ក្រុមហ៊ុនបច្ចេកវិទ្យា HONOR បានប្រកាសជាផ្លូវការហើយថា តារាចិន Ju Jingyi គឺជា Brand Ambassador របស់ស្មាតហ្វូន HONOR 700 Series ខណៈក្រុមហ៊ុនក៏បានកំណត់ថ្ងៃសម្ពោធស្មាតហ្វូនស៊េរីថ្មីនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Wuhan ប្រទេសចិន។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ HONOR បានស្វាគមន៍ Ju Jingyi ក្នុងនាមជា Brand Ambassador របស់ HONOR 700 Series និងបានអញ្ជើញអ្នកគាំទ្រឱ្យចូលរួមទស្សនាព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនស៊េរីនេះ ដែលនឹងបង្ហាញពីបច្ចេកវិទ្យា 4K Cinematic Live Photo ថ្មីផងដែរ។
ព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី HONOR 700 Series នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល នៅទីក្រុង Wuhan ប្រទេសចិន។ សម្រាប់ HONOR 700 Series គឺជាស្មាតហ្វូនស៊េរីថ្មីដែលមាន ៣ ម៉ូដែល រួមមាន HONOR 700, HONOR 700 Pro និង HONOR 700S។

ចំណុចពិសេសមួយរបស់ស្មាតហ្វូនស៊េរីនេះ គឺមានអេក្រង់តូចនៅផ្នែកខាងក្រោយ ដែល HONOR ហៅថា AI Dynamic Rear Screen ព្រមទាំងមានមុខងារថតរូប Selfie ដោយប្រើកាមេរ៉ាខាងក្រោយ។ លើសពីនេះ ម៉ូដែលទាំងបីក៏មានថ្មទំហំ ៩ ០០០mAh និងកាមេរ៉ាគោលទំហំ ២០០MP ផងដែរ។ យ៉ាងណាមិញ តម្លៃរបស់ HONOR 700 Series មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ដោយគេរំពឹងថា ព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការនាថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ។

