ដំណឹងល្អសម្រាប់ Creators! YouTube នឹងអនុញ្ញាតឱ្យប្រើរូបរាង AI របស់អ្នកផលិតវីដេអូ Shorts ដោយមិនបាច់ចេញមុខកាមេរ៉ា
Khunna - ឃុនណា
JANUARY 22 2026
ឌីជីថល
271 views
2 mins read

YouTube គ្រោងនឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ថ្មីដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកា (Creators) ផលិតវីដេអូ Shorts ដោយប្រើ "រូបរាង និងសំឡេង AI" ជំនួសខ្លួនគេផ្ទាល់បាន។ លោក Neal Mohan នាយកប្រតិបត្តិ YouTube បានបញ្ជាក់ថា ក្រៅពីការបង្កើតវីដេអូ អ្នកប្រើប្រាស់ក៏អាចប្រើ AI ដើម្បីបង្កើតហ្គេម និងតន្ត្រីតាមរយៈពាក្យបញ្ជាសាមញ្ញៗផងដែរ។ លោកបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះគឺជា "ឧបករណ៍ជំនួយ" ដល់ការច្នៃប្រឌិតរបស់មនុស្ស មិនមែនជាការមកជំនួសមនុស្សទាំងស្រុងនោះទេ។

YouTube Shorts

ទន្ទឹមនឹងការអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាប្រើប្រាស់ "រូបរាង AI" ផ្ទាល់ខ្លួនក្នុងវីដេអូ ក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Google មួយនេះក៏ទើបតែបានដាក់ឱ្យដំណើរការបច្ចេកវិទ្យាដើម្បី ការពារអ្នកដទៃមិនឱ្យយកវាទៅប្រើប្រាស់ ផងដែរ។ 

កាលពីខែតុលាឆ្នាំមុន YouTube បានបញ្ចេញបច្ចេកវិទ្យា "រកស្វែងរូបរាង" (Likeness-detection technology) ដល់អ្នកបង្កើតមាតិកាដែលគ្រប់លក្ខខណ្ឌ ដើម្បីកំណត់អត្តសញ្ញាណមាតិកាដែលបង្កើតដោយ AI ដែលយកទម្រង់មុខ ឬសំឡេងរបស់ពួកគេទៅប្រើ។ បន្ទាប់មក អ្នកបង្កើតមាតិកាអាចស្នើសុំឱ្យលុបមាតិកាដែលបង្កើតដោយ AI ទាំងនោះចេញបាន។

YouTube AI Likeness Creator Shorts 1296x700

វីដេអូ Shorts ដែលលោក Mohan បានបញ្ជាក់ថា បច្ចុប្បន្នមានការទស្សនាជាមធ្យម ២០០ ប៊ីលានដងក្នុងមួយថ្ងៃ គឺជាទម្រង់មាតិកាដ៏ពេញនិយមបំផុតមួយរបស់ YouTube។ ក្រុមហ៊ុននៅតែបន្តវិនិយោគលើ Shorts ដើម្បីរក្សាចំនួនអ្នកទស្សនារបស់ខ្លួន។ ទោះបីជា YouTube មិនទាន់បានចែករំលែកព័ត៌មានលម្អិតបន្ថែមអំពី "រូបរាង AI" នេះក៏ដោយ ប៉ុន្តែសមត្ថភាពថ្មីនេះនឹងមកបង្គ្រប់បន្ថែមលើឧបករណ៍ AI ដែលមានស្រាប់សម្រាប់ Shorts រួមមាន៖ ការបង្កើតឃ្លីបវីដេអូ AI, ស្លាកសញ្ញា (Stickers) AI, ការបញ្ចូលសំឡេងស្វ័យប្រវត្តិ (Auto-dubbing) AI និងមុខងារផ្សេងៗទៀត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia