ក្រុមហ៊ុន Google បានប្រកាសពីការបន្ថែមមុខងារ AI Search ចំនួន ៥ ចំណុច ដើម្បីជួយអ្នកប្រើប្រាស់ឱ្យងាយស្វែងរកព័ត៌មាន ប្រភពដើម និងចូលទៅកាន់គេហទំព័រដែលពាក់ព័ន្ធកាន់តែងាយស្រួលជាងមុន។ ការផ្លាស់ប្តូររបស់ Google ទៅលើមុខងារ AI Search នេះ រួមមាន ការបង្ហាញតំណភ្ជាប់ (Link) ក្នុងចម្លើយ AI ឱ្យមានភាពលេចធ្លោជាងមុន ការស្វែងរកគេហទំព័រផ្លូវការ ការបង្ហាញអត្ថបទព័ត៌មានថ្មីៗ និងការភ្ជាប់ទៅកាន់អ្នកបង្កើតមាតិកា។

បើតាមការប្រកាសរបស់ Google នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ការធ្វើបច្ចុប្បន្នភាពរបស់ Google នេះ គឺមានគោលបំណងធ្វើឱ្យអ្នកប្រើប្រាស់ អាចរកព័ត៌មានតាមរយៈ AI កាន់តែងាយស្រួល និងជួយឱ្យអ្នកប្រើប្រាស់អាចស្វែងយល់ពីប្រភពព័ត៌មានដែលខ្លួនចាប់អារម្មណ៍បានកាន់តែស៊ីជម្រៅបន្ថែមទៀត។
ចំពោះ មុខងារថ្មីដែល Google កំពុងដាក់ឱ្យប្រើ និងសាកល្បងនៅក្នុង AI Search ចំនួន ៥ នោះ មានដូចជា៖
១. បង្ហាញតំណភ្ជាប់ទៅកាន់ប្រភពព័ត៌មាននៅក្នុងចម្លើយរបស់ AI ឱ្យកាន់តែមានភាពលេចធ្លោជាងមុន
Google គឺកំពុងបង្កើនការបង្ហាញតំណភ្ជាប់ជាមួយចម្លើយរបស់ AI ដើម្បីឱ្យអ្នកប្រើប្រាស់អាចចុចចូលទៅកាន់ប្រភពព័ត៌មាន និងស្វែងយល់បន្ថែមពីប្រធានបទដែលកំពុងស្វែងរក។ ក្នុងនោះ Google ក៏កំពុងកែសម្រួលកន្លែងដែលបង្ហាញតំណភ្ជាប់ ដោយធ្វើយ៉ាងណាឱ្យតំណភ្ជាប់បង្ហាញនៅលើចម្លើយ។ ការផ្លាស់ប្តូរនេះ មានគោលបំណងធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរកប្រភពព័ត៌មាន។
២. បង្ហាញគេហទំព័រផ្លូវការដែលត្រូវនឹងអ្នកប្រើប្រាស់កំពុងត្រូវការ
ករណីអ្នកប្រើប្រាស់ កំពុងស្វែងរកគេហទំព័រផ្លូវការ ដើម្បីស្វែងរកព័ត៌មានណាមួយ Google នឹងសាកល្បងបង្ហាញតំណភ្ជាប់ទាំងនេះ ដាច់ដោយឡែកពីគ្នានៅខាងលើនៃចម្លើយរបស់ AI ដែលតំណភ្ជាប់ទាំងនោះ នឹងមានការពន្យល់បន្ថែម ដើម្បីជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលជ្រើសរើសតំណភ្ជាប់ ត្រូវជាមួយប្រធានបទកំពុងស្វែងរក។

៣. ងាយស្រួលស្វែងរកព័ត៌មានថ្មីៗ និងអត្ថបទសារព័ត៌មាន
Google កំពុងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗនូវការបង្ហាញអត្ថបទព័ត៌មានជារង្វង់ (Carousel) ក្នុងមុខងារ AI Search នៅជុំវិញពិភពលោក។ ការបង្ហាញនេះ សំដៅទៅលើការបង្ហាញអត្ថបទព័ត៌មានថ្មីៗ និងប្រភពព័ត៌មានដែលអ្នកប្រើប្រាស់ បានជ្រើសរើសតាមមុខងារ Preferred Sources។ មុខងារ Preferred Sources នេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ ជ្រើសរើសគេហទំព័រព័ត៌មានដែលខ្លួនកំពុងស្វែងរក។

៤. បង្ហាញរូបភាពជាមួយតំណភ្ជាប់ទៅកាន់អត្ថបទ
ដើម្បីសម្រួលដល់ការស្វែងរករបស់អ្នកប្រើប្រាស់ Google កំពុងកែសម្រួលជាមួយតំណភ្ជាប់ចូលទៅកាន់អត្ថបទ ដោយបន្ថែមរូបភាព ហើយមុខងារនេះ នឹងជួយឱ្យអ្នកប្រើប្រាស់អាចបន្តស្វែងរកប្រធានបទដែលខ្លួនចាប់អារម្មណ៍ ដោយចូលទៅកាន់អត្ថបទកាន់តែងាយស្រួល។

៥. អ្នកប្រើប្រាស់ចូលទៅកាន់ប្រូហ្វាល់របស់អ្នកបង្កើតមាតិកាកាន់តែងាយ
Google ក៏បានចាប់ផ្តើមសាកល្បងបង្ហាញឈ្មោះអ្នកបង្កើតមាតិកា ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចស្វែងរកវីដេអូបានកាន់តែលឿនតាមរយៈ AI Mode។ នៅពេលដែលអ្នកប្រើប្រាស់ចុចលើឈ្មោះរបស់អ្នកបង្កើតមាតិការ គឺអាចចូលទៅកាន់ប្រូហ្វាល់ស្វែងរក (Search Profiles) របស់អ្នកបង្កើតមាតិកានោះ ដើម្បីងាយស្វែងរកនូវស្នាដៃ និងមាតិកាផ្សេងៗ។

