មិនព្រួយអស់លុយបង់ CapCut Pro! ឥឡូវនេះ Instagram នាំកម្មវិធីកាត់តវីដេអូនេះ ដាក់ឱ្យប្រើហ្វ្រីលើកុំព្យូទ័រ
Touch Soriya
•
NOVEMBER 6 2026
•
គន្លឹះល្អៗ
•
185 views
•
3 mins read
•

Instagram បានដាក់ឱ្យប្រើកម្មវិធីកាត់តវីដេអូ Edits នៅលើកុំព្យូទ័រ Mac ដើម្បីឱ្យអ្នកបង្កើតមាតិកាអាចកាត់តវីដេអូបានកាន់តែងាយស្រួល។ ការពង្រីកកម្មវិធី Edits ទៅកាន់កុំព្យូទ័រនេះ នឹងធ្វើឱ្យមុខងារមួយនេះរបស់ Instagram កាន់តែមានភាពប្រកួតប្រជែងជាមួយ CapCut ដែលជាកម្មវិធីកាត់តវីដេអូរបស់ក្រុមហ៊ុន ByteDance ផងដែរ។

060

តាមការបញ្ជាក់របស់សារព័ត៌មាន TechCrunch កម្មវិធី Edits នៅលើកុំព្យូទ័រនេះ គឺត្រូវបានរចនាឡើងសម្រាប់កាត់តវីដេអូមានភាពស្មុកស្មាញ និងឃ្លីបបញ្ជូលគ្នា ដោយអ្នកប្រើប្រាស់អាចប្រើអេក្រង់ធំ Mouse និង Keyboard ដើម្បីគ្រប់គ្រងការកាត់តបានកាន់តែងាយស្រួល ប៉ុន្តែ CapCut វិញ មានកំណែទម្រង់នេះ សម្រាប់កុំព្យូទ័រ Windows និង Mac តាំងពីឆ្នាំ២០២១ មកម្ល៉េះ។

សម្រាប់កម្មវិធី Edits នៅលើកុំព្យូទ័រ គឺមាន Multi-track Timeline ដែលអាចដាក់ Video Tracks និង Audio Tracks ជាច្រើន មុខងារ Keyframes និង Audio Waveforms ដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងការកាត់តវីដេអូ និងសំឡេងបានកាន់តែច្បាស់លាស់។ កម្មវិធីនេះ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Import ពុម្ពអក្សរផ្ទាល់ខ្លួន និងកំណត់ Keyboard Shortcuts តាមតម្រូវការផងដែរ។ Edits ក៏គាំទ្រការកាត់តវីដេអូទាំងទម្រង់ដេក (Horizontal) និងបញ្ឃរ (Vertical) ព្រមទាំងអាច Export វីដេអូក្នុងកម្រិតច្បាស់ 4K ដោយគ្មាន Watermark។ 

061

លើសពីនេះ កម្មវិធី Edits ក៏មាន Music Library ដែលផ្តល់ជម្រើសបទចម្រៀងមានអាជ្ញាបណ្ណប្រើប្រាស់ និងតន្ត្រីប្រភេទ Royalty-free ព្រមទាំង Sound Effects និង Video Effects និងមុខងារ Automatic Captions ជាច្រើនភាសា។ ចំណែក Audio Styles និង Text Styles ដែលអ្នកប្រើប្រាស់បានរក្សាទុកនៅក្នុងកម្មវិធី Edits លើទូរស័ព្ទ ក៏អាចប្រើនៅលើកុំព្យូទ័របានដូចគ្នា។

062

បន្ថែមពីលើសមត្ថភាពកាត់ត អ្នកប្រើប្រាស់ក៏អាច Upload វីដេអូពីកុំព្យូទ័រទៅ Instagram ដោយផ្ទាល់ រួមទាំងអាច Tag គណនីផ្សេងៗ និងបន្ថែម Location នៅពេលបង្ហោះបានផងដែរ ដែលមុខងារនេះ អាចជួយឱ្យលោកអ្នកចំណេញពេលវេលាក្នុងការបង្ហោះវីដេអូ។ លោក Brett Westervelt ប្រធានកម្មវិធី Edits បានលើកឡើងថា អ្នកបង្កើតមាតិកាមួយចំនួន តែងតែជួបបញ្ហាដូចៗគ្នា នៅពេល Project កាត់តរបស់ពួកគេមានភាពស្មុគស្មាញខ្លាំង ក្នុងការកាត់តលើទូរស័ព្ទ ដូចជាការកាត់ត Clips ជាច្រើន និងការកំណត់ចំណុចស៊ីគ្នានឹងចង្វាក់ភ្លេង។

ជាមួយគ្នានេះ Instagram គ្រោងនឹងបញ្ចេញ Updates ថ្មីៗជារៀងរាល់សប្តាហ៍ ដើម្បីបន្តកែលម្អ Edits នៅលើកុំព្យូទ័រ។ ក្រុមហ៊ុន ក៏កំពុងអភិវឌ្ឍមុខងារ Cross-device Editing ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បន្តកាត់ត Project វីដេអូតែមួយបានទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទ។ គួរបញ្ជាក់ថា Instagram នឹងបន្តអភិវឌ្ឍកម្មវិធី Edits នៅលើទូរស័ព្ទផងដែរ ខណៈក្រុមហ៊ុនបានឱ្យដឹងថា បច្ចុប្បន្នមានអ្នកបង្កើតមាតិកាជាង ៥០ លាននាក់កំពុងប្រើប្រាស់កម្មវិធី Edits នេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia