ភ្នំពេញ– ថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ2026 – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និងដំណោះស្រាយ ICT នៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះប្រទេសកម្ពុជា ដោយបង្ហាញពីការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការតភ្ជាប់ 5G ដំណោះស្រាយ ICT សម្រាប់សហគ្រាស នវានុវត្តន៍ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងចីរភាព។
នៅក្នុងសន្និសីទសារព័ត៌មាន Smart ឆ្នាំ2026 ក្រុមហ៊ុនបានបង្ហាញពីវឌ្ឍនភាពក្នុងការពង្រីកសេវាតភ្ជាប់បណ្តាញ ព្រមទាំងប្រកាសដាក់ឱ្យដំណើរការ Smart Infrastructure Co., Ltd. (SmartInfra) ដែលជាជំហានដ៏សំខាន់មួយក្នុងការចូលរួមឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកំពុងកើនឡើងរបស់កម្ពុជា។
ការប្រកាសនេះបង្ហាញពីការវិវត្តជាបន្តបន្ទាប់របស់ Smart ពីប្រតិបត្តិករទូរគមនាគមន៍ ទៅជាក្រុមហ៊ុនសេវាឌីជីថល និងផ្តល់ដំណោះស្រាយ ICT ខណៈដែលក្រុមហ៊ុននៅតែរក្សាការផ្តោតសំខាន់លើការផ្ដល់សេវាទូរស័ព្ទ គុណភាពបណ្តាញតភ្ជាប់ និងបទពិសោធន៍អតិថិជន។
វិនិយោគលើអនាគតឌីជីថលរបស់កម្ពុជា
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានបញ្ជាក់ពីជំនឿចិត្តរបស់ក្រុមហ៊ុនចំពោះសក្តានុពលនៃកំណើនរយៈពេលវែងរបស់ប្រទេសកម្ពុជា ថា៖
«អស់រយៈពេលជាង 17 ឆ្នាំមកនេះ ក្រុមហ៊ុន Smart បានបន្តវិនិយោគនៅកម្ពុជា រីកចម្រើនទៅមុខស្របតាមការអភិវឌ្ឍរបស់ប្រទេស និងផ្តល់ការតភ្ជាប់ដល់ប្រជាពលរដ្ឋ និងអាជីវកម្មរាប់លាននាក់។ ការប្តេជ្ញាចិត្តរបស់យើងនៅតែរឹងមាំដូចដើម។ ប៉ុន្តែដំណាក់កាលបន្ទាប់នៃវឌ្ឍនភាពរបស់យើង មិនមែនផ្តោតតែលើការតភ្ជាប់បណ្ដាញសេវាទូរសព្ទប៉ុណ្ណោះទេ។ វាគឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សមត្ថភាព និងទំនុកចិត្ត ដែលនឹងជួយឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
តាមរយៈការដាក់ឱ្យដំណើរការ Smart Infrastructure ការបន្តវិនិយោគលើបច្ចេកវិទ្យាប្រព័ន្ធ 5G និងការពង្រីកសមត្ថភាពផ្តល់ដំណោះស្រាយ ICT សម្រាប់សហគ្រាស យើងកំពុងបោះជំហានជាក់ស្តែង ដើម្បីឆ្ពោះទៅរកអនាគតនេះ។ យើងជឿជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលឌីជីថលដ៏ធំធេង។ កាតព្វកិច្ចរបស់យើង គឺប្រែក្លាយសក្តានុពលនេះឱ្យទៅជាឱកាសជាក់ស្តែងសម្រាប់អាជីវកម្ម សហគមន៍ និងយុវជនជំនាន់ក្រោយ។ យើងនៅទីនេះដើម្បីដើរជាមួយកម្ពុជាក្នុងរយៈពេលវែង ហើយយើងនឹងបន្តវិនិយោគលើអនាគតរបស់ប្រទេសយើង។”

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ2008 មក Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ប្រទេស។ បច្ចុប្បន្ន ក្រុមហ៊ុនបម្រើអតិថិជនជាង 8 លាននាក់ ជាមួយបណ្តាញ 4G គ្របដណ្តប់រហូតដល់ជាង 95% នៃចំនួនប្រជាជនសរុប និងកំពុងបន្តពង្រីកសេវា 5G បន្ទាប់ពីការដាក់ឱ្យដំណើរការកាលពីខែមករា ឆ្នាំ2026។
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ជាង 3 ពាន់លានដុល្លារអាមេរិកនៅកម្ពុជា តាមរយៈការចំណាយលើដើមទុន និងប្រតិបត្តិការសរុប (cumulative capital and operational expenditure) គិតត្រឹមចុងឆ្នាំ2025 ដែលបង្ហាញពីទំហំប្រតិបត្តិការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទូលាយរបស់ក្រុមហ៊ុនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។
ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញរបស់ Smart ៖ ពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា
ចំណុចសំខាន់មួយនៃសន្និសីទសារព័ត៌មាននេះ គឺការប្រកាសដាក់ឱ្យដំណើរការ Smart Infrastructure Co., Ltd. (SmartInfra) ដែលជាក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបអុបទិក (Carrier-neutral) ក្នុងគោលបំណងគាំទ្រតម្រូវការដែលកំពុងកើនឡើងរបស់ប្រទេស សម្រាប់ការតភ្ជាប់ឌីជីថលដែលមានស្ថិរភាព និងសមត្ថភាពបញ្ជូនទិន្នន័យខ្ពស់។ គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីការទទួលបានអាជ្ញាបណ្ណបណ្តាញខ្សែកាបអុបទិកនាពេលថ្មីៗនេះ ដែលបង្ហាញពីមហិច្ឆតារបស់ Smart ក្នុងការចូលរួមកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។
SmartInfra ត្រូវបានបង្កើតឡើងដើម្បីគាំទ្រប្រតិបត្តិករទូរគមនាគមន៍ សហគ្រាស និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកដែលអាចពង្រីកសមត្ថភាពបានទៅតាមតម្រូវការ។នៅពេលដែលកម្ពុជាកំពុងពន្លឿនការទទួលយកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការតភ្ជាប់តាមរយៈខ្សែកាបអុបទិកដែលមានសុវត្ថិភាពនឹងកាន់តែមានសារៈសំខាន់សម្រាប់សហគ្រាស អាជីវកម្ម សេវាកម្ម Cloud កម្មវិធីដែលប្រើប្រាស់ទិន្នន័យក្នុងបរិមាណច្រើន និងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI)។
តាមរយៈ SmartInfra ក្រុមហ៊ុន Smart មានគោលបំណងចូលរួមពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ជំរុញកិច្ចសហការលើការប្រើប្រាស់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ព្រមទាំងគាំទ្រសមត្ថភាពប្រកួតប្រជែងផ្នែកឌីជីថលរបស់កម្ពុជាក្នុងរយៈពេលវែង។
ពង្រឹងការតភ្ជាប់បណ្តាញទូរសព្ទចល័ត និងពង្រីកការប្រើប្រាស់បណ្ដាញ 5G
Smart នៅតែផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹងបណ្តាញតភ្ជាប់ ដែលជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយយល់ច្បាស់ថា ការតភ្ជាប់ដែលមានស្ថិរភាព វិសាលភាពគ្របដណ្តប់ទូលំទូលាយ និងបទពិសោធន៍អតិថិជនប្រកបដោយគុណភាពជាប់លាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រតិបត្តិការអាជីវកម្ម។
វិសាលភាពបណ្តាញរបស់ Smart មានការរីកចម្រើនយ៉ាងខ្លាំង ដោយបង្គោលសេវា 4G កើនឡើងពីជាង 3,000 ស្ថានីយ ក្នុងឆ្នាំ 2022 រហូតដល់ជាង 5,000 ស្ថានីយ ដែលបានគ្រោងទុកសម្រាប់ដល់ចុងឆ្នាំ2026នេះ។ ដោយឈរលើមូលដ្ឋានគ្រឹះបណ្តាញ 4G ដ៏រឹងមាំនេះ Smart បានដាក់ឱ្យដំណើរការសេវា 5G ក្នុងខែមករា ឆ្នាំ2026 ដែលជាជំហានដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។ បច្ចុប្បន្ន អតិថិជនជាង 1 លាននាក់កំពុងប្រើប្រាស់សេវា 5G របស់ Smart ដែលបង្ហាញពីតម្រូវការកាន់តែកើនឡើងចំពោះការតភ្ជាប់ដែលមានល្បឿនលឿន ការឆ្លើយតបរហ័ស និងសមត្ថភាពគាំទ្របច្ចេកវិទ្យានាពេលអនាគត។
ស្របពេលដែលវិស័យឌីជីថលមានសន្ទុះកឿនឡើងយ៉ាងឆាប់រហ័ស តម្រូវការទិន្នន័យ (Data) សម្រាប់ភ្ជាប់ទំនាក់ទំនងរបស់អតិថិជនក៏បន្តកើនឡើងផងដែរដោយការប្រើប្រាស់ទិន្នន័យជាមធ្យមក្នុងម្នាក់ៗបានកើនឡើងពីប្រមាណ 23% រវាងខែធ្នូ ឆ្នាំ2025 ដល់ខែកញ្ញា ឆ្នាំ2026 ខណៈដែលអត្រានៃការប្រើប្រាស់ទូរសព្ទស្មាតហ្វូនក្នុងចំណោមអតិថិជន Smart ក៏បានកើនឡើងដល់ជាង 92% ដែលបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចផ្នែកឌីជីថលរបស់កម្ពុជា។

និន្នាការទាំងនេះបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងរបស់អតិថិជនលើការតភ្ជាប់តាមប្រព័ន្ធទូរសព្ទនិងបញ្ជាក់ពីសារៈសំខាន់នៃការបន្តវិនិយោគលើការពង្រឹងសមត្ថភាពបណ្តាញ 4G និង 5G ការពង្រីកវិសាលភាពគ្របដណ្តប់ការលើកកម្ពស់គុណភាពនិងភាពធន់នៃបណ្តាញព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់កម្ពុជាដែលកំពុងវិវត្តជាបន្តបន្ទាប់។
Smart នៅតែបន្តផ្តោតលើការលើកកម្ពស់បទពិសោធន៍អតិថិជន ការពង្រីកសេវាតភ្ជាប់ និងការធានាថា បណ្តាញរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។
ជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងអាជីកម្ម
ក្រៅពីអាជីវកម្មផ្តល់សេវាតភ្ជាប់ដល់អតិថិជនទូទៅ Smart កំពុងពង្រីកតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។
បច្ចុប្បន្ន Smart កំពុងផ្តល់សេវាគាំទ្រដល់អតិថិជនសហគ្រាសជាង 3,000 អតិថិជន តាមរយៈផលប័ត្រសេវាកម្មដែលកំពុងពង្រីកជាបន្តបន្ទាប់ រួមមាន សេវាអុីនធឺណិត ដំណោះស្រាយលើក្លោដ (cloud solutions) សេវាកម្មសន្តិសុខសាយប័រ (cybersecurity) បណ្តាញតភ្ជាប់សម្រាប់សហគ្រាស (enterprise networking) សេវាកម្មគ្រប់គ្រង (managed services) និងដំណោះស្រាយឌីជីថលផ្សេងៗសម្រាប់អាជីវកម្ម។
នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែមានលក្ខណៈឌីជីថល អាជីវកម្មនានាត្រូវការច្រើនជាងការតភ្ជាប់មូលដ្ឋាន។ ពួកគេត្រូវការដំណោះស្រាយបច្ចេកវិទ្យាដែលមានសុវត្ថិភាព ភាពជឿជាក់ និងការរួមបញ្ចូលគ្នាបានល្អ ដើម្បីជួយបង្កើនផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង។ យុទ្ធសាស្ត្រសម្រាប់សហគ្រាសរបស់ Smart ផ្តោតលើការឆ្លើយតបទៅនឹងតម្រូវការទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សមត្ថភាពបច្ចេកទេស និងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។
ក្រុមហ៊ុនមើលឃើញឱកាសដ៏ធំធេងក្នុងការគាំទ្រសហគ្រាស និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ខណៈដែលសហគ្រាសទាំងនោះកំពុងទទួលយកបច្ចេកវិទ្យា Cloud កម្មវិធីឌីជីថល ស្វ័យប្រវត្តិកម្ម និងគំរូប្រតិបត្តិការថ្មីៗ។
កសាងទំនុកចិត្តឌីជីថល និងជំរុញនវានុវត្តន៍ប្រកបដោយទំនួលខុសត្រូវ
នៅពេលដែលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែរីកចម្រើន Smart យល់ឃើញថា ទំនុកចិត្ត សន្តិសុខសាយប័រ និងការការពារទិន្នន័យ គឺជាមូលដ្ឋានគ្រឹះដែលមានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព។ ក្រុមហ៊ុនរក្សាបាននូវវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2022 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន (Information Security Management System) និងបន្តពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រ និងការការពារឯកជនភាព។ Smart ទទួលបានពិន្ទុវាយតម្លៃគុណភាព នៃសន្តិសុខសាយប័រតាមស្តង់ដារ NIST ចំនួន 3.52 និងពិន្ទុវាយតម្លៃគុណភាព នៃការការពារឯកជនភាពទិន្នន័យចំនួន 3.3 ដែលត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យឯកជនភាពរបស់ Axiata Group (Axiata Group Privacy Office)។ ក្រុមហ៊ុនក៏បានរក្សាអត្រាបញ្ចប់ការបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធនឹងការការពារឯកជនភាពនៅកម្រិត 99.8% ផងដែរ។
គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Smart ក្នុងការការពារព័ត៌មានអតិថិជន ពង្រឹងភាពធន់របស់ស្ថាប័ន និងគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ។

អភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា
Smart ជឿជាក់ថា អនាគតឌីជីថលរបស់កម្ពុជាមិនអាស្រ័យតែលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើជំនាញ ភាពច្នៃប្រឌិត និងសមត្ថភាពរបស់ប្រជាជនធនធានមនុស្សរបស់យើងផងដែរ។
ក្រុមហ៊ុនបន្តវិនិយោគលើការលើកកម្ពស់ចំណេះដឹងឌីជីថល ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬការអប់រំស្ទែម (STEM) ការសរសេរកូដ សុវត្ថិភាពតាមអនឡាញ ភាពជាសហគ្រិន និងជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យានាពេលអនាគត។ ក្នុងអំឡុងឆ្នាំ2025 និងពាក់កណ្ដាលឆ្នាំ2026 មានអ្នកទទួលផលជាង 52,000 នាក់ បានចូលរួមក្នុងគំនិតផ្តួចផ្តើមដែលគាំទ្រដោយ Smart លើការលើកកម្ពស់ចំណេះដឹងឌីជីថល ការសរសេរកូដ សុវត្ថិភាពតាមអនឡាញ និងការការពារកុមារនៅលើប្រព័ន្ធអនឡាញ ហើយ Smart ក៏បានផ្តល់ម៉ោងសិក្សា និងអភិវឌ្ឍសមត្ថភាពបុគ្គលិកសរុបជាង 69,000 ម៉ោង ដល់បុគ្គលិករបស់ខ្លួន។
តាមរយៈគំនិតផ្តួចផ្តើមដូចជា Tech Talent, Smart Youth, Smart Startup Space និង ACTSmart ក្រុមហ៊ុនបន្តចូលរួមគាំទ្រការអភិវឌ្ឍអ្នកជំនាញឌីជីថល និងសហគ្រិនជំនាន់ក្រោយរបស់កម្ពុជា។
កម្មវិធី ACTSmart បានគាំទ្រធុរកិច្ចថ្មីក្នុងវិស័យឌីជីថល និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ចំនួន 32 អាជីវកម្ម ក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលចំនួនពីរជំនាន់ (two cohorts) ខណៈពេលដែល Smart Startup Space បន្តផ្តល់ឱ្យសហគ្រិននូវលទ្ធភាពទទួលបានការបណ្តុះបណ្តាល ការណែនាំ ទីកន្លែងធ្វើការរួមគ្នា (co-working facilities) និងភាពជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី។
កម្មវិធីទាំងនេះបង្ហាញពីជំនឿរបស់ Smart ថា ការផ្លាស់ប្តូរឌីជីថលប្រកបដោយចីរភាព ត្រូវការប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកដ៏រឹងមាំ ដែលគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍។

រួមចំណែកដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា
ក្រុមហ៊ុន Smart ក៏បានបង្ហាញពីការរួមចំណែករបស់ខ្លួនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ មិនមែនត្រឹមតែវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ។ ក្នុងឆ្នាំ 2025 Smart ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលបានបង់ពន្ធធំជាងគេទីបីនៅក្នុងប្រទេស និងបានបន្តទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» (Gold Tax Compliance) រយៈពេលប្រាំមួយជាប់ៗគ្នា។ ក្រុមហ៊ុនបានគាំទ្រដល់ការបង្កើតការងារផ្ទាល់ និងប្រយោលប្រហែល 38,360 កន្លែង ដែលរួមមាន បុគ្គលិក អ្នកចែកចាយ ភ្នាក់ងារ អ្នកផ្គត់ផ្គង់ អ្នកម៉ៅការ និងដៃគូនានា។ Smart បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រមាណ 1% នៃតម្លៃបន្ថែមសរុប (gross value added) ។
ចីភាពក៏នៅតែជាផ្នែកមួយដ៏សំខាន់ដែលត្រូវបានបញ្ចូលក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ Smart
ក្រុមហ៊ុនបន្តវិនិយោគលើថាមពលកកើតឡើងវិញ ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ។ បច្ចុប្បន្ន Smart ដំណើរការស្ថានីយចំនួនជាង 1,800 ដែលមានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (solar-powered assisted sites) នៅទូទាំងប្រទេស ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជាប្រភពថាមពលជំនួយ ស្មើនឹងប្រមាណ 40%នៃទីតាំងបណ្តាញសរុបរបស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមនេះចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ស្របពេលដែលបណ្តាញរបស់ក្រុមហ៊ុនបន្តពង្រីកវិសាលភាពរបស់ខ្លួនក្នុងការតភ្ជាប់។
Smart ប្តេជ្ញាបន្តផ្សារភ្ជាប់កំណើនអាជីវកម្មជាមួយនឹងការធ្វើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវចំពោះបរិស្ថាន ការលើកកម្ពស់បរិយាបន្នឌីជីថល និងការបង្កើតផលវិជ្ជមានរយៈពេលវែងដល់សង្គម។

ឆ្ពោះទៅមុខ៖ ដៃគូរយៈពេលវែងក្នុងការរីកចម្រើនរបស់កម្ពុជា
ខណៈដែលកម្ពុជាបន្តការវិវត្តក្នុងវិស័យឌីជីថលរបស់ខ្លួន Smart នឹងបន្តផ្តោតលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួនប្រាំដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមាន៖ ការពង្រឹងបណ្តាញតភ្ជាប់ទូរសព្ទ និងការលើកកម្ពស់បទពិសោធន៍អតិថិជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្ថែម និងតាមរយៈ SmartInfra ការពង្រឹងដំណោះស្រាយ ICT សម្រាប់សហគ្រាស ការអភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍ ព្រមទាំងការពង្រឹងទំនុកចិត្តឌីជីថល និងលើកកម្ពស់ចីរភាព។
Smart ជឿជាក់ថា អាទិភាពយុទ្ធសាស្ត្រទាំងនេះនឹងចូលរួមឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់សេវាតភ្ជាប់ដែលមានស្ថិរភាព សេវាកម្មឌីជីថលប្រកបដោយសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងជួយគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសក្នុងរយៈពេលវែង។
នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន លោក Ritesh Kumar Singh បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Smart ដោយមានប្រសាសន៍ថា៖
«មហិច្ឆតារបស់យើង មិនមែនគ្រាន់តែជាក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ការតភ្ជាប់ដល់ប្រជាជនប៉ុណ្ណោះទេ។ យើងចង់ក្លាយជាដៃគូបច្ចេកវិទ្យាដែលមានទំនុកចិត្ត និងជឿទុកចិត្តបាន ដែលចូលរួមជួយឱ្យកម្ពុជារីកចម្រើន។ នេះមានន័យថា យើងនឹងបន្តវិនិយោគលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអាជីវកម្មរបស់យើង ស្របពេលជាមួយនឹងការកសាងសមត្ថភាពថ្មីៗ ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ យើងមានជំនឿយ៉ាងមុតមាំលើប្រទេសកម្ពុជា ប្តេជ្ញាបម្រើអតិថិជនរបស់យើង និងប្តេជ្ញាចូលរួមចំណែកយ៉ាងមានអត្ថន័យក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ នៅពេលដែលប្រទេសកម្ពុជាបន្តឆ្ពោះទៅមុខ Smart ក៏នឹងបន្តរីកចម្រើនទៅមុខជាមួយប្រទេសកម្ពុជាផងដែរ»។

អំពី Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជាង 8 លាននាក់។ ចាប់តាំងពីឆ្នាំ 2008 មក Smart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើសេវាតភ្ជាប់បណ្តាញទូរស័ព្ទ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សេវាកម្មឌីជីថលប្រកបដោយនវានុវត្តន៍ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស។
ជាមួយនឹងការពង្រីកវិសាលភាពបណ្តាញ 5G និងការពង្រឹងសមត្ថភាពផ្តល់ដំណោះស្រាយ ICT ជាបន្តបន្ទាប់ Smart ប្តេជ្ញាផ្តល់សេវាតភ្ជាប់ដែលមានស្ថិរភាព និងភាពជឿជាក់ ជួយជំរុញការរីកចម្រើនផ្នែកឌីជីថលរបស់អាជីវកម្ម និងបង្កើតឱកាសឌីជីថលប្រកបដោយអត្ថន័យសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ីក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា និងជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី Smart ប្រកាន់ខ្ជាប់អភិបាលកិច្ចល្អ ការអនុវត្តល្អបំផុតតាមស្តង់ដារអន្តរជាតិ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ នវានុវត្តន៍ និងចីរភាព។ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ Smart នឹងបន្តចូលរួមគាំទ្រមហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដែលមានការតភ្ជាប់កាន់តែទូលំទូលាយ ប្រកបដោយបរិយាបន្ន និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។

