ចូលរួមទាំងអស់គ្នា! យុទ្ធនាការតភ្ជាប់ស៊ីមកាត និងគណនីធនាគារ ដើម្បីសុវត្ថិភាពសង្គមឌីជីថល
ផែន ផាន់ណា
JUNE 17 2026
នវានុវត្តន៍
111 views
2 mins read

ឆ្លើយតបទៅនឹងការកើនឡើងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នាបើកសម្ពោធជាផ្លូវការនូវ "យុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់"។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាសរុបជាង ៤០០នាក់។

724415377 1398000675713368 6898703583718467150 N.jpg

យុទ្ធនាការនេះមានគោលដៅចម្បងក្នុងការធានាសុវត្ថិភាពឌីជីថលជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈការលុបបំបាត់ការប្រើប្រាស់ស៊ីមកាតដែលគ្មានអត្តសញ្ញាណច្បាស់លាស់ (ស៊ីមខ្មោច) ដែលកំពុងភ្ជាប់ជាមួយគណនីធនាគារនានា។

ដើម្បីសម្រួលដល់ដំណើរការនេះ ប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី SIM Verifier Mini App ដែលរួមបញ្ចូលនៅក្នុងថ្នាលសេវាឌីជីថលរដ្ឋ DG SuperApp។ ថ្នាលនេះត្រូវបានតភ្ជាប់ប្រព័ន្ធដោយស្វ័យប្រវត្តិជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជួយជំរុញទំនុកចិត្តទាំងក្នុងវិស័យធនាគារ និងទូរគមនាគមន៍នៅកម្ពុជា។

724764529 1398000982380004 1973478930141159448 N.jpg

ថ្លែងក្នុងពិធីនោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងអត្តសញ្ញាណនេះ គឺជារឿងចាំបាច់បំផុតក្នុងការការពារសុវត្ថិភាពទិន្នន័យហិរញ្ញវត្ថុ ជាពិសេសលេខកូដសុវត្ថិភាព (OTP) ពីការលួចចូល ឬឆបោកពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា។ លោកជំទាវក៏បានអំពាវនាវឱ្យសាធារណជនចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ដើម្បីផលប្រយោជន៍ និងសុវត្ថិភាពផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងប្រតិបត្តិករទូរសព្ទចល័ត ឱ្យចុះជួយសម្រួលការផ្ទៀងផ្ទាត់នេះដោយផ្ទាល់នៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា រោងចក្រ និងទីប្រជុំជននានា។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យអ្នកផលិតមាតិកា (Content Creators) និងបុគ្គលមានប្រជាប្រិយភាព ជួយផលិតវីដេអូអប់រំខ្លីៗ ងាយយល់ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការផ្ទៀងផ្ទាត់នេះទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

724486321 1398003249046444 1388631577453932995 N.jpg

គួររំឭកផងដែរថា ការចាប់ផ្តើមយុទ្ធនាការនេះ គឺជាលទ្ធផលផ្លែផ្កាចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័នទាំងពីរ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន និងសុវត្ថិភាព។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia