កម្ពុជា សម្រេចបានការនាំចេញផលិតផលរុក្ខជាតិជិត ១៥លានតោន នៅក្នុងឆ្នាំ២០២៥ ទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ១៧០នៅទូទាំងពិភពលោក។ ការនាំចេញដែលលេចធ្លោររបស់កម្ពុជានេះ គឺជាការពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ (SPS) ដែលជួយធានាគុណភាព និងសុវត្ថិភាពកសិផល ព្រមទាំងទទួលបានការទុកចិត្តពីផ្សារអន្តរជាតិ។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការបំពេញតម្រូវការទីផ្សារ៖ ស្តង់ដារ អនុលោមភាពអនាម័យ និងភូតគាមអនាម័យ និងការចូលទៅកាន់ទីផ្សារនៃផលិតផលកសិស្បៀងអាហាររបស់កម្ពុជា ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានបញ្ជាក់ពីតួនាទីរបស់ប្រព័ន្ធ SPS ក្នុងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ចាប់ពីដំណាក់កាលដាំដុះ រហូតដល់ការប្រមូលផល និងការនាំចេញទៅកាន់ទីផ្សារគោលដៅ។
ទន្ទឹមនឹងនេះ ប្រព័ន្ធ SPS មិនត្រឹមតែជួយការពារការឆ្លងរាលដាលនៃសត្វល្អិតចង្រៃ និងជំងឺរុក្ខជាតិទៅកាន់ប្រទេសនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ពិសេសគឺបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ដែលអាចប៉ះពាល់ដល់គុណភាពនៃផលិតផល និងការទទួលយកពីទីផ្សារអន្តរជាតិ។
លោកបណ្ឌិត កែ មុន្ធីវុធ បានបន្ថែមថា ការរៀបចំប្រព័ន្ធផលិតកម្មឱ្យមានស្តង់ដារ និងការគ្រប់គ្រងមុខទំនិញយុទ្ធសាស្ត្រសម្រាប់នាំចេញ ដូចជា ស្វាយ ចេក និងដូង ក៏ជាកត្តាគាំទ្រដល់ការពង្រីកទីផ្សារកសិផលកម្ពុជាផងដែរ។ ជាក់ស្តែង ទីតាំងវេចខ្ចប់កសិផលត្រូវបានចុះបញ្ជី និងឆ្លងកាត់ការវាយតម្លៃពីស្ថាប័នជំនាញ ដើម្បីធានាថាដំណើរការសម្អាត វេចខ្ចប់ និងរៀបចំផលិតផលអនុលោមតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់។

ក្រៅពីការពង្រឹងប្រព័ន្ធ SPS ប្រធាននាយកដ្ឋានរូបនេះ បានឱ្យដឹងថា ការជំរុញទៅលើការអនុវត្តស្តង់ដារកសិកម្មល្អ (GAP) ក៏មានសារសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិផលខ្មែរទៀតផង។ ស្តង់ដារនេះ នឹងជួយណែនាំការអនុវត្តផលិតកម្មឱ្យបានត្រឹមត្រូវ ចាប់ពីការគ្រប់គ្រងដំណាំ ការប្រើប្រាស់ធាតុចូលកសិកម្ម រហូតដល់ការប្រមូលផល ដើម្បីកាត់បន្ថយហានិភ័យ និងលើកកម្ពស់គុណភាពផលិតផល។
លោកបណ្ឌិត កែ មុន្ធីវុធ បានលើកឡើងថា អ្នកផលិតគឺជាតួអង្គសំខាន់ក្នុងខ្សែច្រវាក់នាំចេញ ពីព្រោះគុណភាពកសិផលត្រូវបានកំណត់តាំងពីដំណាក់កាលផលិតដំបូង។ ប្រសិនបើផលិតផលមិនមានគុណភាពស្របតាមស្តង់ដារតាំងពីចម្ការ នោះការកែច្នៃ និងការវេចខ្ចប់នៅដំណាក់កាលបន្ទាប់ក៏អាចប្រឈមនឹងការលំបាកក្នុងការបំពេញតាមលក្ខខណ្ឌរបស់ទីផ្សារនាំចូលដែរ។

ដើម្បីរក្សាកំណើននៃការនាំចេញ និងពង្រីកឱកាសចូលទៅកាន់ទីផ្សារថ្មីៗ កម្ពុជាត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាកសិករ ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម និងការយល់ដឹងអំពីលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូលធំៗ ដូចជា សហភាពអឺរ៉ុប និងប្រទេសចិន។ ការពង្រឹងប្រព័ន្ធ SPS ការអនុវត្តស្តង់ដារ GAP និងការលើកកម្ពស់សមត្ថភាពបច្ចេកទេសក្នុងខ្សែច្រវាក់ផលិតកម្ម គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តលើកសិផលកម្ពុជា និងបន្តជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ។


