ដើម្បីជួយសម្រួលដល់ការចំណាយ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំផ្តល់សេវារថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តក្រុងសរុបចំនួន ៦០០គ្រឿង នឹងត្រូវដាក់ពង្រាយដើម្បីបម្រើសេវាសាធារណៈដ៏ពិសេសមួយនេះ។ ក្នុងចំណោមរថយន្តទាំងនោះ ត្រូវបានបែងចែកជាពីរគោលដៅធំៗ រួមមាន៖
រថយន្តចំនួន ១០០គ្រឿង៖ នឹងត្រូវរក្សាទុកសម្រាប់បន្តបម្រើសេវាដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងបម្រើសេវាខ្សែរថយន្តក្រុងឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Airport Express Bus)។

រថយន្តចំនួន ៥០០គ្រឿង៖ នឹងត្រូវបានប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា និងពីខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដែលត្រូវបានបែងចែកជា ៦គោលដៅធំៗនៅទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៦ថ្ងៃ ពេញ ដោយចាប់ផ្តើមពី ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ លើសពីនេះទៅទៀត ដើម្បីធានាបាននូវផាសុកភាព និងសុខុមាលភាព អាជ្ញាធរក៏មានរៀបចំផ្តល់ជូននូវទឹកបរិសុទ្ធដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាទីតាំងគោលដៅចេញដំណើរនីមួយៗផងដែរ។ ចុចលើ Link ដើម្បីមើលទីតាំងចំណតធ្វើដំណើរទៅតាមបណ្ដារខេត្តនីមួយ៖ https://heylink.me/PPCITYBUS/
ការផ្តល់ជូននូវសេវាដឹកជញ្ជូនឥតគិតថ្លៃនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕


