ប្លែកពីក្រុមហ៊ុនដទៃ ដែលផ្តល់ថ្ងៃឈប់សម្រាកឱ្យបុគ្គលិកសម្រាប់សម្រាកលំហែកាយ ឬចំណាយពេលជាមួយគ្រួសារ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ប្រទេសស្វីស គឺ Logitech បានបង្កើតគំនិតផ្តួចផ្តើមថ្មីមួយឈ្មោះថា «Logi Game Day» ដោយផ្តល់ថ្ងៃឈប់សម្រាកពិសេសមួយថ្ងៃដល់បុគ្គលិកប្រមាណ ៧,០០០ នាក់ ដើម្បីលេងហ្គេមដែលខ្លួនចូលចិត្តដោយមិនចាំបាច់បារម្ភពីការងារ។

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ គំនិតផ្តួចផ្តើមថ្មីនេះ អនុវត្តចំពោះបុគ្គលិកទាំងអស់របស់ Logitech ដោយមិនប្រកាន់ថាជាបុគ្គលិកពេញម៉ោង ឬបុគ្គលិកហាត់ការឡើយ ហើយការផ្តល់ថ្ងៃឈប់សម្រាកនេះ ជាកម្មវិធី Game Day លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនផងដែរ។ អ្វីដែលពិសេសនោះ គឺបុគ្គលិកមិនត្រូវបានកំណត់ឱ្យលេងហ្គេមតែមួយប្រភេទនោះទេ។
ពួកគេ អាចជ្រើសរើសលេងហ្គេមដែលខ្លួនពេញចិត្ត ដូចជា GTA VI, Call of Duty Modern Warfare 4 ឬ Forza ជាដើម។ គំនិតដែលធ្វើឱ្យមាន Logi Game Day នេះ គឺកើតឡើងស្របពេលដែលហ្គេម GTA VI កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងគ្រោងចេញនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

លោកស្រី Hanneke Faber នាយកប្រតិបត្តិ (CEO) របស់ Logitech បានលើកឡើងថា ការធ្វើបែបនេះ គឺមកពីក្រុមហ៊ុនចង់លុបបំបាត់គំនិតចាស់ចេញដែលថា ការលេងហ្គេម ជាការខ្ជះខ្ជាយពេលវេលា។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានមើលឃើញថា ការលេងហ្គេមអាចជួយគាំទ្រដល់សមត្ថភាពការងារ និងការអភិវឌ្ឍជំនាញរបស់មនុស្សបានផងដែរ។

ក្នុងនោះ Logitech ក៏បានលើកឡើងពីលទ្ធផលសិក្សារបស់ខ្លួនដែលបង្ហាញថា អ្នកលេងហ្គេមចំនួន ៨១% បានជឿថា ការលេងហ្គេមគឺជួយបង្កើនទំនុកចិត្តក្នុងជីវិតពិត កាត់បន្ថយការថប់បារម្ភ និងមានទំនាក់ទំនងជាមួយនឹងសមត្ថភាពបំពេញការងារប្រចាំថ្ងៃកាន់តែប្រសើរ។

