អ្នកដែលចង់ពង្រឹងសមត្ថភាពលើការធ្វើអាជីវកម្ម ការធ្វើសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ពេលនេះអាចស្វែងយល់ និងរៀនជំនាញទាំងនេះបាន ដោយឥតគិតថ្លៃ តាមរយៈអនឡាញ ក្នុងកម្មវិធី YSEALI Learns ដែលផ្តល់វគ្គសិក្សាជាវីដេអូ និងអាចឱ្យលោកអ្នករៀនបានគ្រប់ពេលវេលា ព្រមទាំងទទួលបាន E-Certificate ក្រោយបញ្ចប់វគ្គសិក្សាទៀតផង។

កម្មវិធីនេះផ្តល់វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងជាពិសេស ដោយមានការចូលរួមពីសាស្ត្រាចារ្យសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក និងអ្នកជំនាញតាមវិស័យ។ ចំពោះ ខ្លឹមសារសិក្សាផ្តោតលើ Leadership, Business and Entrepreneurship, Civic Leadership និង Public Management ដើម្បីជួយឱ្យអ្នកសិក្សាអាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងការងារ និងការអភិវឌ្ឍគម្រោងរបស់ខ្លួន។
តាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ YSEALI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បច្ចុប្បន្ន YSEALI Learns មានវគ្គសិក្សាចំនួន ៦ មុខ ដែលគ្របដណ្តប់លើជំនាញផ្សេងៗគ្នាដូចជា៖
១. Fundamentals of Starting and Running a Business: បង្រៀនពីមូលដ្ឋានគ្រឹះនៃការបង្កើត និងគ្រប់គ្រងអាជីវកម្ម ចាប់ពីការរៀបចំផែនការអាជីវកម្ម ការស្វែងរក និងពង្រីកទីផ្សារ រហូតដល់ការធ្វើបទបង្ហាញសំណើអាជីវកម្មទៅកាន់វិនិយោគិន។
២. Fundamentals of Business Expansion: ផ្តោតលើការពង្រីកអាជីវកម្ម ដោយបង្រៀនពីរបៀបស្វែងរកទុន និងប្រើប្រាស់ Business Model ដើម្បីវាយតម្លៃទីផ្សារថ្មីៗ និងស្វែងរកឱកាសពង្រីកអាជីវកម្ម។

៣. Developing, Mentoring and Supporting Youth Leadership: បង្ហាញពីវិធីសាស្ត្រអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន ការណែនាំ និងគាំទ្រយុវជន ព្រមទាំងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការគ្រប់គ្រងជម្លោះ។
៤. Strategies for Personal Growth and Development: បង្ហាញពីយុទ្ធសាស្ត្រផ្សេងៗក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន អាជីវកម្ម និងអង្គភាព ដើម្បីជំរុញការរីកចម្រើន។

៥. Fundraising Concepts: បង្រៀនពីគោលការណ៍នៃការប្រមូលមូលនិធិ រួមមានការរៀបចំផែនការប្រមូលទុន យុទ្ធសាស្ត្រទីផ្សារ និងការទំនាក់ទំនង ព្រមទាំងភាពខុសគ្នានៃការប្រមូលមូលនិធិសម្រាប់អង្គការមិនរកប្រាក់ចំណេញ និងអាជីវកម្មដែលរកប្រាក់ចំណេញ។
៦. Community Journalism: Basic Principles for Effective Storytelling: ផ្តោតលើគោលការណ៍សារព័ត៌មានសហគមន៍ ការប្រមូលព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន ការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិធីសាស្ត្ររៀបរាប់រឿងរ៉ាវឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអ្នក ក៏អាចជ្រើសរើសរៀនដោយខ្លួនឯង ឬរៀនជាក្រុម ហើយវគ្គសិក្សាទាំងអស់ គឺប្រើប្រាស់ភាសាអង់គ្លេស។ ចំពោះ អ្នកដែលចាប់អារម្មណ៍ អាចចូលទៅកាន់តំណភ្ជាប់ https://asean.usmission.gov/online-courses/ ដើម្បីចូលរៀន និងស្វែងយល់បន្ថែមពីវគ្គសិក្សានីមួយៗ។

