ក្រៅពីមានជំនាញទាត់បាល់ លោក ហុងដា ក៏ជាអ្នកជំនួញ ចូលចិត្តយកលុយរកស៊ីវិស័យទាំងនេះ
SOKLY - កូនផ្កាឈូក
AUGUST 22 2025
ឌីជីថល
4 views
2 mins read

ក្រៅពីធ្លាប់ជាកីឡាករបាល់ទាត់ឆ្នើម និងជាគ្រូបង្វឹកដ៏ជំនាញ ដែលស្ម័គ្រចិត្តចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន និងអាចឈានទៅដល់ការទទួលស្គាល់ជាអន្តរជាតិ លោក Keisuke Honda ក៏ជាអ្នកជំនួញមួយរូបដែលចូលចិត្តចំណាយលុយលើការវិនិយោគបង្កើនទ្រព្យផងដែរ។

ជាក់ស្ដែងអតីតកីឡាកររូបនេះ មានការងារធំៗចំនួន៤ រួមទាំងស្ថាបនិក និងCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ បន្ថែមពីនោះ លោកបានវិនិយោគទឹកប្រាក់រាប់លានដុល្លារចូលទៅក្នុងក្រុមហ៊ុនជាច្រើនទៀតដូចជា៖ maliPay, Astar Network, Anyplace, Reiwa Travel, WARPSPACE, Attractive.ai, Manabie, Public.com, Alchemy, Sandbox VR

បន្ថែមពីនោះ លោក ហុងដា ក៏ជាស្ថាបនិកមូលនិធិវិនិយោគ KSK Angel Fund និងបង្កើតគម្រោងវិនិយោគឈ្មោះ Dreamers Fund កាលពីឆ្នាំ២០១៨ ដែលចាប់ដៃជាមួយកំពូលតារាសម្ដែងដ៏ល្បីរបស់អាមេរិក Will Smith ដោយត្រឹមរយៈពេល២ឆ្នាំសោះ បានវិនិយោគលើអាជីវកម្មបង្កើតថ្មី ១៨០អាជីវកម្មក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ។

ក្នុងឆ្នាំនោះដដែល លោកក៏បានបើកដំណើរការ PROTOCOL ដែលជាវេទិកាសកលថ្មីដែលជួយដល់អ្នកចាប់ផ្តើមអាជីវកម្មបង្កើតថ្មី តភ្ជាប់គ្នាជាមួយនឹងវិនិយោគិន, VCs, បុគ្គលមានឥទ្ធិពលឱ្យសហការរកស៊ីជាមួយគ្នា ដោយតភ្ជាប់ពីប្រទេសជប៉ុន អាស៊ី និងជុំវិញពិភពលោក។

សេដ្ឋីបាល់ទាត់រូបនេះ មានចំណាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគជាមួយនឹងអាជីវកម្មបង្កើតថ្មីនៅជុំវិញពិភពលោក ព្រោះលោកចង់ជួយឱ្យសហគ្រិនវ័យក្មេងទាំងនោះអាចសម្រេចក្ដីស្រមៃរបស់ពួកគេ ហើយគាត់អាចចូលរួមបង្កើតនូវជំនួញដែលមានឥទ្ធិពលវិជ្ជមាន ជួយឱ្យពិភពលោកកាន់តែប្រសើរឡើងជាងមុន សម្រាប់អ្នកជំនាន់ក្រោយ។

ថ្វីត្បិតតែមិនទាន់មានប្រភពធំៗ ទម្លាយឱ្យដឹងអំពីតម្លៃទ្រព្យរបស់លោកជាក់លាក់ដូចមហាសេដ្ឋីភាគច្រើនលើលោកក៏ពិតមែន ប៉ុន្តែតាមរយៈកាវិនិយោគលើអាជីវកម្មរាប់រយ និងការងារធំៗជាច្រើនមុខ ត្រូវបានគេប៉ាន់ស្មានថាទ្រព្យសម្បត្តិសរុបរបស់លោកមិនតិចជាង ១៣.៨លានដុល្លារនោះទេ។

គួរជម្រាបផងដែរថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ការប្រកួតនេះ ក៏ជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីលោកបានចំណាយពេលលះបង់ជូនកម្ពុជាយើង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៨មក៕

324149739 835354444207516 7619902426424296381 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia