យោងតាមអង្គការសហប្រជាជាតិ (UN) នៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសពីកិច្ចសហការជាមួយក្រុមហ៊ុន Google ក្នុងការបង្កើតប្រព័ន្ធទិន្នន័យថ្មីមួយមានឈ្មោះថា «UN System Data Commons» ដើម្បីជំនួសឱ្យគេហទំព័រទិន្នន័យចាស់។ ប្រព័ន្ធថ្មីនេះត្រូវបានអភិវឌ្ឍឡើងនៅលើបច្ចេកវិទ្យា Open-source Data Commons របស់ Google ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យស្ថិតិសកលដោយប្រើប្រាស់ភាសាធម្មតា។ លើសពីនេះ ប្រព័ន្ធនេះបានទ្រទ្រង់បច្ចេកវិទ្យា Model Context Protocol ដែលជួយឱ្យប្រព័ន្ធ AI អាចភ្ជាប់ទំនាក់ទំនង និងទាញយកទិន្នន័យផ្លូវការពីស្ថាប័ន UN មកប្រើប្រាស់ដោយផ្ទាល់ និងមានប្រសិទ្ធភាព។

ការសម្រេចចិត្តធ្វើទំនើបកម្មនេះ បានធ្វើឡើងបន្ទាប់ពីការសិក្សាស្រាវជ្រាវមួយរបស់អង្គភាព UNICEF ទៅលើម៉ូឌែល AI ល្បីៗ (ដូចជា GPT-4o, Claude Sonnet 4.5, និង Gemini 2.5 Flash) បានបង្ហាញថា AI ឆ្លើយសំណួរបានត្រឹមត្រូវតែ ២១.២% ប៉ុណ្ណោះ លើការសាកល្បងជាង ១៣៣,០០០ សំណួរជុំវិញសូចនាករអភិវឌ្ឍន៍សកល។ ប្រភពពី UNICEF បានបញ្ជាក់ថា AI ភាគច្រើនជួបប្រទះបញ្ហាក្នុងការផ្តល់លេខស្ថិតិជាក់លាក់ ហើយជារឿយៗតែងតែផ្តល់ចម្លើយខុសៗគ្នា ទោះជាសួរដដែលលើម៉ូឌែលដដែលក៏ដោយ ដែលបញ្ហានេះធ្វើឱ្យការប្រើប្រាស់ AI ទាញយកទិន្នន័យផ្លូវការនៅមានកម្រិត និងខ្វះភាពជាក់លាក់។

ទោះបីជា AI នៅមានកម្រិតក្នុងការផ្តល់ទិន្នន័យត្រឹមត្រូវក៏ដោយ ប៉ុន្តែចំនួនអ្នកប្រើប្រាស់ដែលចូលមកកាន់គេហទំព័ររបស់ UNICEF តាមរយៈការចុចតំណភ្ជាប់ចេញពី AI Assistants មានការកើនឡើងយ៉ាងខ្លាំង។ ការចូលមើលគេហទំព័រ UNICEF តាមរយៈ ChatGPT បានកើនឡើង ៦៧% បើប្រៀបធៀបនឹងឆ្នាំមុន ហើយបច្ចុប្បន្នការចូលទស្សនាពីកម្មវិធី AI ផ្សេងៗមានប្រមាណ ១០% នៃអ្នកចូលទស្សនាសរុប។ កត្តានេះហើយដែលជំរុញឱ្យ UN ត្រូវតែរៀបចំប្រព័ន្ធទិន្នន័យរបស់ខ្លួនឱ្យមានរបៀបរៀបរយ ដើម្បីធានាថាប្រព័ន្ធ AI អាចទទួលបានព័ត៌មានប្រកបដោយទុកចិត្ត និងភាពត្រឹមត្រូវខ្ពស់សម្រាប់សាធារណជន។
