ជាទូទៅការរកចំណូលតាមអនឡាញគឺមានច្រើនបែប និងច្រើនប្រភេទតែជំនាញមួយដែលអាចឲ្យអ្នកទទួលបានចំណូលខ្ពស់នោះគឺទីផ្សារឌីជីថល។
ទីផ្សារឌីជីថល គឺជាសកម្មភាពទីផ្សារទាំងអស់ដែលធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជា អ៊ីនធឺណិត និងឧបករណ៍ចល័ត ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្ម។ វាពាក់ព័ន្ធនឹងបណ្តាញផ្សេងៗដូចជា គេហទំព័រ អ៊ីមែល បណ្តាញសង្គម ប្រភពស្វែងរក និងច្រើនទៀត ដោយមានគោលបំណងទាក់ទាញទស្សនិកជនឲ្យចំគោលដៅ តាមរយៈការធ្វើទីផ្សារអ៊ីនធឺណិត ហើយនេះគឺជាចំណុចមួយដែលអ្នកទើបចាប់ផ្តើមចេញរកស៊ី ឬធ្វើអាជីវកម្មមិនគួររំលង។
ដូច្នេះមកដឹងពីប្រភពចំណូលរបស់អ្នកជំនាញនៅកម្ពុជាមួយរូប ដែលជាអ្នកជំនាញប្រឹក្សាយោបល់អាជីវកម្មអនឡាញដ៏ល្បីឈ្មោះ។
លោក “យឹម សំណាង” ដែលគេស្គាល់ថាជា លោក Zell ដែលជាអ្នកផលិតមាតិកានៅបណ្តាញសង្គម TikTok ដែលធ្វើអំពីមាតិកាអាជីវកម្មអនឡាញ គន្លឹះសិក្សា និងបែបបទអាជីវកម្ម Freelance នៅកម្ពុជា។
លោក Zell បានឈរជើងលើវិស័យការធ្វើទីផ្សារតាមអនឡាញរយៈពេលប្រមាណ ១០ ឆ្នាំជាងមកហើយ តាំងពីឆ្នាំ ២០១៣ មកទល់នឹងបច្ចុប្បន្ន ដោយលោកក៏មានក្រុមហ៊ុនប្រឹក្សាទីផ្សារមួយ ដែលជា Branding ផ្ទាល់ខ្លួនដែលមានឈ្មោះថា “Klture.media”។ សព្វថ្ងៃនេះ លោក Zell បានជួយម្ចាស់អាជីវកម្មជាច្រើនរូបទៅលើម៉ាកយីហោអាជីវកម្មលើបណ្តាញសង្គម TikTok។
លោក Zell បានលើកឡើងថា អ្នកដែលមានជំនាញទៅលើការធ្វើផ្នែកទីផ្សារគឺពិតជាមានសារៈប្រយោជន៍ខ្លាំង ដែលអាចរកចំណូលបានពីការកសាង Personal Branding ជូនម្ចាស់អាជីវកម្មសព្វថ្ងៃ ព្រោះថាអាជីវកម្មនាពេលបច្ចុប្បន្ននេះគឺមានអ្នកចាប់ផ្តើមបើកច្រើន ដូច្នេះហើយម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកជំនួយប្រឹក្សាពីការធ្វើទីផ្សារយ៉ាងណាឲ្យលក់ដាច់ ឲ្យមានគេស្គាល់ច្រើន និងភ្ញៀវទុកចិត្តជាដើម។ ដូច្នេះអ្នកប្រឹក្សាក៏ជាអ្នកដើរតួយ៉ាងសំខាន់លើអាជីវកម្មមួយនេះផងដែរ ជាពិសេសយើងក៏ទទួលបាននូវចំណូលខ្ពស់មកវិញ នៅពេលដែលយើងអាចធ្វើឲ្យទីផ្សាររបស់ម្ចាស់អាជីវកម្មមួយនោះជោគជ័យ។
ប្រភពចំណូលរបស់លោក Zell ដែលជា Freelancer គឺបានមកពី Sponsorship, ចំណូលពី Community ដែលលោកបានកសាងជា Kampu Freelancer ដែលជារបរមួយដែលលោកអាចយកថ្លៃសេវាពីក្រុមហ៊ុនមួយចំនួនក្នុងការបង្ហោះស្វែងរកការងារ, ចំណូលពីការលក់មេរៀនធ្វើអាជីវកម្មតាមអនឡាញ, ចំណូលពីការបើកវគ្គបង្រៀនទៅដល់ម្ចាស់អាជីវកម្ម, ចំណូលពីថ្លៃសេវាពីការប្រឹក្សាផ្ទាល់ខ្លួនជាមួយម្ចាស់អាជីវកម្មដែលគិតតម្លៃតាមម៉ោងពិភាក្សា, ចំណូលពីការចុះបង្រៀនផ្ទាល់ដែលទាក់ទងជាមួយការបង្កើតមាតិកាលើ TikTok ឲ្យសហគ្រាសធំៗ, និងប្រភពចំណូលធំចុងក្រោយនោះគឺ សេវាកម្មប្រឹក្សាបែប Personal Branding ដែលជួយដល់អតិថិជនរយៈពេល ៣ ខែ ដែលតម្លៃសេវាកម្មគឺខុសៗគ្នាទៅតាមអតិថិជន ដោយគិតជាចន្លោះសាច់ប្រាក់ពី $4500 - $5500 តែតម្រូវទៅតាមអាជីវកម្ម ឬភ្ញៀវតែប៉ុណ្ណោះ និងចំណូលចុងក្រោយនោះគឺលើ Facebook Page និង YouTube Channel ដែលអាចបានពីការបើក Monitize ផងដែរ។
សារលើកទឹករបស់លោក “យឹម សំណាង” (Zell) ជូនទៅកាន់អ្នកអានទាំងឡាយថា យុវជនសព្វថ្ងៃមានចំណេះដឹងជាច្រើនដែលជាសរសរទ្រូងក្នុងប្រទេស ដែលអាចឈានជើងមួយជំហានទៀតទៅកាន់សេដ្ឋកិច្ចទីផ្សារកម្ពុជា។ រាល់ថ្ងៃនេះមានមធ្យោបាយ និងច្រកជាច្រើនដែលអាចរកចំណូលបាន ដើរឲ្យទាន់សម័យកាល កាត់បន្ថយការចំណាយ ពឹងផ្អែក AI ឲ្យជួយការងារ។ មិនចាំបាច់ដើរតាមគន្លងផ្លូវរបស់អ្នកដ៏ទៃ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៏ទៃ ប្រសិនបើគេដើរលឿនជាងយើង ព្រោះថាមធ្យោបាយដែលគេធ្វើមិនប្រាកដថាជាមធ្យោបាយតែមួយមុខគត់ដែលយើងអាចធ្វើតាមគេនោះទេ ក្នុងការទទួលបានភាពជោគជ័យ មនុស្សម្នាក់ៗមានជំនាញខុសៗគ្នាដែលគេអាចជោគជ័យលើវិស័យផ្សេងខុសពីយើង។
“យើងមិនអាចជោគជ័យលើវិថីរបស់គេ ហើយគេក៏មិនអាចជោគជ័យលើវិថីរបស់យើងបានដែរ ដូច្នេះកុំយករបស់អ្វីមួយទៅធៀបនឹងរបស់មួយទៀត”
អត្ថបទដោយ៖ ងួន ឃុនណា