អស្ចារ្យណាស់! ស្ថាបនិក PhumCode Academy បើកកកាយក្តីស្រមៃពីភូមិកំណើតសាមញ្ញ ទៅជាភូមិឌីជីថលសម្រាប់កុមារជនបទ
Khunna - ឃុនណា
JULY 7 2026
Tech Founder
229 views
7 mins read

នៅក្នុងយុគសម័យនៃការវិវត្តឌីជីថលដ៏ឆាប់រហ័ស ធនធានមនុស្សផ្នែកបច្ចេកវិទ្យាគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។ ក្នុងចំណោមយុវជនជំនាន់ថ្មីដែលកំពុងបោះជំហានយ៉ាងសកម្មនៅក្នុងវិស័យនេះ លោក តាន់ សាភា - Tan Saphea ស្ថាបនិកវ័យក្មេងនៃ PhumCode Academy និងជាប្រធានផ្នែកព័ត៌មានវិទ្យានៅសាលាអន្តរជាតិ SNP បានបង្ហាញពីសក្តានុពលដ៏គួរឱ្យកត់សម្គាល់ តាមរយៈការលះបង់កម្លាំងកាយចិត្តក្នុងការបង្កើត និងចងក្រងឯកសារបច្ចេកវិទ្យាជាភាសាខ្មែរ ដើម្បីពង្រីកឱកាសសិក្សាដល់កុមារ និងយុវជននៅតាមតំបន់ជនបទ។ ខាងក្រោមនេះ គឺជាការរៀបរាប់យ៉ាងលម្អិតអំពីដំណើរជីវិត សមិទ្ធផល បទពិសោធន៍ក្នុងការបង្កើតប្រព័ន្ធឌីជីថល ក៏ដូចជាចក្ខុវិស័យទៅថ្ងៃអនាគតរបស់រូបលោក ក្នុងការរួមចំណែកលើកកម្ពស់ចំណេះដឹងឌីជីថលនៅក្នុងប្រទេសកម្ពុជា។

Photo 2026 07 07 09 43 38

លោក តាន់ សាភា គឺជាយុវជនឆ្នើមវ័យ ២២ ឆ្នាំ ដែលមានស្រុកកំណើតរស់នៅក្នុងភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន លោកកំពុងបំពេញការងារយ៉ាងសកម្មនៅ សាលាអន្តរជាតិ អេស អ៊ិន ភី (SNP International School) ក្នុងតួនាទីជា ប្រធានផ្នែកព័ត៌មានវិទ្យា (IT Manager) និង ទីផ្សារឌីជីថល (Digital Marketing)។ ក្រៅពីការងារប្រចាំថ្ងៃ លោកគឺជាស្ថាបនិកម្នាក់ដែលបានបង្កើតគម្រោង PhumCode Academy ឡើង ក្នុងគោលបំណងបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងបច្ចេកវិទ្យា ការសរសេរកម្មវិធី និងបង្កើតមេរៀនជាភាសាខ្មែរ ដើម្បីជួយឱ្យសិស្សានុសិស្ស ក៏ដូចជាអ្នកចាប់ផ្ដើមសិក្សាដំបូង អាចទទួលបានឱកាសរៀនសូត្រផ្នែកបច្ចេកវិទ្យាបានយ៉ាងងាយស្រួល និងមិនមានឧបសគ្គរាំងស្ទះ។

Img 8813

បើក្រឡេកមកមើលប្រវត្តិសិក្សាវិញ លោក តាន់ សាភា បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ក្នុងឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន រូបលោកកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប។

Photo 2026 07 07 09 44 21

នៅក្នុងដំណើរការងារ និងការសិក្សាកន្លងមក លោកសម្រេចបានសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់ដូចជា៖

  • ឆ្នាំ ២០២៤៖ លោកមានឱកាសតំណាងឱ្យវិទ្យាស្ថាន ចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ លើជំនាញ Graphic Design និងដណ្តើមបាន មេដាយប្រាក់ ជូនវិទ្យាស្ថាន។
  • ការងារនៅសាលាអន្តរជាតិ SNP ទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ការអភិវឌ្ឍប្រព័ន្ធឌីជីថល និងទីផ្សារឌីជីថលរបស់សាលា រហូតទទួលបានពានរង្វាន់ «បុគ្គលិកឆ្នើមប្រចាំសាលា»
  • ការចងក្រងសៀវភៅសិក្សា៖ ដោយសារមានចំណូលចិត្តក្នុងការស្រាវជ្រាវ លោកបានចងក្រងសៀវភៅ និងមេរៀនសិក្សាចំនួន ១៤ក្បាល ជាភាសាខ្មែរ ដែលគ្របដណ្តប់លើមុខវិជ្ជាសំខាន់ៗរួមមាន៖

១. Microsoft Office Microsoft Word សម្រាប់កុមារ (៦-១២ឆ្នាំ), Microsoft Word សម្រាប់ការងារ, Microsoft Excel សម្រាប់កុមារ (៦-១២ឆ្នាំ), Microsoft Basic Excel, Microsoft Advanced Excel, Microsoft PowerPoint, និង Microsoft Publisher

២. កម្មវិធីរចនា និងកាត់ត៖ Adobe Photoshop, Adobe Illustrator, និង CapCut

៣. ជំនាញបច្ចេកទេស៖ Computer Repairing (គ្រឹះនៃការជួសជុលកុំព្យូទ័រ), Digital Literacy (ចំណេះដឹងឌីជីថល), Scratch Programming និងមុខវិជ្ជាបច្ចេកវិទ្យាផ្សេងៗទៀត។

៤. បណ្តាញសង្គម និងប្រព័ន្ធឌីជីថល៖ លោកបានបង្កើតគម្រោង និងមាតិកាអប់រំតាមបណ្តាញសង្គមរបស់ PhumCode Academy ទទួលបានការគាំទ្រយ៉ាងច្រើន ក្នុងនោះរួមមាន Facebook Page (១០,៣៥៩ អ្នកតាមដាន), YouTube Channel (,៧១៩ អ្នកតាមដាន), TikTok (,៣៦៩ ហ្វូឡូវើ), Telegram Channel និងគេហទំព័រផ្ទាល់ខ្លួន (https://phumcodeacademy.vercel.app/)។ លើសពីនេះ លោកបានអភិវឌ្ឍប្រព័ន្ធ QR Attendance System សម្រាប់គ្រប់គ្រងវត្តមានបុគ្គលិក ដែលមានមុខងារដូចជា ការស្កេនចាប់ទីតាំង (GPS), កំណត់ម៉ោងចូល-ចេញ, របាយការណ៍ និងការគ្រប់គ្រងប្រាក់បៀវត្សរ៍ ដែលបច្ចុប្បន្នកំពុងដាក់ឱ្យសាលាសាកល្បងប្រើប្រាស់។

Photo 2026 07 07 09 43 36

ចំណុចចាប់ផ្ដើមដំបូងបង្អស់ គឺកើតចេញពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោកក្នុងការរៀន ស្រាវជ្រាវ និងចែករំលែកចំណេះដឹង។ លោកបានចាប់ផ្ដើមរៀបចំ និងចងក្រងឯកសារមេរៀនតាំងពីឆ្នាំ២០២៣ មកម្ល៉េះ។ មូលហេតុសំខាន់ដែលជម្រុញឱ្យលោកបង្កើតសៀវភៅ Scratch Programming Book ឡើង គឺលោកយល់ឃើញថាក្មេងៗគួរតែមានឱកាសចាប់ផ្ដើមសិក្សា Programming តាំងពីវ័យក្មេង។ កម្មវិធី Scratch ជួយឱ្យសិស្សយល់ពីគ្រឹះនៃការគិតបែប Logic, Problem Solving និង Creativity ដោយមិនចាំបាច់ចាប់ផ្ដើមពី Code ស្មុគស្មាញភ្លាមៗឡើយ។

បញ្ហាជាក់ស្តែងដែលលោកបានមើលឃើញ គឺនៅតាមតំបន់ស្រុកភូមិជនបទ ឯកសារបច្ចេកវិទ្យាជាភាសាខ្មែរដែលមានលក្ខណៈរៀបចំជាប្រព័ន្ធនៅតែមានកម្រិត។ សិស្សមួយចំនួនចង់រៀន ប៉ុន្តែខ្វះខាតឯកសារដែលសមស្របនឹងកម្រិតរបស់ពួកគេ។ ហេតុនេះ លោកបានព្យាយាមរៀបចំមេរៀនឱ្យមានលំដាប់លំដោយ ពន្យល់លម្អិត និងបន្ថែមលំហាត់អនុវត្ត ដើម្បីឱ្យសិស្សបានរៀនដោយធ្វើផ្ទាល់មិនមែនត្រឹមតែអាន ឬស្តាប់ឡើយ ដែលវិធីសាស្ត្រនេះជួយឱ្យពួកគេយល់ច្បាស់ និងមានទំនុកចិត្តខ្ពស់។ លោកចង់ឱ្យអ្នករស់នៅតាមបណ្ដាខេត្ត ឬតំបន់ជនបទ អាចទទួលបានការសិក្សាបច្ចេកវិទ្យាដែលមានគុណភាព ដោយមិនមានឧបសគ្គផ្នែកភាសា ឬធនធាន។

សម្រាប់ការបង្កើត Website System ផ្សេងៗកន្លងមក លោកមិនទាន់បានចំណាយថវិកាច្រើននោះទេ ព្រោះភាគច្រើនលោកព្យាយាមប្រើប្រាស់ធនធានដែលឥតគិតថ្លៃនៅលើ Internet ឱ្យបានច្រើនបំផុតដូចជា Vercel សម្រាប់ Deploy Website, Neon សម្រាប់ Database, Cloudinary សម្រាប់ផ្ទុករូបភាព និង Tools ផ្សេងៗទៀត ដើម្បីសន្សំសំចៃថវិកាក្នុងនាមជាសិស្សនិស្សិត។

ធនធានស្នូលដែលត្រូវមានរួមមាន៖ កុំព្យូទ័រសម្រាប់អភិវឌ្ឍ Project, អ៊ីនធឺណិតដែលមានស្ថិរភាព, Tools សម្រាប់សរសេរកូដ និងគ្រប់គ្រង Project, Database សម្រាប់រក្សាទុកទិន្នន័យ, Server Cloud Platform និងប្រព័ន្ធ Backup ការពារទិន្នន័យ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នលោកពុំទាន់មានក្រុមការងារផ្លូវការនៅឡើយទេ គឺភាគច្រើនស្រាវជ្រាវ និងអភិវឌ្ឍដោយខ្លួនឯង។ ប្រព័ន្ធខ្លះប្រើប្រាស់បានសម្រាប់ការសាកល្បង និងការងារខាងក្នុង ប៉ុន្តែនៅត្រូវការកែលម្អបន្ថែមលើផ្នែក Performance, Security, UI/UX និងការគ្រប់គ្រងទិន្នន័យឱ្យមានស្តង់ដារ។ ដូច្នេះ ដើមទុនសំខាន់បំផុតសម្រាប់លោក មិនមែនជាថវិកាតែមួយមុខទេ ប៉ុន្តែជាពេលវេលា ការស្រាវជ្រាវ ការអត់ធ្មត់ និងការខិតខំរៀនសូត្រជាបន្តបន្ទាប់។

All Books

តាមទស្សនៈរបស់លោក ការក្លាយជា Full Stack Developer មួយរូបមិនមែនជារឿងដែលអាចសម្រេចបានក្នុងរយៈពេលខ្លីឡើយ វាត្រូវការការសិក្សាជាជំហានៗ និងការអនុវត្តជាក់ស្ដែង៖

  • ជំហានដំបូង៖ ត្រូវសិក្សាមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធី (Programming Fundamentals) ដើម្បីយល់ពី Logic, Algorithm និងការដោះស្រាយបញ្ហា រួចបន្តទៅរៀន HTML, CSS និង JavaScript ដែលជាគ្រឹះអភិវឌ្ឍ Website
  • Frontend Development រៀន Frontend Framework ដូចជា React Framework ផ្សេងៗ រួមទាំងការរចនា User Interface និងការប្រើប្រាស់ API
  • Backend Development រៀន Node.js និង Express ដើម្បីយល់ពីការបង្កើត API, Authentication, Security និង Business Logic។ ជាមួយគ្នានោះ ត្រូវរៀន Database ដូចជា MongoDB PostgreSQL ដើម្បីចេះរចនា និងគ្រប់គ្រងទិន្នន័យ។
  • DevOps & Tools រៀនអំពី Git, GitHub, Deployment, Cloud Services និងការគ្រប់គ្រង Project សម្រាប់ការងារជាក់ស្ដែង។

លោកជឿជាក់ថា ការបង្កើត Project ពិតប្រាកដ (ទោះជាគម្រោងតូចៗដូចជា Website, Library Management, Attendance System) គឺជាវិធីរៀនដែលមានប្រសិទ្ធភាពបំផុត ព្រោះវានាំឱ្យយើងជួបបញ្ហាពិត និងជាឱកាសល្អក្នុងការអភិវឌ្ឍខ្លួន។

ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ លោក តាន់ សាភា មានគោលដៅចម្បងពីរគឺ ការអភិវឌ្ឍខ្លួនឯង និងការបង្កើត Platform ផ្តល់ប្រយោជន៍ដល់សង្គម៖

. ការអភិវឌ្ឍខ្លួនឯង៖ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រនៅខេត្តសៀមរាប លោកមានបំណងស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងក្នុងវិស័យ Software Engineering។ ទន្ទឹមនឹងនោះ លោកមានគម្រោងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ AI, Machine Learning & Data Science នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ព្រោះលោកជឿថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងដើរតួនាទីយ៉ាងសំខាន់នាពេលអនាគត។

. ការអភិវឌ្ឍគម្រោងផ្ទាល់ខ្លួន៖ លោកចង់អភិវឌ្ឍ PhumCode Academy ឱ្យក្លាយជាវេទិកាសិក្សាបច្ចេកវិទ្យាជាភាសាខ្មែរដ៏ពេញលេញ ដែលមានមេរៀន Coding, Web/Mobile Development, AI, Data Science និងឯកសារបច្ចេកទេសផ្សេងៗ។ លើសពីនេះ លោកមានគម្រោងបង្កើតប្រព័ន្ធ Software ធំៗដូចជា School Management System, Learning Management System (LMS), និង Library Management System ដើម្បីជួយដល់សាលារៀន អាជីវកម្ម និងស្ថាប័ននានានៅកម្ពុជា។

Images (12)

ជាចុងក្រោយ ក្នុងនាមជា Founder មួយរូប លោក តាន់ សាភា ចង់ផ្ដាំផ្ញើទៅកាន់អ្នកអាន និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យាទាំងអស់ថា «កុំខ្លាចក្នុងការចាប់ផ្ដើម»។ គ្មាននរណាម្នាក់ចាប់ផ្ដើមដោយចេះគ្រប់យ៉ាងនោះទេ មនុស្សគ្រប់រូបសុទ្ធតែចាប់ផ្ដើមពីការរៀន ការសាកល្បង ធ្វើខុស និងការកែលម្អ។ ប្រសិនបើមានគំនិតចង់បង្កើត Startup Project ផ្ទាល់ខ្លួន គួរតែចាប់ផ្ដើមពីតូចៗទៅ កុំរង់ចាំឱ្យមានគ្រប់យ៉ាង ឬល្អឥតខ្ចោះទើបធ្វើ។ ចូរធ្វើអ្វីដែលយើងមាននៅថ្ងៃនេះ រៀនពីបទពិសោធន៍ និងកែលម្អវាបន្តិចម្ដងៗ។ លោកក៏ចង់លើកទឹកចិត្តឱ្យយុវជនកម្ពុជាហ៊ានរៀន ហ៊ានបង្កើត និងហ៊ានចែករំលែកចំណេះដឹង។

លោកសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃអនាគត យុវជនខ្មែរកាន់តែច្រើននឹងក្លាយជា «អ្នកបង្កើតបច្ចេកវិទ្យា» មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ដើម្បីរួមចំណែកលើកកម្ពស់វិស័យបច្ចេកវិទ្យានៅកម្ពុជា និងបង្កើតឱកាសថ្មីៗសម្រាប់មនុស្សជំនាន់ក្រោយ។

Get in Touch with Founder

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia