ក្រោយឆ្លងកាត់បទពិសោធន៍ជាអ្នករកស៊ី និងជាវិនិយោគិនអស់ជាច្រើនឆ្នាំ បណ្ឌិត អោ វិទូ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេនម៉ាស្ទ័រកម្ពុជា (Brain Master Cambodia) បានរកឃើញមូលហេតុធំបំផុតមួយដែលនាំឱ្យអាជីវកម្មជាច្រើនធ្លាក់ទៅក្នុងបញ្ហាបំណុលវ័ណ្ឌកគឺ «ការដែលគ្មានផែនការអាជីវកម្មច្បាស់លាស់»។
លោកវិទូ មានប្រសាសន៍យ៉ាងដូច្នេះថា «ធ្វើអ្វីក៏ដោយត្រូវតែមានផែនការ អ្នកដឹកនាំ សហគ្រិនត្រូវតែមានផែនការអាជីវកម្មនៅក្នុងដៃ»។ ហើយលោកក៏បានចែករំលែកនូវគន្លឹះពិសេស៤ អាចជួយការពារអាជីវកម្មមិនឱ្យធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក៖
១-រៀបផែនការ៖ ត្រង់ចំណុចនេះលោក លើកឡើងថាអាជីវកម្មមួយដែលល្អ គួរតែរៀបផែនការជាមុនឱ្យបានយ៉ាងតិចពី ៣ទៅ៥ឆ្នាំ។ ហើយផែនការនេះទៀតសោតមិនមែនគ្រាន់តែគិតព្រៀងលេងៗទេ ម្ចាស់អាជីវកម្មគួរតែសរសេរគូសវាសឱ្យបានកាន់តែស៊ីជម្រៅកាន់តែប្រសើរ។
អ្នកជំនាញរូបនេះបានបង្ហើបដែរថា នៅមួយឆ្នាំដំបូងអាជីវកម្មអាចនឹងមិនដំណើរការតាមផែនការគ្រោងទុក្ខ១០០%ឡើយ យ៉ាងច្រើនវាបានតែ៧០%ទៅ៨០%ជាងអីគឺជាសញ្ញាល្អហើយ។ លុះដល់ឆ្នាំទី២ ទី៣ លទ្ធផលអាចនឹងបានដូចផែនការគ្រោងទុកចាប់ពី ៨០% ដល់៩០%ឡើង។ នៅពេលដែលលទ្ធផលបានមកមិនសូវខុសពីផែនការគ្រោងទុក អាជីវកម្មក៏មិនសូវមានហានិភ័យ។ វាអាចជួយកាត់បន្ថយបញ្ហាចាយលុយលើស ឬការខ្វះលុយរុញប្រតិបត្តិការអាជីវកម្មឱ្យទៅមុខ ដែលជាហេតុនាំឱ្យជាប់បំណុលធនាគារច្រើនខាតការប្រាក់។
២-តាមដានសុខភាពហិរញ្ញវត្ថុ៖ លោកវិទូ ណែនាំឱ្យសម្លឹងមើលទ្រព្យសកម្ម ព្រមទាំងទុនបម្រុងនៅក្នុងអាជីវកម្មឱ្យបានទៀងទាត់។ ប្រសិនបើនៅពេលចាប់ផ្ដើមអាជីវកម្មមួយ យើងមានបំណុលត្រឹម ៣០%ទៅ៤០% វាជារឿងល្អ ហើយពេលដំណើរការបាន ៤ទៅ៥ឆ្នាំបំណុលធ្លាក់ចុះមកសល់ត្រឹម១០% ជាសញ្ញាកាន់តែល្អ។ ករណីនេះគឺសម្រាប់អាជីវកម្មដដែល ប៉ុន្តែប្រសិនបើអំឡុងពេលនោះយើងពង្រីកមុខរបរបន្ថែម លក្ខខណ្ឌបំណុលអាចនឹងកើន។ យ៉ាងណាមិញលោកវិទូបានសង្កត់ធ្ងន់ថា «ឱ្យតែយើងច្បាស់ថាអាជីវកម្មដែលចង់ពង្រីក មិនថាទី២ ទី៣ ទី៤ អាចបង្កើតប្រាក់ចំណូលកាន់តែច្រើន យើងមិនខ្លាចអ្វីនឹងបង្កើនបំណុលទេ»។
៣-រកដៃគូបន្ថែម៖ ក្នុងករណីចង់ពង្រីកអាជីវកម្ម អ្នកជំនាញរូបនេះ បានលើកទឹកចិត្តឱ្យជ្រើសរើសការកៀរគរទុនតាមរយៈការស្វែងរកដៃគូសហការបន្ថែម។ លោកបានពន្យល់ថា ពេលដែលយើងមានផែនការអាជីវកម្មច្បាស់លាស់ និងដឹងច្បាស់ថាវាអាចបង្កើតប្រាក់ចំណេញបាន មិនខ្វះទេអ្នកដែលសប្បាយចិត្តក្នុងការបន្ដាក់ទុនសហការជាមួយ។
លោកបន្តថា ការហៅមនុស្សចូលសហការជួយឱ្យយើងចំណេញបានគំនិតល្អសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម ហើយចំណេញបានទាំងទុនបង្វិលឱ្យមិនចាយអត្រាការប្រាក់ថែមទៀត។ ហើយដើម្បីបង្កាបញ្ហាពេលធ្វើការគ្នាច្រើន លោកណែនាំឱ្យ រៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងឱ្យបានច្បាស់លាស់ បែងចែកតួនាទីទៅតាមជំនាញ ព្រមទាំងបែងចែកប្រាក់ចំណេញឱ្យបានហ្មត់ចត់។
៤-ពិនិត្យមើលការចាយវាយ៖ ត្រង់ចំណុចនេះលោកវិទូបានលើកឡើងដោយផ្ដោតសំខាន់ទៅលើការចំណាយលើការធ្វើទីផ្សារ។ លោកថា ម្ចាស់អាជីវកម្មខ្លះចាយលុយខុស មិនចំគោលដៅ ជះលុយលើការដាក់ផ្សាយពាណិជ្ជកម្មអស់លុយមួយកំណរតែមិនសូវបានផល។ នេះគឺដោយសារតែមិនចេះពីវិធីដាក់ឱ្យចំអតិថិជនគោលដៅ។
លោកបានពន្យល់ដោយលើកជាឧទាហណ៍ថា ក្រុមហ៊ុន Microsoft ពេលធ្វើទីផ្សារដំបូងគេមិនបានទៅដាក់ផ្សាយលើផ្លាកប៉ាណូធំៗអ្វីទេ គឺគេសហការជាមួយនឹងសាលាដាក់ឱ្យប្រើប្រាស់កម្មវិធីរបស់ខ្លួនឥតគិតថ្លៃ។ ជាលទ្ធផលគឺសិស្សនិស្សិត រាប់ពាន់នាក់ដែលជាអតិថិជនគោលដៅ បានស្គាល់និងប្រើប្រាស់ Microsoft តាំងពីនៅសាលារហូតក្រោយបញ្ចប់ការសិក្សា។
ជាមេរៀនធ្វើឱ្យយើងឃើញថា ពេលដែលយើងស្គាល់ច្បាស់ថាអ្នកណាជាអតិថិជនគោលដៅ យើងត្រូវតែរកវិធីចូលទៅរកពួកគាត់។ មិនមែនទាល់តែចាយលុយច្រើនទើបគេស្គាល់ផលិតផលរបស់យើងទេ ចាយតិចក៏បានដែរ ឱ្យតែចាយត្រូវកន្លែង។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា «អាជីវកម្មមួយពិបាកនឹងរីកចម្រើនទៅមុខណាស់ បើអ្នកដឹកនាំមិនមានផែនការច្បាស់លាស់ និងស៊ីជម្រៅ»។ ហើយលោកបានផ្ដាំបន្ថែមទៀតថា បើចង់ចេញរកស៊ី មិនថាវិស័យអ្វីឡើយ ចូរសិក្សាពីយុវវ័យមិនមែនមនុស្សចាស់ទេ ព្រោះមានតែយុវវ័យទេដែលជាអតិថិជនគោលដៅរបស់អ្នកបានយូរអង្វែងនិងមិនចេះរីងស្ងួត បើអ្នកអាចបំពេញតម្រូវការរបស់ពួកគាត់បានអ្នកនឹងជោគជ័យហើយ៕