មិនចាំបាច់អង្គុយ Scroll Facebook ដើម្បីរំលងមាតិកាដែលអ្នកមិនចូលចិត្តទៀតទេ Facebook កំពុងបន្ថែមមុខងារថ្មីដែលអ្នកអាចគ្រប់គ្រងលើមាតិកា និងចំណង់ចំណូលបាននៅលើ Facebook។ មុខងារថ្មីរបស់ Facebook នេះ មានឈ្មោះថា «Your Algorithm» ដែលអ្នកប្រើប្រាស់អាចបញ្ជាក់ពីចំណងចំណូលចិត្ត និងកែសម្រួលមាតិកាដែលបង្ហាញនៅលើ Feed និង Reels ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

តាមការប្រកាសរបស់ក្រុមហ៊ុន Meta កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា «Your Algorithm» ជាឧបករណ៍ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចបន្ថែម និងគ្រប់គ្រងមាតិកាដែលខ្លួនចង់ឃើញនៅលើ Feed និង Reels។ ក្នុងនោះ អ្នកប្រើប្រាស់អាចប្រាប់ Facebook ដោយផ្ទាល់ តាមរយៈពាក្យសម្ដីថា អ្នកចាប់អារម្មណ៍ទៅលើអ្វី និងចង់ឃើញមាតិកាប្រភេទណាឱ្យបានច្រើន ឬតិចជាងមុន។
មុខងារនេះ ត្រូវបានបង្កើតឡើង ដើម្បីឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងមាតិកាដែលខ្លួនចង់ឃើញបានកាន់តែច្រើន ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើប្រព័ន្ធណែនាំមាតិកាដោយស្វ័យប្រវត្តិរបស់ Facebook នោះទេ។ អ្នកអាចគ្រប់គ្រងមាតិកា បានភ្លាមៗ បន្ទាប់ពីអ្នកផ្តល់ព័ត៌មានអំពីចំណូលចិត្ត។

ចំពោះ របៀបគ្រប់គ្រងមាតិកានៅលើ Facebook
១. ចូលទៅកាន់ Facebook ហើយស្វែងរកការបង្ហោះដែលអ្នកចំណូលចិត្ត
២. រួចចុចលើរូបសញ្ញា (⋯) នៅលើការបង្ហោះ
៣. ជ្រើសរើស «Interested» ប្រសិនបើអ្នកចាប់អារម្មណ៍លើមាតិកា ឬ «Not interested» ប្រសិនបើអ្នកមិនចង់ឃើញមាតិកាបែបនេះទៀត
៤. អ្នកអាចចូលទៅកាន់ «Your Algorithm» ដើម្បីបន្ថែម ឬគ្រប់គ្រងមាតិកា ដែលអ្នកចង់ឃើញនៅលើ Feed និង Reels
គួរបញ្ជាក់ថា មុខងារនេះមិនមែនមានន័យថា អ្នកប្រើប្រាស់អាចគ្រប់គ្រងមាតិកាទាំងអស់ដែលបង្ហាញលើ Facebook បានទាំងស្រុងនោះទេ។ មុខងារ Your Algorithm គ្រាន់តែឱ្យអ្នកប្រើប្រាស់បានបញ្ជាក់ពីចំណងចំណូលចិត្តដោយផ្ទាល់បន្ថែមលើសញ្ញាដែលប្រព័ន្ធប្រមូលបាន។
សម្រាប់អ្នកប្រើប្រាស់ដែលចង់ឱ្យ Feed និង Reels បង្ហាញមាតិកាស្របតាមចំណាប់អារម្មណ៍របស់ខ្លួន មុខងារថ្មីនេះអាចជួយឱ្យការប្រើប្រាស់ Facebook កាន់តែមានភាពងាយស្រួល និងផ្តល់ជម្រើសគ្រប់គ្រងមាតិកាបានច្រើនជាងមុន។ មុខងារនេះកំពុងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដូច្នេះអ្នកប្រើប្រាស់មួយចំនួនអាចមិនទាន់ឃើញជម្រើសនេះនៅលើគណនីរបស់ខ្លួនទេ៕

