“ក្រុមយុវជនច្នៃប្រឌិតខ្មែរ ៦ ក្រុម បានដាក់បង្ហាញដំណោះស្រាយឌីជីថលបៃតង នៅក្នុងកម្មវិធី DGIy Demo Day”
ក្រុម EnergyFlow បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោមក្រុមយុវជនឆ្នើមទាំង ៦ ក្រុម ដែលបានជ្រើសរើស នៅក្នុងកម្មវិធី Digital and Green Innovation-Youth (DGIy) Demo Day។ កម្មវិធីនេះរៀបចំឡើងក្រោមសហប្រតិបត្តិការរវាងអង្គការ GIZ Cambodia និង DICHI Academy ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយុវជនក្នុងការចូលរួមចំណែកដល់ការកែប្រែប្រព័ន្ធឌីជីថល និងបៃតងរបស់កម្ពុជាឆ្ពោះទៅកាន់ឆ្នាំ២០៣០។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ថ្នាក់ដឹកនាំវិស័យឯកជន សាកលវិទ្យាល័យ និងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតឌីជីថល និងបៃតងនៅកម្ពុជា។
ដំណើរការនេះបានចាប់ផ្តើមចេញពីកម្មវិធី DGIy Hackathon កាលពីថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០២៦ ដោយអ្នកចូលរួមបានសិក្សាលើប្រធានបទប្រឈមចំនួនបី រួមមាន៖ ការរៀបចំទីក្រុង និងទីក្រុងប្រកបដោយចីរភាព សំណល់ បំពុល និងសុខភាពសាធារណៈ និងសន្តិសុខស្បៀង និងកសិកម្មប្រកបដោយចីរភាព។ បន្ទាប់មក ក្រុមចំនួន ៦ ត្រូវបានជ្រើសរើសឱ្យបន្តអភិវឌ្ឍដំណោះស្រាយរបស់ពួកគេ តាមរយៈវគ្គបណ្តុះបណ្តាល និងការទទួលបានការតម្រង់ទិសពីអ្នកជំនាញ ដើម្បីពង្រឹងគំនិតច្នៃប្រឌិត សាកល្បងការសន្មត និងរៀបចំដំណោះស្រាយឱ្យរួចរាល់សម្រាប់ថ្ងៃ Demo Day។ នៅក្នុងថ្ងៃបង្ហាញស្នាដៃ គ្រប់ក្រុមទាំងអស់បានដាក់បង្ហាញមិនត្រឹមតែបច្ចេកវិទ្យានៅពីក្រោយគំនិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍ អ្នកប្រើប្រាស់ និងអាទិភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។

ក្រុម EnergyFlow ត្រូវបានប្រកាសជាម្ចាស់ជ័យលាភីនៃកម្មវិធី DGIy តាមរយៈការបង្កើតដំណោះស្រាយសាកថ្មយានយន្តអគ្គិសនី (EV) ឆ្លាតវៃឈ្មោះថា MOVIA ដែលជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ និងទីតាំងសាកថ្ម ព្រមទាំងផ្តល់ទិន្នន័យវិភាគតម្រូវការជាក់ស្តែងដល់ប្រតិបត្តិករ។ MOVIA បានដោះស្រាយគម្លាតក្នុងប្រព័ន្ធអេកូឡូស៊ី EV នៅភ្នំពេញ ដោយផ្តល់នូវប្រព័ន្ធរៀបចំផ្លូវធ្វើដំណើរដែលគិតគូរពីកម្រិតថាមពលអាគុយ និងទីតាំងសាកថ្មទំនេរ ព្រមទាំងផ្តល់ទិន្នន័យជាក់ស្តែងដល់ប្រតិបត្តិករក្នុងការជ្រើសរើសទីតាំង និងពង្រីកសមត្ថភាពស្ថានីយសាកថ្ម។ ចំណុចលេចធ្លោនៃវិធីសាស្ត្រនេះ គឺការចាប់ផ្តើមចេញពីទិន្នន័យនៃការធ្វើដំណើរ ដែលភ្ជាប់ឥរិយាបថអ្នកបើកបរទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយគាំទ្រយ៉ាងសកម្មដល់គោលដៅដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយចីរភាពរបស់កម្ពុជា។

ជាកិតិ្តយសនៃជ័យលាភី ក្រុម EnergyFlow ទទួលបានរង្វាន់ធំពីកម្មវិធី DGIy គឺដំណើរបេសកកម្មផ្លាស់ប្តូរការច្នៃប្រឌិតថ្នាក់តំបន់រយៈពេល ៣ ថ្ងៃ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការរួមដំណើរពីបុគ្គលឆ្នើមចំនួន ៤ រូបផ្សេងទៀតពីកម្មវិធី។ ដំណើរកម្សាន្ត និងការសិក្សានេះ នឹងនាំពួកគេទៅកាន់មជ្ឈមណ្ឌលបង្កើតអាជីវកម្មថ្មី មជ្ឈមណ្ឌលបណ្តុះធុរកិច្ច និងអ្នកវិនិយោគជួរមុខក្នុងតំបន់ ដើម្បីសាកល្បងផលិតផលគំរូ ពង្រឹងទំនាក់ទំនងជាមួយអ្នកតម្រង់ទិស និងអ្នកវិនិយោគ ព្រមទាំងស្វែងរកផ្លូវក្នុងការពង្រីកដំណោះស្រាយរបស់ខ្លួនឱ្យហួសពីព្រំដែនប្រទេសកម្ពុជា។

ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់យុវជនកម្ពុជា ក្នុងការក្លាយជាអ្នកបង្កើត បវឌ្ឍនករ និងជាអ្នកដឹកនាំនាពេលអនាគតនៃសេដ្ឋកិច្ចឌីជីថល។ ស្របពេលជាមួយគ្នានេះ លោក Jonas Herzing ប្រធានគម្រោង DGI នៃអង្គការ GIZ Cambodia បានគូសបញ្ជាក់ថា ការវិនិយោគលើយុវជន និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងបៃតង គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា ដើម្បីបំប្លែងគំនិតច្នៃប្រឌិតឱ្យទៅជាដំណោះស្រាយជាក់ស្តែង ដែលបង្កើតផលវិជ្ជមានពិតប្រាកដដល់ប្រជាជន សហគមន៍ និងបរិស្ថាន។


កម្មវិធី DGIy បានរួមចំណែកដោយផ្ទាល់ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដោយអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០៣០ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ គួរបញ្ជាក់ផងដែរថា កម្មវិធី DGIy Cambodia ត្រូវបានអនុវត្តដោយអង្គការ GIZ Cambodia និង DICHI Academy ក្រោមការផ្តល់ថវិកាបដិភាគពីសហភាពអឺរ៉ុប ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៃសហព័ន្ធអាល្លឺម៉ង់ (BMZ), ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និង Expertise France (EF) ដោយស្ថិតនៅក្រោមគំនិតផ្តួចផ្តើមសកល DGI-Action។

