទាត់ប្រាក់ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia