ការសិក្សាតាមអនឡាញ បានផ្តល់ភាពងាយស្រួលដល់សិស្ស-និស្សិត និងលោកគ្រូអ្នកគ្រូ ក្នុងការចូលរៀន និងបង្រៀនពីចម្ងាយ ក្នុងការបង្កើនភាពងាយស្រួលនេះ វា ក៏អាចឱ្យអ្នកប្រឈមនឹងហានិភ័យសុវត្ថិភាពឌីជីថលមួយចំនួន ដូចជា ការលួចអត្តសញ្ញាណ ការបោកប្រាស់តាមអ៊ីម៉ែល និងការបែកធ្លាយទិន្នន័យផ្សេងៗទៀត។

ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន បានណែនាំឱ្យ សិស្ស-និស្សិត គួរចាប់ផ្តើមពង្រឹងសុវត្ថិភាពគណនី ដោយប្រើលេខសម្ងាត់រឹងមាំ និងខុសៗគ្នាសម្រាប់គណនីនីមួយៗ ព្រមទាំងបើកមុខងារផ្ទៀងផ្ទាត់សុវត្ថិភាពបន្ថែម (MFA) ដើម្បីបង្កើនការការពារគណនី ពីឧក្រិដ្ឋជនដែលអាចចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តាមរយៈលេខសម្ងាត់ខ្សោយ បណ្តាញអ៊ីនធឺណិតគ្មានសុវត្ថិភាព និងកង្វះការយល់ដឹងរបស់អ្នកប្រើប្រាស់។
លើសពីនេះ អ្នកសិក្សាគួរតែធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីនៅលើឧបករណ៍ជាប្រចាំ ព្រមទាំងប្រើកម្មវិធីកម្ចាត់មេរោគ (Antivirus) បើកមុខងារការពារ Firewall និង Encryption ដើម្បីការពារឯកសារ និងព័ត៌មានរសើបពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ចំណែកការប្រើប្រាស់អ៊ីនធឺណិតវិញ សិស្សនិស្សិតត្រូវប្រុងប្រយ័ត្នចំពោះអ៊ីម៉ែល ឬសារដែលមានតំណភ្ជាប់សង្ស័យ ព្រោះវាអាចជាល្បិចបោកប្រាស់ដើម្បីលួចយកព័ត៌មានគណនី។ ជាពិសេស នៅពេលភ្ជាប់ Wi-Fi សាធារណៈ គួរពិចារណាប្រើប្រាស់ VPN ដើម្បីបង្កើនការការពារទិន្នន័យពីការលួចស្ទាក់។
ជាមួយគ្នានេះ ការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិតក៏កំពុងមានភាពស្មុគស្មាញកាន់តែខ្លាំង ដោយសារការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ដូច្នេះ ការបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាដោយប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាពជាប្រចាំ គឺជាមធ្យោបាយសំខាន់ក្នុងការការពារខ្លួនពីឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត និងជួយឱ្យការសិក្សាតាមអនឡាញប្រព្រឹត្តទៅដោយសុវត្ថិភាព។

