បានមើលឬនៅ? កំពូលខ្សែភាពយន្តហូលីវូដ ៥រឿងនេះ ធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់
SOKLY - កូនផ្កាឈូក
AUGUST 22 2025
ឌីជីថល
4 views
3 mins read

សិល្បៈ គឺជាទម្រង់នៃចង្កោមរូបភាពឆ្លុះបញ្ជាំងពីតថភាពជាក់ស្តែងនៅក្នុងសង្គមមួយទាំងវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ច្បាប់ វិន័យ សាសនា សីលធម៌ សុជីវធម៌ និងរបៀបរបបក្នុងការនៅរបស់ប្រជាជនពីមួយសម័យកាលទៅមួយសម័យកាល។ ក្នុងនោះខ្សែភាពយន្តហូលីវូដខ្នាតអន្តរជាតិ ៥រឿង បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៖

-The Killing Fields (វាលពិឃាត)៖ ខ្សែភាពយន្ត The Killing Fields ត្រូវបានផលិតឡើងនៅឆ្នាំ១៩៨៤ ដឹកនាំដោយផលិតករជនជាតិអង់គ្លេសលោក Roland Joffe ដែលរៀបរាប់អំពីអ្នកកាសែតអាមេរិកមានឈ្មោះ Sydney Schanberg និងអ្នកកាសែតខ្មែរ Dith Pran នាសម័យខ្មែរក្រហមនៅកម្ពុជា។ លោក ហាំង ង៉ោ ដែលសម្តែងជាតួអង្គ Dith Pran បានក្លាយទៅជាពលរដ្ឋខ្មែរដំបូងគេបំផុតដែលឈ្នះពានរង្វាន់អូស្ការ «Best Supporting Actor»

ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានភាពយន្តអង់គ្លេសបានបោះឆ្នោតរឿង The Killing Fields ឬ វាលពិឃាត ជាខ្សែភាពយន្តអង់គ្លេសដ៏អស្ចារ្យបំផុតទី១០០ ក្នុងសតវត្សរ៍ទី២០។ នៅឆ្នាំ២០១៦ ទស្សនាវដ្តីភាពយន្តចក្រភពអង់គ្លេសក៏បានដាក់រឿងនេះជាប់ចំណាត់ថ្នាក់លេខ៨៦ នៅក្នុងបញ្ជីខ្សែភាពយន្តអង់គ្លេស១០០ ល្អបំផុតរបស់ពួកគេថែមទៀតផង។

-First, They killed my father (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ)៖ First, They killed my father ឬ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ជាខ្សែភាពយន្តខ្នាតអន្តរជាតិ ផលិតក្នុងឆ្នាំ២០១៧ ដឹកនាំសម្តែងដោយតារាហូលីវូដដ៏ល្បីល្បាញគឺលោកស្រី Angelina Jolie។ រឿងនេះត្រូវបានប្រែសម្រួលចេញពីសៀវភៅដ៏ល្បីល្បាញមួយរបស់លោកស្រី Loung Ung ដែលពិពណ៌នាអំពីជីវិតផ្ទាល់ខ្លួនរបស់លោកស្រីតាមរយៈការចង់ចាំដ៏ឈឺចាប់ក្នុងសម័យខ្មែរក្រហមនៅឆ្នាំ១៩៧៥ ខណៈដែលលោកស្រីមានអាយុ៥ឆ្នាំ ត្រូវបានបង្ខំឲ្យហ្វឹកហាត់ជាទាហានកុមារ ចំណែកឯបងប្អូនស្រីរបស់លោកស្រីត្រូវបានបញ្ជូនទៅជំរុំការងារក្នុងរបបខ្មែរក្រហម។

ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Telluride និងមហោស្រពភាពយន្តអន្តរជាតិ Toronto ក្នុងឆ្នាំ២០១៧ ហើយត្រូវបានចាក់ផ្សាយទូទាំងពិភពលោកនៅលើ Netflix នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧។

-A River Changes Course (ក្បង់ទឹកទន្លេ)៖ A River Changes Course គឺជាភាពយន្តឯកសារផលិតក្នុងឆ្នាំ២០១៣ ដោយអ្នកស្រី Kalyanee Mam។ ខ្សែភាពយន្តនេះផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសបញ្ហាកាប់បំផ្លាញព្រៃឈើ និងការចុះថមថយនៃជុលផល។

A River Changes Course បានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្ត Sundance កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ និងបានឈ្នះពានរង្វាន់ Grand Jury Prize សម្រាប់ភាពយន្តឯកសារពិភពលោក។ ខ្សែភាពយន្តនេះក៏បានទទួលពានរង្វាន់ Golden Gate Award សម្រាប់ពានរង្វាន់ឯកសារល្អបំផុតនៅមហោស្រពភាពយន្តអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូឆ្នាំ២០១៣ ផងដែរ។

-Angkor Awakens: A Portrait of Cambodia 2017 (អង្គរភ្ញាក់ឡើង: ទិដ្ឋភាពនៃប្រទេសកម្ពុជា)៖ ភាពយន្តនេះត្រូវបានដឹកនាំនិងផលិតដោយលោក Robert H. Lieberman ជាខ្សែភាពយន្តឯកសារនិយាយអំពីដំណើរប្រវត្តិរបស់កម្ពុជាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន។ ខ្សែភាពយន្តនេះនាំអ្នកទស្សនាទៅកាន់ដំណើរប្រវត្តិសាស្រ្ត រួមទាំងស្វែងយល់ពីទិដ្ឋភាពផ្លូវចិត្តដោយលាតសន្ធឹងពីអតីតកាលរហូតដល់បច្ចុប្បន្នដែលពោរពេញទៅដោយភាពតានតឹងដែលប្រជាជនកម្ពុជាវ័យក្មេងព្យាយាមផ្លាស់ប្តូររើបំរាស់ចេញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតក្នុងប្រទេសរបស់ខ្លួន។

-Lara Croft: Tomb Raider 2001៖ ជាខ្សែភាពយន្តបែបផ្សងព្រេងដែលផលិតឡើងក្នុងឆ្នាំ២០០១។ ខ្សែភាពយន្តនេះត្រូវបានថតឡើងនៅក្នុងតំបន់ឧទ្យានអង្គរ ជាពិសេសប្រសាទតាព្រហ្ម ដោយផ្អែកលើខ្សែវីដេអូហ្គេម Tomb Raider ដែលសម្តែងដោយលោកស្រី Angelina Jolie ជាតួអង្គ Lara CroftTomb Raider ត្រូវបានចេញផ្សាយនៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ ២០០១ និងជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅថ្ងៃចេញផ្សាយដំបូងរបស់ខ្លួន។

ជាមួយគ្នានេះ ក៏មានខ្សែភាពយន្តហូលីវូដខ្នាតធំ៥រឿងទៀត ក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលបានផលិតលើទឹកដីនៃនរគក្រុងកម្ពុជាដូចជារឿង Wish You Were Here (ឆ្នាំ២០១២), Two Brothers (ឆ្នាំ២០០៤), Same Same But Different (ឆ្នាំ២០០៩), Swimming to Cambodia (ឆ្នាំ១៩៨៧), និងរឿង The Missing Picture (២០១៣) ជាដើម៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia