នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវរបស់ Google និង Google DeepMind បានប្រកាសបើកសម្ពោធ «វិទ្យាស្ថាន DeepMind» (DeepMind Institute) ជាផ្លូវការ ក្នុងគោលបំណងជំរុញ និងបើកទូលាយការពិភាក្សាជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទៅ (AGI)។ ស្ថាប័នថ្មីនេះ ដឹកនាំដោយលោក Shane Legg (ស្ថាបនិកជាន់ខ្ពស់ DeepMind), លោក James Manyika (នាយកប្រតិបត្តិ Google) និងលោក Demis Hassabis (ប្រធាន Google DeepMind)។ វិទ្យាស្ថាននេះបង្កើតឡើងដើម្បីប្រមូលផ្តុំទស្សនៈខុសៗគ្នារវាងអ្នកជំនាញ Google និងសហគមន៍ស្រាវជ្រាវសកល ដោយផ្តោតលើការផ្លាស់ប្តូរមតិយោបល់ទៅតាមការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យា ហើយនៅក្នុងការបើកឆាកដំបូង វិទ្យាស្ថានបានបញ្ចេញអត្ថបទស្រាវជ្រាវចំនួន ៤ ផ្តោតលើគោលនយោបាយសេដ្ឋកិច្ច ភាពខុសគ្នានៃការគិតរបស់ AI គោលការណ៍ចវកម្មមនុស្សជាតិ និងក្របខ័ណ្ឌវាយតម្លៃ AI កម្រិតខ្ពស់។

នៅក្នុងអត្ថបទស្រាវជ្រាវមួយ អ្នកស្រាវជ្រាវសុវត្ថិភាព Rohin Shah និង Anca Dragan បានលើកឡើងពីបញ្ហាប្រឈមនៃ «ភាពមិនច្បាស់លាស់នៃការគិតរបស់ AI» ដែលធ្វើឱ្យគេពិបាកតាមដានជំហាននៃការពិចារជារបស់វា។ ពួកគាត់បានស្នើឱ្យអ្នកអភិវឌ្ឍន៍ និងអាជ្ញាធរគ្រប់គ្រងកំណត់ដែនកំណត់លើការគណនាស្មុគស្មាញដែលគ្មានដាន (Opaque serial depth) ឬតម្រូវឱ្យក្រុមហ៊ុនបង្ហាញថាប្រព័ន្ធ AI របស់ខ្លួននៅតែអាចត្រួតពិនិត្យបានទោះជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ លោក Demis Hassabis បានស្នើឱ្យបង្កើតស្ថាប័នស្តង់ដារ AI ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងវាយតម្លៃម៉ូឌែល AI កម្រិតខ្ពស់ មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ រហូតដល់អាចឈានទៅរកការបង្កើតការតេស្តសម្ងាត់ ដើម្បីការពារកុំឱ្យក្រុមហ៊ុនបង្កើត AI តម្រូវតាមតែវិញ្ញាសាដែលបានដឹងមុន។

ការចេញផ្សាយអត្ថបទទាំងនេះ បានធ្វើឡើងចំពេលដែលការដេញដោលអំពីសុវត្ថិភាព AI ក្នុងឧស្សាហកម្មបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរពីការបារម្ភទូទៅ មកជាការស្នើឡើងនូវវិធានការជាក់ស្តែង ដូចជាការបើកចំហព័ត៌មាន ការត្រួតពិនិត្យពីខាងក្រៅ និងការប្រុងប្រយ័ត្នខ្ពស់។ ការផ្លាស់ប្តូរនេះរឹតតែមានទម្ងន់បន្ថែមទៀត បន្ទាប់ពីថ្នាក់ដឹកនាំប្រជាប្រិយជាច្រើនរូបក្នុងវិស័យ AI បានចេញមុខគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthropic ដែលបានអំពាវនាវឱ្យមានការបន្ថយល្បឿន ឬសម្រួលចង្វាក់ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដើម្បីធានាសុវត្ថិភាពជាចម្បង។
