ស្ថាប័ន ឡា ហ្វ្រេនឆ៍ ថេក ភ្នំពេញ (La French Tech Phnom Penh) បានរៀបចំកម្មវិធីជជែកពិភាក្សាផ្នែកបច្ចេកវិទ្យា (Tech Talk) លើកដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំង ដឹ ឡាស ស្ដេក (The Last Stage) នៃមហោស្រព Aquation Theater ក្នុងតំបន់កោះពេជ្រ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំតួអង្គសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាជាង ១៥០ នាក់ រួមមាន៖ សហគ្រិន ស្ថាបនិកអាជីវកម្មបង្កើតថ្មី វិនិយោគិន និស្សិត និងថ្នាក់ដឹកនាំស្ថាប័ននានា ដើម្បីរួមគ្នាកត់សម្គាល់ពីអនាគតនៃនវានុវត្តន៍អាជីវកម្ម និងឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) ក្នុងការផ្លាស់ប្តូរទិដ្ឋភាពពាណិជ្ជកម្ម។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទយ៉ាងមានសារៈសំខាន់គឺ៖ «កម្មវិធីទូរស័ព្ទសម្រាប់ទីផ្សារកំពុងរីកចម្រើន នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត តើយើងបង្កើតវាចេញពីប្រទេសកម្ពុជាដោយរបៀបណា?»។ វេទិកានេះបានគូសបញ្ជាក់យ៉ាងច្បាស់ពីឱកាសដែលកំពុងកើនឡើង នៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលទើបនឹងបង្កើតថ្មីរបស់កម្ពុជា ក៏ដូចជាតថភាពជាក់ស្តែងនៃការបង្កើតផលិតផលឌីជីថលចេញពីទីផ្សារដែលកំពុងលេចធ្លោ។
ព្រឹត្តិការណ៍នេះ ទទួលបានការផ្តល់កិត្តិយសចូលរួមយ៉ាងខ្ពង់ខ្ពស់ពី លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គីម កនឡុង ប្រធានសហព័ន្ធអាជីវកម្មបង្កើតថ្មីកម្ពុជា Federation of Cambodian Startup។ នៅក្នុងឱកាសនោះ លោក សេដ្រិក កាំង (Cedric Kang) និងលោក ធៀរី ទី (Thierry Tea) ដែលជាសហប្រធាននៃ ឡា ហ្វ្រេនឆ៍ ថេក ភ្នំពេញ បានឡើងណែនាំពីបេសកកម្មរបស់សាខាក្នុងស្រុក ក្នុងការត្រៀមលក្ខណៈឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ (2026 Francophonie Summit)។ លោក ធៀរី ទី ក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវប្រព័ន្ធអេកូឡូស៊ីកម្ពុជា និងឱកាសគន្លឹះដើម្បីលើកកម្ពស់វិស័យនេះឱ្យដើរទន្ទឹមនឹងទិដ្ឋភាពអន្តរជាតិ។

កម្មវិធីបានបើកឆាកជាមួយនឹងការធ្វើបទបង្ហាញអំពីផលិតផលឌីជីថល ពីសំណាក់ស្ថាបនិកដែលកំពុងបង្កើតនវានុវត្តន៍លើវិស័យឈានមុខនានា៖
- វិស័យបច្ចេកវិទ្យាទេសចរណ៍ (TravelTech)៖ កញ្ញា ហេឡេន ឃ្វីនទីន (Hélène Quintin) និងលោក សេបាស្ទៀន ឡាកង់ (Sébastien Lacan) សហស្ថាបនិកនៃក្រុមហ៊ុន THE MAP បានណែនាំពីកម្មវិធីទូរស័ព្ទរបស់ខ្លួន ដែលរៀបចំឡើងដើម្បីជួយអ្នកប្រើប្រាស់ស្វែងរក និងធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ តាមរយៈការណែនាំទីតាំងដែលបានសម្រិតសម្រាំងយ៉ាងច្បាស់លាស់។
- វិស័យបច្ចេកវិទ្យាអប់រំ និងអចលនទ្រព្យ (EdTech & PropTech)៖ កញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន BAMNANG បានបង្ហាញពីដំណោះស្រាយឌីជីថលដែលជាចំណុចប្រសព្វរវាងបច្ចេកវិទ្យាអប់រំ និងអចលនទ្រព្យ។ ក្រុមហ៊ុននេះទទួលបានការគាំទ្រពីកម្មវិធីលំដាប់អន្តរជាតិធំៗ ដូចជា Plug and Play, ស្ថាប័ន Harvard Innovation Labs ក្នុងនាមជាកម្មវិធីត្រៀមបង្កើនល្បឿនអាជីវកម្ម និងសាកលវិទ្យាល័យ Singapore Management University ក្នុងនាមជាកម្មវិធីបង្កើនល្បឿនអាជីវកម្ម។
- វិស័យបច្ចេកវិទ្យាម្ហូបអាហារ (FoodTech)៖ កញ្ញា ឡូរីន ហ្សាទូ (Laurine Chateau) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន UMAMI បានចែករំលែកពីរបៀបដែលកម្មវិធីទូរស័ព្ទរបស់នាង តភ្ជាប់អ្នកចូលចិត្តញ៉ាំអាហារជាមួយបទពិសោធន៍ទទួលទានអាហារថ្មីៗ ព្រមទាំងជួយគាំទ្រដល់ភោជនីយដ្ឋាន និងអាជីវកម្មម្ហូបអាហារក្នុងស្រុក។
យើងខ្ញុំមានសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការគាំទ្រពីប្រព័ន្ធអេកូឡូស៊ី និងសហគមន៍ដែលបានជួយយើងឱ្យរីកចម្រើន ហើយយើងសង្ឃឹមថានៅត្រឹមឆ្នាំ២០៣០ BAMNANG អាចក្លាយជាក្រុមហ៊ុនយូនីខន (Unicorn - ក្រុមហ៊ុនមានតម្លៃទុនលើសពី ១ពាន់លានដុល្លារ) ដំបូងគេមួយរបស់កម្ពុជា ដែលស្របតាមចក្ខុវិស័យរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក្នុងការចង់ឃើញករណីជោគជ័យនៃក្រុមហ៊ុនយូនីខនកម្ពុជា។ -ប្រសាសន៍របស់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី នាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុន BAMNANG

វគ្គបន្ទាប់នៃកម្មវិធី គឺកិច្ចពិភាក្សាដេញដោលមួយដ៏ជក់ចិត្ត ដោយមានការចូលរួមពីវាគ្មិនជំនាញៗរួមមាន៖ លោក វណ្ណារិទ្ធ អ៊ុំ (Vantharith Oum) មកពី Plug and Play Tech Center, លោក សុខា ផានិត (Sokha Phanith) មកពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោ (Techo Startup Center), លោក Thierry Ngon មកពី RedBridge, កញ្ញា អម្រឹតវតី ស៊ី. គីម (AmrithVatey C. Kim) មកពី NewWave, និងលោក Kevin Sabbe មកពី SKAI Technology។ វគ្គពិភាក្សានេះសម្របសម្រួលដោយ កញ្ញា ឡាយ ស៊ីវហួង (Sivhuang Lay) នាយិកាគ្រប់គ្រងនៃ DICHI Academy ដោយបានផ្តោតលើវឌ្ឍនភាពរបស់កម្ពុជាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ឱកាស និងកម្រិតកំណត់នៃការបង្កើតអាជីវកម្មចេញពីទីផ្សារតូច និងតួនាទីរបស់ AI ក្នុងការជួយឱ្យអាជីវកម្មបង្កើតថ្មីដើរទៅមុខបានលឿនជាងមុន។
ការយកតម្រាប់តាមដំណោះស្រាយដែលជោគជ័យនៅបរទេស មិនមែនតែងតែធានានូវភាពជោគជ័យនៅក្នុងប្រទេសកម្ពុជានោះឡើយ។ ដើម្បីបង្កើតផលិតផលដែលដំណើរការបានពិតប្រាកដនៅទីនេះ ស្ថាបនិកចាំបាច់ត្រូវយល់ពីបរិបទក្នុងស្រុក ឥរិយាបថរបស់អ្នកប្រើប្រាស់ តថភាពទីផ្សារ និងតម្រូវការជាក់លាក់របស់សហគមន៍កម្ពុជា។ បច្ចេកវិទ្យា និង AI អាចជួយពន្លឿននវានុវត្តន៍ ប៉ុន្តែភាពជោគជ័យចុងក្រោយគឺកើតចេញពីការដោះស្រាយបញ្ហាពិតប្រាកដ ដែលមនុស្សទូទៅមានឆន្ទៈក្នុងការទទួលយក និងបង់ប្រាក់ទិញ។ -ប្រសាសន៍របស់ លោក សុខា ផានិត ប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោ
បន្ថែមពីនេះ វាគ្មិនកិត្តិយសក៏បានជជែកដេញដោលអំពីបញ្ហាប្រឈមគន្លឹះដែលស្ថាបនិកកម្ពុជាកំពុងជួបប្រទះ រួមមាន៖ ការទទួលបានប្រភពទុន វិបត្តិនិងការអភិវឌ្ឍធនធានមនុស្ស ការទទួលយកផលិតផលពីទីផ្សារ សន្តិសុខសាយប័រ និងតម្រូវការចាំបាច់ក្នុងការបង្កើតទំនាក់ទំនងឱ្យកាន់តែរឹងមាំរវាងអាជីវកម្ម ឬក្រុមហ៊ុនទើបតែបង្កើតថ្មី (Startup) ស្ថាប័នសាធារណៈ និងទីផ្សារក្នុងតំបន់។ កិច្ចពិភាក្សាក៏បានចោទជាសំណួរដ៏សំខាន់មួយថា៖ ''ទីផ្សារក្នុងស្រុក ឬទីផ្សារតំបន់ តើមួយណាជាជម្រើសដំបូងដ៏ត្រឹមត្រូវ សម្រាប់អាជីវកម្មបង្កើតថ្មីរបស់កម្ពុជា?''
នៅក្នុងកម្មវិធី សារគន្លឹះមួយដែលបានលេចធ្លោឡើងគឺ៖ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់កម្ពុជាកំពុងផ្លាស់ប្តូរពី «ការសន្យាកាលពីដំបូង» ទៅជា «ការអនុវត្តជាក់ស្តែង»។ ជាមួយនឹងអត្ថប្រយោជន៍នៃចំនួនប្រជាជនវ័យក្មេងដែលប្រើប្រាស់ទូរស័ព្ទដៃជាចម្បង ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកំពុងរីកចម្រើន និងការកើនឡើងនៃការគាំទ្រពីតួអង្គទាំងរដ្ឋ និងឯកជន ស្ថាបនិកនានាកំពុងពិនិត្យមើលកាន់តែម៉ត់ចត់លើរបៀបដែលដំណោះស្រាយដែលបង្កើតឡើងក្នុងប្រទេសកម្ពុជា អាចបម្រើដល់ទីផ្សារទាំងក្នុងស្រុក និងក្នុងតំបន់។
ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាថ្មីមួយដែលប្រមូលផ្តុំនូវទម្រង់នវានុវត្តន៍ចម្រុះជាច្រើននៅទូទាំងវិស័យ រួមមាន៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាអចលនទ្រព្យ,បច្ចេកវិទ្យាម្ហូបអាហារ, បច្ចេកវិទ្យាទេសចរណ៍, ប្រព័ន្ធផ្សព្វផ្សាយ, សន្តិសុខសាយប័រ, បច្ចេកវិទ្យាសុខាភិបាល, ប្រព័ន្ធគ្រប់គ្រងទិន្នន័យប្លុកឆេន, បញ្ញាសិប្បនិម្មិត (AI), ការអភិវឌ្ឍកម្មវិធី, ការផ្ទេរការងារបច្ចេកវិទ្យាទៅក្រៅប្រទេស និងភស្តុភារកម្ម។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងស្ថាប័នធំៗដូចជា អង្គការយូនីសេហ្វ UNICEF, សហព័ន្ធអាជីវកម្មបង្កើតថ្មីកម្ពុជា, ក្រុមហ៊ុន PillTech, ក្រុមហ៊ុន Obor Capital, សហគ្រាសខ្មែរ, ស្ថាប័ន Innolabs និងស្ថាប័នដទៃទៀត។

កម្មវិធី Tech Talk នេះ គឺជាផ្នែកមួយនៃស៊េរីគំនិតផ្តួចផ្តើមដ៏ទូលំទូលាយ ក្នុងដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងពង្រឹងភាពលេចធ្លោ និងភាពមើលឃើញរបស់កម្ពុជានៅក្នុងសហគមន៍នវានុវត្តន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឡា ហ្វ្រេនឆ៍ ថេក (La French Tech) គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលបារាំង ដឹកនាំដោយបេសកកម្មឡាហ្វ្រេនឆ៍ថេក (French Tech Mission) ក្រោមឱវាទក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអធិបតេយ្យភាពឧស្សាហកម្ម និងឌីជីថលបារាំង ដើម្បីគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាបារាំងនៅទូទាំងពិភពលោក។ ឡា ហ្វ្រេនឆ៍ ថេក ភ្នំពេញ គឺជាសាខាក្នុងស្រុកដែលបំពេញតួនាទីជាស្ពានចម្លងតភ្ជាប់សហគ្រិនកម្ពុជា និងបារាំង ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអាជីវកម្មបង្កើតថ្មីរបស់កម្ពុជា តាមរយៈកិច្ចសហការជាដៃគូជាមួយស្ថាប័នសាធារណៈ ក្រុមហ៊ុនសាជីវកម្ម និងសហគមន៍បច្ចេកវិទ្យាអន្តរជាតិ។
(កម្មវិធីនេះទទួលបានការគាំទ្រនិងឧបត្ថម្ភពីក្រុមហ៊ុន OCIC, SBI APAC, Aquation Theater រួមទាំងបណ្តាញ Canadia Impact Fund, TechFlow, UMAMI និង Pravinya)
