មិនគួរឱ្យជឿ! ផ្តើមចេញពីក្រុមហ៊ុន AI តូចមួយ ទៅជាក្រុមហ៊ុនត្រៀមលក់ភាគហ៊ុនរហូតដល់ ៦១ ពាន់លានដុល្លារ
Touch Soriya
•
NOVEMBER 13 2026
•
ឌីជីថល
•
29 views
•
3 mins read
•

ផ្តើមពីមន្ទីរពិសោធន៍ស្រាវជ្រាវ AI តូចមួយដែលមិនសូវមានអ្នកស្គាល់កាលពីឆ្នាំ២០២១ ពេលនេះ Anthropic ដែលជាក្រុមហ៊ុនបង្កើត AI Assistant ឈ្មោះ Claude កំពុងឈានទៅរកការចូលផ្សារហ៊ុនជាសាធារណៈ (IPO) ដ៏ធំមួយ ដែលអាចមានទំហំទឹកប្រាក់ជាង ៦១ពាន់លានដុល្លារ និងតម្លៃក្រុមហ៊ុនប៉ាន់ប្រមាណ ១.៣ទ្រីលានដុល្លារ។

093

បើតាមឯកសារដែលក្រុមហ៊ុនបានដាក់ជូនគណៈកម្មការមូលបត្រអាមេរិក (SEC) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ Anthropic គ្រោងលក់ភាគហ៊ុនចំនួន ៨២៥លានហ៊ុន ក្នុងតម្លៃចន្លោះពី ៧០ ទៅ ៧៨ដុល្លារក្នុងមួយហ៊ុន។ ប្រសិនបើតម្លៃត្រូវបានកំណត់នៅចំណុចកណ្ដាល គឺ ៧៤ដុល្លារក្នុងមួយហ៊ុន ការលក់ភាគហ៊ុនទាំងនេះអាចមានទំហំទឹកប្រាក់សរុបជាង ៦១ពាន់លានដុល្លារ។

Anthropic បានចាប់ផ្តើមដំណើររបស់ខ្លួន បន្ទាប់ពីលោក Dario Amodei ដែលបច្ចុប្បន្នជាសហស្ថាបនិក និង CEO របស់ក្រុមហ៊ុន បានចាកចេញពី OpenAI នៅឆ្នាំ២០២០ ជាមួយប្អូនស្រីរបស់លោក គឺអ្នកស្រី Daniela Amodei និងបុគ្គលិកជាន់ខ្ពស់មួយចំនួនទៀត។ លោក Dario ធ្លាប់ជាប្រធានផ្នែកស្រាវជ្រាវ (Vice President of Research) នៅ OpenAI និងធ្លាប់ធ្វើការជា Senior Research Scientist នៅ Google Brain ផងដែរ។

094

លោក Dario Amodei ជា CEO របស់ក្រុមហ៊ុន Anthropic

ការចាកចេញរបស់លោកនេះ គឺត្រូវបានផ្សារភ្ជាប់នឹងការព្រួយបារម្ភអំពី AI Safety និងទិសដៅអភិវឌ្ឍន៍ AI។ នៅខែមករា ឆ្នាំ២០២១ លោក Dario និងអ្នកស្រី Daniela រួមជាមួយអតីតបុគ្គលិក OpenAI ៥នាក់ទៀត បានបង្កើត Anthropic ជាក្រុមហ៊ុនប្រភេទ Public Benefit Corporation ដែលផ្តោតលើការអភិវឌ្ឍ AI ប្រកបដោយសុវត្ថិភាព និងទទួលខុសត្រូវ។

ក្រោយមកទៀត Anthropic បានអភិវឌ្ឍ Claude និងជ្រើសរើសផ្តោតខ្លាំងទៅលើ Coding និងវិស័យអាជីវកម្ម (Enterprise) ជាជាងផ្តោតលើអ្នកប្រើប្រាស់ទូទៅ។ ផលិតផលដូចជា Claude Code និង Claude Cowork បានជួយឱ្យក្រុមហ៊ុនពង្រីកអតិថិជនអាជីវកម្ម និងអាចប្រកួតប្រជែងជាមួយ OpenAI កាន់តែខ្លាំងឡើង។

095

ក្រុមហ៊ុនទាំងពីរ មិនត្រឹមតែប្រជែងគ្នាលើសមត្ថភាព AI Models ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជែងដណ្តើមអតិថិជនអាជីវកម្ម និងទីផ្សារបច្ចេកវិទ្យា AI ផងដែរ។ យោងតាមឯកសារ S-1 ដែល Anthropic ដាក់ជូន SEC គឺក្នុងនោះក្រុមហ៊ុន Anthropic រកចំណូលបាន ៣៣.២ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងពី ២.៥ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបង្ហាញពីកំណើនចំណូលយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។

ទោះជាយ៉ាងណា ក្រុមហ៊ុន នៅតែប្រឈមនឹងការចំណាយខ្ពស់លើ Compute និង Infrastructure សម្រាប់អភិវឌ្ឍ និងដំណើរការ AI Models។ ឯកសារដដែលបង្ហាញថា Anthropic មាន Operating Loss ចំនួន ១.៣ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦។ ក្រៅពីបញ្ហាហិរញ្ញវត្ថុនេះ លោក Dario Amodei ក៏បានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការអភិវឌ្ឍ AI ដោយអំពាវនាវឱ្យឧស្សាហកម្មនេះបន្ថយល្បឿនខ្លះ ដើម្បីទុកពេលឱ្យវិធានការសុវត្ថិភាពអាចអភិវឌ្ឍតាមទាន់បច្ចេកវិទ្យា។ 

096

លោកបានព្រមានថា AI កាន់តែទំនើបអាចបង្កហានិភ័យធ្ងន់ធ្ងរ ប្រសិនបើគ្មានការត្រួតពិនិត្យ និងវិធានការការពារសមស្រប។ ជាមួយគ្នានេះ ការត្រៀមចូលផ្សារហ៊ុនរបស់ Anthropic បានកើតឡើងក្នុងពេលវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យAI និង Data Centers។ ប្រសិនបើ IPO នេះទទួលបានជោគជ័យ វានឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ឧស្សាហកម្ម AI និងអាចជាសញ្ញាបង្ហាញផ្លូវសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា AI ផ្សេងទៀត រួមទាំងគូប្រជែង OpenAI ក្នុងការពិចារណាចូលផ្សារហ៊ុននាពេលខាងមុខ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia