ការបាត់បង់ថវិកាដោយមិនដឹងខ្លួនតាមរយៈការទូទាត់ឌីជីថល ភាគច្រើនកើតឡើងដោយសារការបន្តគម្រោងសេវាកម្មដោយស្វ័យប្រវត្តិ (Auto-Renewal) ក្រោយការប្រើប្រាស់សាកល្បងឥតគិតថ្លៃ ឬការធ្វេសប្រហែសមិនបានលុបចោលគម្រោងចាស់ៗ។ ហានិភ័យនេះកាន់តែខ្ពស់នៅពេលដែលទូរស័ព្ទត្រូវបានកំណត់ឱ្យចងចាំទិន្នន័យកាតដោយមិនទាមទារការបញ្ជាក់សញ្ញាណ ដែលងាយនឹងបង្កឱ្យមានការចុចទិញដោយអចេតនា ជាពិសេសពីកុមារតូចៗ។

នេះគឺជាសញ្ញាដែលបញ្ជាក់ថាលុយក្នុងកុងធនាគាររបស់យើងបានបង្កកទុក ដោយមិនអាចចាយលុយដែលកំពុងបង្កននោះបានឡើយ។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកប្រើប្រាស់គួរត្រូវពិនិត្យមើលបញ្ជីសេវាកម្ម (Subscriptions) ដើម្បីលុបចោលសេវាកម្មដែលមិនចាំបាច់, បើកមុខងារបញ្ជាក់ការទិញតាមរយៈស្នាមម្រាមដៃ ឬស្កេនមុខ និងជ្រើសរើសប្រើប្រាស់កាតនិម្មិត រួមជាមួយការកំណត់ដែនកំណត់ចំណាយក្នុងកម្មវិធីធនាគារ ដើម្បីការពារសាច់ប្រាក់ក្នុងគណនីសន្សំឱ្យបានគង់វង្ស និងមានសុវត្ថិភាពខ្ពស់។
ខាងក្រោមនេះជាមូលហេតុ៖
១./ ការភ្លេចលុបការទិញសេវាកម្ម (Unsubscribe)
ការលុបកម្មវិធីចេញពីទូរស័ព្ទមិនអាចបញ្ឈប់ការកាត់លុយបានឡើយ ដរាបណាការជាវផ្លូវការមិនទាន់ត្រូវបានលុបចោលនៅក្នុងទូរស័ព្ទ។ ជាទូទៅ ប្រព័ន្ធនឹងបន្តកាត់លុយដោយស្វ័យប្រវត្តិបន្ទាប់ពីអស់គម្រោងសាកល្បង Free Trial ឬគម្រោងចាស់ៗ ដូច្នេះដើម្បីកុំឱ្យខាតបង់ថវិកាដោយមិនដឹងខ្លួន អ្នកប្រើប្រាស់ត្រូវតែតាមដាន និងចូលទៅចុចបិទសេវាកម្មទាំងនោះឱ្យបានត្រឹមត្រូវនៅក្នុងការកំណត់ (Settings) មុនថ្ងៃកំណត់កាត់លុយ។
ដើម្បីការពារការកាត់លុយដោយអចេតនា អ្នកគួរអនុវត្តវិធីសាស្ត្រសំខាន់ៗពីរគឺ៖ ទីមួយ "ទិញហើយ ចុច Cancel ភ្លាម" ពោលគឺបន្ទាប់ពីចុះឈ្មោះលើកម្មវិធីណាមួយដោយប្រើ Free Trial រួច អ្នកអាចចូលទៅចុច Cancel ក្នុង Settings បានភ្លាមៗ ដែលវិធីនេះជួយឱ្យអ្នកនៅតែអាចប្រើមុខងារ Premium បានរហូតដល់ថ្ងៃផុតកំណត់ ប៉ុន្តែប្រព័ន្ធនឹងមិនកាត់លុយបន្តនៅវគ្គបន្ទាប់ឡើយ។ ទីពីរ ត្រូវតាមដានក្នុង Store ឱ្យបានទៀងទាត់ ដោយចូលទៅឆែកក្នុងផ្នែក Subscriptions លើ App Store ឬ Play Store ដើម្បីលុបសេវាកម្មដែលមិនចាំបាច់ចោល។



២/. ការកំណត់ Transaction Limit (ដែនកំណត់ប្រតិបត្តិការ) លើកាតធនាគារ៖ សម្រាប់ការកំណត់ Transaction Limit លើកាត ABA ដើម្បីការពារការកាត់លុយពី App ផ្សេងៗ ឬដើម្បីសុវត្ថិភាពពីជន Hacker គឺងាយស្រួលបំផុត អ្នកអាចធ្វើតាមជំហានងាយៗដូចខាងក្រោម៖
- ចូលទៅកាន់ Cards រួចជ្រើសរើសកាតរបស់អ្នក
- ចូលទៅកាន់មុខងារប្តូរកម្រិតប្រតិបត្តិការ
- កំណត់ចំនួនទឹកប្រាក់ទិញអតិបរមា
- កំណត់ចំនួនទឹកប្រាក់ជា $5.00 (បើចង់បិទមិនឱ្យកាត់សោះ អាចកំណត់ $0.00 ឬកំណត់ចំនួនតិចតួចណាមួយបានហើយ បន្ទាប់មកចុចប៊ូតុង Save ជាការស្រេច។
- ចំណុចមួយទៀតបើមិនចាំបាច់ប្រើកាតទេ អាចចុចបង្កកកាតចោលក៏ល្អ ដល់ពេលដែលត្រូវប្រើចាំបើកវិញក៏បាន។


គូសបញ្ជាក់ផងដែរថា ការកាត់លុយពីគណនីភាគច្រើនមិនមែនជាកំហុសរបស់ធនាគារឡើយ ប៉ុន្តែវាជាការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងសេវាកម្មឌីជីថលខ្លួនឯងទៅវិញទេ។ ដើម្បីដោះស្រាយបញ្ហានេះ ការប្រើប្រាស់ កាតឥណពន្ធនិម្មិត (Virtual Debit Card) ដូចជាកាតរបស់ធនាគារ ABA គឺជាជម្រើសដ៏ឆ្លាតវៃ និងពេញនិយមបំផុតនៅកម្ពុជា ព្រោះវាផ្តល់សិទ្ធិម្ចាស់ការ ១០០% ដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់តាមរយៈកម្មវិធីទូរស័ព្ទ។ អ្នកអាចកំណត់ដែនកំណត់ចំណាយ ប្តូរលេខកូដសម្ងាត់ ឬចុចបិទកាតជាបណ្ដោះអាសន្នបានភ្លាមៗ ដែលជួយលុបបំបាត់ហានិភ័យនៃការកាត់លុយដោយអចេតនា និងធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់ធនាគារផ្ទាល់ឡើយ។

ដើម្បីភាពងាយស្រួលសម្រាប់អតិថិជន ABA បានដាក់ឲ្យប្រើប្រាស់ទូរស័ព្ទចំនួនពីរខ្សែ ដែលអ្នកទាំងអស់គ្នាអាចទាក់ទងបានគ្រប់ពេលវេលា 24 ម៉ោង លើ 24 ម៉ោងក្នុងករណីជួបបញ្ហាណាមួយជាមួយសេវាកម្មលើ App ឬតម្រូវការផ្សេងៗ។ សូមទាក់ទងខាងក្រោម៖
- ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203 333 សម្រាប់ព័ត៌មានទូទៅ។
- ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 204 204 សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាកម្ចី។
- 098 203 203 សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី ABA Mobile ឬទាក់ទងតាមរយៈ Email: [email protected] ។
កុំភ្លេចអនុវត្តនូវចំណុចខាងលើទាំងអស់នេះដើម្បីកុំឲ្យមានការបង្កកលុយជាបន្តបន្ទាប់កាន់តែច្រើនលើសនេះថែមទៀត សូមប្រើដោយប្រុងប្រយ័ត្នព្រោះកំហុសអចេតនាអាចធ្វើឲ្យអ្នកប្រើប្រាស់ខាតបង់ថវិការដោយភ្លេចខ្លួននូវកំហុសរបស់ខ្លួន។ ក្នុងករណីមានបញ្ហាណាមួយទាក់ទងនឹងកាតធនាគារ ABA អាចទំនាក់ទំនងលេខខាងលើនេះបាន។
