Google នឹងបិទ AI សម្រាប់សិស្ស ប៉ុន្តែសាលារៀនអាចនឹងបាត់បង់មុខងារដ៏សំខាន់មួយនេះ
Touch Soriya
•
NOVEMBER 4 2026
•
គន្លឹះល្អៗ
•
162 views
•
3 mins read
•

ក្រុមហ៊ុន Google គ្រោងនឹងបិទមុខងារបញ្ញាសិប្បនិមិ្មត (AI) សម្រាប់សិស្សថ្នាក់មត្តេយ្យ ដល់វិទ្យាល័យ (K-12) ចាប់ពីឆ្នាំ២០២៧ ទៅ សិស្សានុសិស្ស ដែលអាចប្រើ AI បានលុះត្រាតែអ្នកគ្រប់គ្រងសាលារៀនសម្រេចបើកដោយផ្ទាល់។ ការសម្រេចចិត្តបិទមុខងារ AI ទាំងស្រុងនេះ សាលារៀន អាចប្រឈមនឹងបាត់បង់សិទ្ធិប្រើប្រាស់ Google Search ជាមួយគ្នាផងដែរ។

050

តាមការប្រកាសរបស់ Google នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ការផ្លាស់ប្តូរទៅលើការកំណត់សិទ្ធិប្រើប្រាស់សម្រាប់គណនីសិស្សកម្រិត K-12 នេះ បន្ទាប់ពីក្រុមហ៊ុន បានពិគ្រោះយោបល់ជាមួយសាលារៀន គ្រូបង្រៀន អ្នកស្រាវជ្រាវឈានមុខ និងអ្នករៀបចំគោលនយោបាយ។ ចំពោះ មុខងារ AI ដែលសាលារៀនអាចបិទបាន រួមមាន Gemini, NotebookLM, Gemini in Classroom និង Google Search ដែលមុខងារទាំងនេះ នឹងត្រូវបានបិទ រហូតដល់អ្នកគ្រប់គ្រងសាលារៀនសម្រេចបើកឱ្យសិស្សប្រើប្រាស់វិញ។

45

រីឯ មូលហេតុដែលសាលារៀនបិទមុខងារ AI ហើយ សិស្សានុសិស្សមិនអាចប្រើប្រាស់ Google Search បាន គឹដោយសារមុខងារ AI ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ Google Search នេះរួចហើយ។ លោក Chris Phillips អនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅផ្នែកអប់រំរបស់ Google បានប្រាប់សារព័ត៌មាន The New York Times ថា មុខងារ Search និង AI បានរួមបញ្ជូលគ្នាយ៉ាងជិតស្និទ្ធ ដូច្នេះប្រសិនបើសាលារៀនជ្រើសរើសរឹតត្បិតទៅលើ AI ទាំងស្រុង នោះសិស្សានុសិស្ស នឹងមិនអាចចូលប្រើ Search បានទេ ហើយនឹងឃើញសារជូនដំណឹងពីសាលារៀនថា មុខងារនេះមិនអាចប្រើបានទេ។

ការផ្លាស់ប្តូរនេះរបស់ Google អាចបង្កជាបញ្ហាប្រឈមសម្រាប់សាលារៀនមួយចំនួន ព្រោះគ្រូបង្រៀនអាចចង់ទប់ស្កាត់សិស្សមិនឱ្យប្រើ AI ដើម្បីទទួលបានចម្លើយកិច្ចការភ្លាមៗ ប៉ុន្តែទោះជាយ៉ាងណា លោកគ្រូអ្នកគ្រូ នៅតែត្រូវការ Google Search សម្រាប់ឱ្យសិស្សស្វែងរកប្រភពព័ត៌មាន ឯកសារ និងសម្ភារៈសិក្សាផ្សេងៗ។ នេះបានបញ្ជាក់ថា សាលារៀន អាចប្រឈមនឹងការជ្រើសរើសរវាងការប្រើប្រាស់ Search ដែលភ្ជាប់ជាមួយ AI ឬការបិទមុខងារទាំងពីរនេះតែម្តង។

048

លោក Chris Phillips ក៏បានសរសេរក្នុងអត្ថបទប្លុករបស់ Google ថា ក្រុមហ៊ុន នឹងចែករំលែកព័ត៌មានលម្អិតបន្ថែមជាមួយសាលារៀនក្នុងប៉ុន្មានខែខាងមុខ មុនពេលការផ្លាស់ប្តូរនេះចាប់ផ្តើម ហើយដើម្បីឱ្យសាលារៀនមានពេលត្រៀមខ្លួន និងអាចផ្លាស់ប្តូរទៅប្រព័ន្ធថ្មីបានដោយរលូន។ ការផ្លាស់ប្តូរមួយនេះ Google មានគោលដៅផ្តល់សិទ្ធឱ្យសាលារៀនគ្រប់គ្រងលើការប្រើប្រាស់ AI នៅក្នុងថ្នាក់រៀន។

46

ទន្ទឹមនឹងការកំណត់សិទ្ធិប្រើប្រាស់ AI នេះ Google កំពុងដាក់បញ្ចូលមុខងារថ្មីឈ្មោះ Guided Learning ទៅក្នុង Google Search និង Google Classroom ដើម្បីជួយសិស្សានុសិស្ស ក្នុងការរៀន និងស្វែងយល់ពីមេរៀនជាជំហានៗ ជំនួសឱ្យការផ្តល់ចម្លើយដោយផ្ទាល់។ 

47

ក្នុងនោះ មុខងារ Guided Learning នឹងដាក់ឱ្យប្រើប្រាស់ជាសកលនៅ Google Classroom ចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។ មុខងារ Guided Learning នឹងជួយឱ្យសិស្សអាចសិក្សាផ្ទាល់ខ្លួន ដោយផ្អែកលើឯកសារ និងមេរៀនក្នុងថ្នាក់។ 

48

សម្រាប់ Google Search ក្រុមហ៊ុនគ្រោងចាប់ផ្តើមសាកល្បងមុខងារ Guided Learning នៅតាមសាលារៀនមួយចំនួនក្នុងសហរដ្ឋអាមេរិកនៅចុងខែវិច្ឆិកានេះ មុនពេលពង្រីកទៅកាន់សាលារៀនផ្សេងទៀតជាសកល។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia