មិនមែនត្រឹមតែប្រើ! រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចង់ឃើញស្ត្រីក្លាយជាអ្នកបង្កើត និងដឹកនាំវិស័យ AI
Touch Soriya
•
NOVEMBER 17 2026
•
ឌីជីថល
•
20 views
•
2 mins read
•

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ចង់ឃើញស្ត្រីមានតួនាទីកាន់តែសំខាន់ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដោយមិនត្រឹមតែជាអ្នកប្រើប្រាស់ ឬអ្នកទទួលផលពីបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាអ្នកបង្កើតថ្មី អ្នកវិនិយោគ និងអ្នកដឹកនាំវិស័យនេះផងដែរ។

107

ក្នុងកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ ស្តីពី AI បច្ចេកវិទ្យាថ្មីៗ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍ Francotech 2026 នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍ថា ស្ត្រីត្រូវមានឱកាសចូលរួមក្នុងគ្រប់ដំណាក់កាលនៃវិស័យបច្ចេកវិទ្យា ចាប់ពីការបង្កើតថ្មី ការធ្វើជាម្ចាស់ ការវិនិយោគ រហូតដល់ការគ្រប់គ្រង និងការដឹកនាំ។

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ការបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនគ្រាន់តែជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាផងដែរ។ ទោះជាកម្ពុជាបានបង្កើតមូលដ្ឋានគ្រឹះសំខាន់ៗក្នុងការលើកកម្ពស់ការអប់រំរបស់ស្ត្រី និងក្មេងស្រីក៏ដោយ ក៏គម្លាតក្នុងការចូលរួមសិក្សាមុខជំនាញបច្ចេកវិទ្យានៅតែមាន។ 

108

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានបង្ហាញថា ស្ត្រីមានចំនួនត្រឹមតែ ១៧% ប៉ុណ្ណោះ នៃនិស្សិតថ្នាក់ឧត្តមសិក្សាដែលសិក្សាលើមុខជំនាញ STEM នៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា បញ្ហាប្រឈមសំខាន់មិនមែនស្ថិតនៅលើសមត្ថភាពរបស់ស្ត្រីក្នុងការសិក្សានោះទេ ប៉ុន្តែគឺការប្រែក្លាយវឌ្ឍនភាពផ្នែកអប់រំទៅជាជំនាញ STEM អាជីពក្នុងវិស័យ AI ការស្រាវជ្រាវ នវានុវត្តន៍ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។

109

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានសង្កត់ធ្ងន់ថា ការការពារស្ត្រីពីហានិភ័យនៃបច្ចេកវិទ្យាតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែស្ត្រីក៏ត្រូវមានអំណាចចូលរួមកំណត់ថា តើបច្ចេកវិទ្យា AI ត្រូវបានរចនា អភិវឌ្ឍ ដាក់ឱ្យប្រើប្រាស់ និងគ្រប់គ្រងដោយរបៀបណា។ ក្នុងនោះ លោកជំទាវ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរពីការផ្តោតតែលើការការពារស្ត្រី ទៅជាការផ្តល់ឱកាស សិទ្ធិបញ្ចេញមតិ និងអំណាចក្នុងការសម្រេចចិត្ត ដើម្បីឱ្យស្ត្រីអាចចូលរួមកំណត់គោលបំណង ស្តង់ដារ និងវិធានការការពារសម្រាប់ AI៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia