នាពេលបច្ចុប្បន្ន ការឱ្យទូរសព្ទកូនប្រើប្រាស់ កំពុងក្លាយជាកង្វល់មួយសម្រាប់ឪពុកម្តាយ ដោយកុមារអាចប្រឈមនឹងមាតិកាមិនសមរម្យ ការទាក់ទងពីមនុស្សមិនស្គាល់ និងការប្រើប្រាស់បណ្ដាញសង្គមហួសកម្រិត។ ដើម្បីដោះស្រាយលើកង្វល់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានបង្កើតស្មាតហ្វូនពិសេសសម្រាប់កុមារ ដោយកំណត់ការប្រើប្រាស់មុខងារមួយចំនួន ដូចជា បណ្ដាញសង្គម កម្មវិធីផ្សេងៗ និងការចូលមើលលើគេហទំព័រ។

ក្រុមហ៊ុនទាំងនេះ បានបង្កើតទូរសព្ទដែលមានមុខងារស្រដៀងទូរសព្ទធម្មតា ដូចជា Touchscreen, Camera និងការហៅទូរសព្ទ ប៉ុន្តែបានកែសម្រួល Software ដើម្បីឱ្យឪពុកម្តាយអាចគ្រប់គ្រងការប្រើប្រាស់របស់កូនបាន។ មុខងារទាំងនោះ មានដូចជា កំណត់ Screen Time អនុញ្ញាតឱ្យប្រើ App ជាក់លាក់ គ្រប់គ្រង Contacts និងតាមដាន Location។ តាមសារព័ត៌មាន TechCrunch ខាងក្រោមនេះជា ទូរសព្ទដៃចំនួន ៥ ប្រភេទ ដែលបានបង្កើតឡើងសម្រាប់កុមារ៖
1. Bark Phone
Bark Phone ជាទូរសព្ទសម្រាប់កុមារដែលប្រើម៉ូដែល Samsung Galaxy ជាមូលដ្ឋាន និងបំពាក់ Software របស់ក្រុមហ៊ុន Bark ដើម្បីតាមដាន និងគ្រប់គ្រងការប្រើប្រាស់របស់កុមារ ហើយទូរសព្ទមួយប្រភេទនេះ ឪពុកម្តាយអាចកំណត់ការទំនាក់ទំនងតាមលេខទូរសព្ទរបស់កូនបានទៀតផង។ ចំណុចពិសេសរបស់ Bark Phone គឺអាចពិនិត្យសារជាអក្សរ អ៊ីមែល រូបភាព និងកម្មវិធីមួយចំនួន ដើម្បីស្វែងរកសញ្ញានៃការបៀតបៀនតាមអនឡាញ ការល្បួងកុមារ ឬមាតិកាមិនសមរម្យ រួចផ្ញើការជូនដំណឹងទៅកាន់ឪពុកម្តាយ។

លើសពីនេះ វាក៏មានមុខងារតាមដានទីតាំង និងកំណត់ពេលប្រើប្រាស់អេក្រង់ផងដែរ។ ឪពុកម្តាយក៏អាចបើកមុខងារបន្ថែមជាបន្តបន្ទាប់ ដូចជា ការប្រើកម្មវិធី និងការចូលមើលគេហទំព័រ នៅពេលកូនធំពេញវ័យ។ តាមរបាយការណ៍ពី TechCrunch ទូរសព្ទនេះ មានតម្លៃចាប់ពី ២៤០ ដុល្លារ បូកនឹងសេវាទូរសព្ទប្រចាំខែចាប់ពី ២៩ ដុល្លារ។
2. Gabb Phone
ខុសពី Bark ដែលផ្តោតលើការតាមដាន និងជូនដំណឹងអំពីហានិភ័យ Gabb មានមុខងារកាត់បន្ថយការចូលប្រើមាតិកាដែលអាចបង្កហានិភ័យតាំងពីដំបូង។ ទូរសព្ទ Gabb មិនមានកម្មវិធីបណ្ដាញសង្គម កម្មវិធីបើកមើលគេហទំព័រ ឬ App Store សម្រាប់ទាញយកកម្មវិធីនោះទេ។ ប៉ុន្តែ វា ក៏មានមុខងារហៅទូរសព្ទ ផ្ញើសារ និង App មួយចំនួនដែលក្រុមហ៊ុនបានជ្រើសរើស ដូចជា កាមេរ៉ា ប្រតិទិន និងម៉ាស៊ីនគិតលេខ ហើយវា ក៏មាន Music App សម្រាប់ឱ្យកុមារស្តាប់តន្ត្រីផងដែរ។

ជាមួយគ្នានេះ ឪពុកម្តាយ អាចប្រើកម្មវិធី MyGabb ដើម្បីមើលទីតាំង និងគ្រប់គ្រងការកំណត់ទៅលើកម្មវិធីមួយចំនួនរបស់ទូរសព្ទកូនផងដែរ ចំបោះតម្លៃវិញ ទូរសព្ទនេះ គឺចាប់ពីប្រមាណ ១៥៩.៩៩ ដុល្លារ ខណៈសេវាទូរសព្ទចាប់ពី ២៤.៩៩ ដុល្លារក្នុងមួយខែ។
3. Pinwheel

Pinwheel គឺផ្តល់សិទ្ធិឱ្យឪពុកម្តាយជាអ្នកសម្រេចថា កូនអាចប្រើកម្មវិធីណាខ្លះនៅលើទូរសព្ទ អាចគ្រប់គ្រងលេខទំនាក់ទំនង កំណត់ពេលប្រើប្រាស់ និងតាមដានទីតាំងរបស់កូនដែលបានទៅ ពិសេសលើសពីនេះ ឪពុកម្តាយអាចកំណត់របៀបប្រើប្រាស់តាមពេលវេលាផងដែរ។ ទូរសព្ទ Pinwheel នេះ មានតម្លៃចាប់ពី ១១៩ ដុល្លារ ខណៈសេវា Caregiver Portal សម្រាប់ឪពុកម្តាយគ្រប់គ្រងទូរសព្ទកូន មានតម្លៃចាប់ពី ១៤.៩៩ ដុល្លារក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលសេវាទូរសព្ទ។
4. Teracube Thrive
Teracube Thrive ជាទូរសព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលក្រុមហ៊ុនបានកែសម្រួល និងហៅថា Thrive OS ដើម្បីឱ្យសមស្របនឹងការប្រើប្រាស់របស់កុមារ។ ប្រព័ន្ធនេះ អនុញ្ញាតឱ្យឪពុកម្តាយពិនិត្យ និងអនុម័តកម្មវិធីមុនពេលកូនដំឡើង ហើយអាចកំណត់ការចូលមើលគេហទំព័រ និងពេលវេលាប្រើប្រាស់កម្មវិធីនីមួយៗបាន។

ក្រៅពីនេះ ឪពុកម្តាយក៏អាចតាមដានទីតាំង និងបង្កើតកាលវិភាគប្រើប្រាស់ទូរសព្ទតាមសកម្មភាពប្រចាំថ្ងៃ ដូចជា ពេលទៅសាលារៀន ឬពេលចូលគេង។ វា មានតម្លៃប្រហែល ៩៩ ដុល្លារ ខណៈគម្រោងសេវាប្រើប្រាស់ចាប់ពី ៣៥ ដុល្លារក្នុងមួយខែ។
5. Yello!
Yello! ជាទូរសព្ទសម្រាប់កុមារដែលបង្កើតឡើងដោយក្រុមហ៊ុនទូរគមនាគមន៍ TextNow របស់ប្រទេសកាណាដា។ ទូរសព្ទនេះ មានរូបរាងដូចស្មាតហ្វូនអេក្រង់ប៉ះធម្មតា ប៉ុន្តែមិនមាន App Store បណ្ដាញសង្គម ឬការចូលមើលគេហទំព័រដោយគ្មានការកំណត់នោះទេ។

ចំពោះ កម្មវិធីគ្រប់គ្រង ឪពុកម្តាយអាចមើលទីតាំង និងកម្រិតថ្មរបស់ទូរសព្ទកូន ព្រមទាំងគ្រប់គ្រងហ្គេមដែលកូនអាចលេង និងលេខទំនាក់ទំនងដែលអាចហៅចេញចូលបាន។ ចំពោះ តម្លៃវិញ Yello! មានតម្លៃចាប់ពី ១៤៩.៩៩ ដុល្លារ និងសេវាប្រចាំខែ ១៩.៩៩ ដុល្លារ។

