នៅក្នុងយុគសម័យឌីជីថលដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏កំពុងមានការផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈការលេចរូបរាងឡើងនៃកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ Goo Cambodia ដែលជា Platform ឌីជីថលឈានមុខគេមួយក្នុងការទិញ លក់ និងជួលអចលនទ្រព្យយ៉ាងងាយស្រួល។ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីដំណើរដើមទុន ផលវិបាក បទពិសោធន៍ ក៏ដូចជាកម្លាំងចលករនៅពីក្រោយភាពជោគជ័យនៃបច្ចេកវិទ្យាមួយនេះ ក្រុមការងារ ចាបខៀវ - Technology Cambodia មានកិត្តិយសក្នុងការសម្ភាសន៍ផ្ទាល់ជាមួយ លោក ស្រស់ ជីវ័ន្ត ដែលជាស្ថាបនិកផ្ទាល់នៃកម្មវិធី Goo Cambodia ដើម្បីចែករំលែកនូវទស្សនៈវិស័យ និងបទពិសោធន៍រៀបចំអាជីវកម្មបែប Tech Startup និងរឿងរ៉ាវនៅពីក្រោយអាជីវកម្មផងដែរ។

លោក ស្រស់ ជីវ័ន្ត គឺជាស្ថាបនិកនៃកម្មវិធីអចលនទ្រព្យឆ្លាតវៃ Goo Cambodia ដែលមានស្រុកកំណើតនៅក្រុងដូនកែវ ខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងឆ្នាំ ២០១៣ និងបរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យាពីវិទ្យាស្ថាន ស៊ីតិក។ មុនពេលចាប់ផ្តើមគម្រោងនេះ លោកធ្លាប់ជាអ្នកគ្រប់គ្រង និងអភិវឌ្ឍន៍កម្មវិធីគ្រប់គ្រង ERP នៅក្រុមហ៊ុនបារាំង Project Alba លើវិស័យកសិកម្មអស់រយៈពេល ៧ ឆ្នាំ ហើយបន្តធ្វើជាអ្នកគ្រប់គ្រងផ្នែក Cloud Engineering & Data Security នៅក្រុមហ៊ុនឯកជនមួយរយៈពេល ៤ ឆ្នាំទៀត។

សម្រាប់ការបង្កើត Goo Cambodia លោកបានឱ្យដឹងថា កម្មវិធីនេះត្រូវបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៤ ដោយចាប់ផ្តើមបញ្ចេញមុខងារដាក់ជួល និងស្វែងរកជួលនៅឆ្នាំ ២០២៥ និងបន្តបន្ថែមមុខងារដាក់លក់ និងស្វែងរកទិញអចលនទ្រព្យនៅឆ្នាំ ២០២៦។ ទោះជាយ៉ាងណា ការសិក្សា និងចងក្រងព័ត៌មានទីផ្សារអចលនទ្រព្យជួល និងលក់ក្នុងប្រទេស ត្រូវបានចាប់ផ្តើមជាច្រើនឆ្នាំមុនមកហើយ។
លោកបានរំលឹកថា កាលនៅជាសិស្សនិស្សិត និងជាបុគ្គលិកក្រុមហ៊ុន លោកពិបាកស្វែងរកផ្ទះ ឬបន្ទប់ជួលដែលត្រូវចិត្តណាស់។ ត្រូវចំណាយពេលជិះស្វែងរកគ្រប់ច្រកផ្លូវតូចធំ នៅតំបន់ដែលចង់ស្នាក់នៅ ដើរថតផ្លាកជួលគ្រប់ផ្ទះ រួចខលទៅម្ចាស់ផ្ទះដើម្បីសួរពីតម្លៃ និងលក្ខខណ្ឌផ្សេងៗ។ ចុងក្រោយបរាជ័យដោយសារតម្លៃខ្ពស់ពេក ខលទៅម្ចាស់ផ្ទះទាក់ទងមិនបាន ឬលក្ខខណ្ឌម្ចាស់ផ្ទះមិនដូចអ្វីដែលចង់បាន ដែលធ្វើឱ្យខាតពេល និងខាតកម្លាំងជាច្រើន។ ដោយសារបញ្ហាទាំងនេះ លោកបានគិតថា ប្រសិនបើមានកម្មវិធីទូរស័ព្ទដៃមួយដែលអនុញ្ញាតឱ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលគ្រប់គ្នា អាចបង្ហោះបន្ទប់ជួល ឬអចលនទ្រព្យជួលផ្សេងៗដែលខ្លួនមានដោយសេរី នោះអ្នកដែលមានតម្រូវការចង់ជួលនឹងលែងពិបាកទៀតហើយ។ គ្រាន់តែបើកទូរស័ព្ទ កំណត់ទីតាំង និងតម្លៃដែលចង់បាន រួចចុចស្វែងរក នោះបន្ទប់ជួល និងផ្ទះជួលដែលស្ថិតនៅជុំវិញទីតាំងនោះ នឹងបង្ហាញជាមួយរូបភាព តម្លៃ លក្ខខណ្ឌ និងចម្ងាយយ៉ាងច្បាស់។
បើនិយាយពីកម្មវិធី Goo Cambodia គឺជាកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ផ្នែកបច្ចេកវិទ្យាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដើម្បីជួយសម្រួលដល់ការ ទិញ លក់ ជួល និងស្វែងរកអចលនទ្រព្យ គ្រប់ប្រភេទតាមបែបឌីជីថល។ យោងតាមការរៀបរាប់របស់លោក ស្រស់ ជីវ័ន្ត ដែលជាស្ថាបនិក មុខងារនិងគោលបំណងសំខាន់ៗរបស់កម្មវិធីនេះរួមមាន៖
- ដោះស្រាយបញ្ហាពិបាករកកន្លែងស្នាក់នៅ៖ កម្មវិធីនេះបង្កើតឡើងដើម្បីជួយអ្នកដែលពិបាកដើររកផ្ទះជួល ឬបន្ទប់ជួល ដោយមិនបាច់ចំណាយពេលជិះកាត់តាមច្រកផ្លូវ ដើរថតផ្លាក ឬខលសួរនាំច្រើននាំតែខាតពេល និងខាតកម្លាំង។
- មុខងារស្វែងរកឆ្លាតវៃ៖ អ្នកប្រើប្រាស់គ្រាន់តែបើកទូរស័ព្ទ កំណត់ទីតាំង និងតម្លៃដែលចង់បាន រួចចុចស្វែងរក នោះកម្មវិធីនឹងបង្ហាញបន្ទប់ជួល ឬផ្ទះជួលដែលនៅជុំវិញនោះភ្លាមៗ ដោយមានភ្ជាប់ជាមួយរូបភាព តម្លៃ លក្ខខណ្ឌរបស់ម្ចាស់ផ្ទះ និងចម្ងាយជាក់លាក់ (ជាម៉ែត្រ ឬគីឡូម៉ែត្រ)។
- មុខងារប្រៀបធៀបតម្លៃ និងអចលនទ្រព្យ៖ សម្រាប់អ្នកដែលស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត កម្មវិធីនេះមានមុខងារប្រៀបធៀបអចលនទ្រព្យ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសផ្ទះ ឬបន្ទប់ជួលពី ២ ទៅ ៣ ទីតាំងផ្សេងគ្នា ដើម្បីយកមកប្រៀបធៀបគ្នាយ៉ាងលម្អិតនៅលើអេក្រង់តែមួយ ទាំងលើផ្នែកតម្លៃ ទំហំ ម៉ាស៊ីនត្រជាក់ សម្ភារៈដំឡើងស្រាប់ លក្ខខណ្ឌកក់លុយ និងចម្ងាយទីតាំង ដើម្បីងាយស្រួលធ្វើការសម្រេចចិត្ត។
- ការត្រួតពិនិត្យគុណភាព៖ រាល់ការបង្ហោះទាំងអស់ នឹងត្រូវឆ្លងកាត់ការពិនិត្យ និងអនុម័តពីក្រុមការងារមុននឹងដាក់បង្ហាញនៅលើកម្មវិធី ដើម្បីធានាភាពត្រឹមត្រូវនៃព័ត៌មាន។
- មុខងារណាត់ជួប៖ បច្ចុប្បន្នអេប មានកន្លែងឲ្យអតិថិជន booking ណាត់ពេលជួបជាមួយម្ចាស់អចលនទ្រព្យ ចេញពីក្នុងអេបតែម្តង។
- ការបង្ហោះដោយសេរី៖ អនុញ្ញាតឱ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ អាចបង្ហោះព័ត៌មានអចលនទ្រព្យដែលខ្លួនមានដោយសេរី ងាយស្រួលដល់អ្នកដែលមានតម្រូវការចង់ជួលចូលទៅមើល។
- ផែនការវិវត្តន៍៖ កម្មវិធីនេះបានចាប់ផ្តើមបញ្ចេញមុខងារដាក់ជួល និងស្វែងរកជួលនៅក្នុងឆ្នាំ ២០២៥ ហើយបានបន្តបន្ថែមមុខងារសំខាន់ៗដូចជា៖ មុខងារទូទាត់ប្រាក់តាម KHQR ទៅកាន់ម្ចាស់អចលនទ្រព្យដោយផ្ទាល់ និងប្រព័ន្ធទទួលមតិរិះគន់ស្ថាបនាពីអ្នកប្រើប្រាស់ (Feedback)។
- មុខងារពិសេសមួយទៀតរបស់កម្មវិធី Goo Cambodia គឺម្ចាស់អចលនទ្រព្យអាចបិទ ឬបើកការបង្ហោះ របស់ខ្លួនបានគ្រប់ពេលវេលាតាមតម្រូវការ។ ឧទាហរណ៍៖ នៅពេលដែលមានអតិថិជនជួលបន្ទប់ ឬផ្ទះនោះរួចរាល់ហើយ ម្ចាស់ផ្ទះអាចចុចបិទ ការបង្ហោះនោះជាបណ្តោះអាសន្ន ដើម្បីកុំឱ្យមានអ្នកខលសួរនាំច្រើន ហើយអាចចុចបើក វាឡើងវិញនៅពេលដែលអ្នកជួលចាស់រៀបនឹងរើចេញ ឬចាកចេញ ដើម្បីស្វែងរកអ្នកជួលថ្មីបន្តភ្លាមៗ។
និយាយឱ្យងាយយល់ Goo Cambodia គឺជាទីផ្សារអចលនទ្រព្យឌីជីថលមួយ ដែលជួយតភ្ជាប់រវាងម្ចាស់អចលនទ្រព្យ (អ្នកលក់-អ្នកដាក់ជួល) និងអតិថិជន (អ្នកទិញ-អ្នកជួល) ឱ្យជួបគ្នាយ៉ាងរហ័ស ងាយស្រួល និងមានតម្លាភាពតាមរយៈទូរស័ព្ទដៃ។ តាមរយៈបច្ចេកវិទ្យាស្វែងរកដ៏ឆ្លាតវៃ កម្មវិធីនេះបានលុបបំបាត់រាល់ការស្មុគស្មាញ និងវិធីសាស្ត្របែបបុរាណ ដោយផ្លាស់ប្តូរការដើររកផ្ទះ ឬដីធ្លីដែលធ្លាប់តែហត់នឿយ ខាតពេល និងខាតកម្លាំង មកជាការចុចមើលនៅលើអេក្រង់ទូរស័ព្ទត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ មិនថាអ្នកជាសិស្សនិស្សិតដែលកំពុងស្វែងរកបន្ទប់ជួលតម្លៃសមរម្យជិតសាលារៀន ឬជាអ្នកវិនិយោគដែលកំពុងស្វែងរកអចលនទ្រព្យសម្រាប់ទិញលក់នោះទេ Goo Cambodia ផ្តល់ជូននូវព័ត៌មានជាក់លាក់ ទាំងរូបភាព តម្លៃ លក្ខខណ្ឌ និងចម្ងាយពិតប្រាកដ ដែលជួយឱ្យការសម្រេចចិត្តធ្វើឡើងដោយទំនុកចិត្ត និងចំណេញថវិកាបំផុត។ លើសពីនេះទៅទៀត វេទិកាឌីជីថលមួយនេះមិនត្រឹមតែជាស្ពានចម្លងសម្រាប់អ្នកជួល ឬអ្នកទិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ជម្រុញអាជីវកម្មដ៏មានឥទ្ធិពលសម្រាប់ម្ចាស់អចលនទ្រព្យ និងភ្នាក់ងារជំនាញផងដែរ តាមរយៈការបើកឱកាសឱ្យពួកគេអាចបង្ហោះផ្សព្វផ្សាយព័ត៌មានដោយសេរីទៅកាន់អតិថិជនគោលដៅរាប់ម៉ឺននាក់។

រហូតមកទល់ពេលនេះ ដំណើរការអភិវឌ្ឍន៍កម្មវិធី Goo Cambodia បានចំណាយទុនវិនិយោគអស់ប្រមាណជាង ២ម៉ឺនដុល្លារអាមេរិករួចមកហើយ ដែលជាថវិកាផ្ទាល់ខ្លួនសុទ្ធសាធរបស់លោក។ ទោះជាយ៉ាងនេះក្តី លោកស្ថាបនិកបានគូសបញ្ជាក់ថា គម្រោង Tech Startup មួយនេះ នៅតែត្រូវការដើមទុនបន្ថែមជាច្រើនទៀត ដើម្បីបន្តការអភិវឌ្ឍទៅលើមុខងារសំខាន់ៗ នៅលើកម្មវិធី ព្រមទាំងជំរុញយុទ្ធសាស្ត្រទីផ្សារ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ និងប្រើប្រាស់កម្មវិធីនេះឱ្យកាន់តែទូលំទូលាយ។
អ្វីដែលជាអាទិភាពសំខាន់មួយទៀតនោះគឺ ការពង្រឹងក្រុមការងារផ្ទៃក្នុង ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃគុណភាពទិន្នន័យអចលនទ្រព្យដែលបានបង្ហោះចូលក្នុងប្រព័ន្ធឱ្យមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ ព្រមទាំងការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យជំនាញ (Real Estate Advisers) ជាច្រើនរូបបន្ថែមទៀត សម្រាប់ជួយសម្របសម្រួល ផ្តល់ប្រឹក្សា និងតភ្ជាប់ទំនាក់ទំនងរវាងអ្នកដាក់លក់ អ្នកដាក់ជួល និងអតិថិជនដែលមានតម្រូវការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ លោកក៏បានបើកចំហ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូក្នុងវិស័យអចលនទ្រព្យទាំងអស់ ដែលមានបំណងចង់ចូលរួមសហការជាមួយ Goo Cambodia ផងដែរ។
ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់ លោក ស្រស់ ជីវ័ន្ត មានគោលបំណងពង្រីកវិសាលភាពនៃកម្មវិធី Goo Cambodia ឱ្យក្លាយជាវេទិកាឌីជីថលទិញ លក់ និងជួលអចលនទ្រព្យឈានមុខគេ ដែលមានភាពទំនើប ទាន់សម័យ និងងាយស្រួលប្រើប្រាស់បំផុតសម្រាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ក្នុងការដោះស្រាយតម្រូវការរស់នៅប្រចាំថ្ងៃ ស្របតាមការវិវត្តនៃសេដ្ឋកិច្ចឌីជីថល ព្រមទាំងប្តេជ្ញារក្សាតម្លៃសេវាកម្មឱ្យនៅទាបសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។

លើសពីការបោះជំហានក្នុងវិស័យអចលនទ្រព្យ ស្ថាបនិករូបនេះ រួមជាមួយក្រុមការងារ ក៏កំពុងបន្តអភិវឌ្ឍគម្រោងថ្មីមួយទៀត គឺការបង្កើតកម្មវិធីទូរស័ព្ទដៃស្វែងរកឱកាសការងារ។ គម្រោងនេះ នឹងដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការបើកឱកាសការងារយ៉ាងទូលំទូលាយ ចាប់តាំងពីបងប្អូនពលករដែលគ្មានជំនាញ បណ្តុះបណ្តាលឱ្យមានរហូតដល់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ដើម្បីផ្គត់ផ្គង់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកទាំងអស់ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា។
ជាចុងក្រោយ លោកបានផ្តាំផ្ញើទៅកាន់យុវជនខ្មែរថា៖ នៅក្នុងដំណាក់កាលដំបូងនៃ Startup គ្មាននរណាម្នាក់ដឹងចម្លើយត្រឹមត្រូវតាំងពីថ្ងៃចាប់ផ្តើម ឬធ្វើអ្វីជោគជ័យគ្រប់រឿងនោះទេ។ ត្រូវហ៊ានទទួលយកបរាជ័យ ចំណុចខ្វះខាតរបស់ខ្លួន និងបន្តស្វែងរកដំណោះស្រាយនៅជុំវិញខ្លួន។ លោកបានបន្ថែមថា «ត្រូវចាំថា បញ្ហាកាន់តែធំ រង់ចាំមនុស្សខ្លាំងមកដោះស្រាយ»។ ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន វិស័យបច្ចេកវិទ្យាកំពុងក្លាយជាឱកាសដ៏ធំមួយសម្រាប់អ្នកដែលចង់បង្កើតការផ្លាស់ប្តូរ និងដោះស្រាយបញ្ហានៅក្នុងសង្គមតាមរយៈនវានុវត្តន៍។

ជារួមត្រឡប់មកវិញ នៅក្នុងខ្លឹមសារអត្ថបទនេះចង់ផ្តាំផ្ញើទៅកាន់អ្នកអានជាទីស្រលាញ់ថាពេលវេលាល្អបំផុតដើម្បីដាំដើមឈើគឺកាលពី ២០ ឆ្នាំមុន ហើយពេលវេលាល្អបំផុតលំដាប់ទីពីរ គឺពេលនេះ! កុំរង់ចាំរហូតដល់មានដើមទុនគ្រប់គ្រាន់ លក្ខខណ្ឌល្អឥតខ្ចោះ ឬចាំទាល់តែលែងមានបញ្ហា ឬហានិភ័យ ព្រោះនៅលើលោកនេះមិនមានភាពជោគជ័យណាដែលកើតចេញពីការរង់ចាំនោះឡើយ។ រាល់អាជីវកម្មយក្ស និងម៉ាកល្បីៗដែលអ្នកឃើញសព្វថ្ងៃ សុទ្ធតែបានចាប់ផ្តើមចេញពីគំនិតតូចមួយ និងការសម្រេចចិត្តយ៉ាងក្លាហានក្នុងការបោះជំហានដំបូងទាំងក្តីបារម្ភដូចគ្នា។ បើអ្នកមិនព្រមបង្កើតឱកាស និងបង្កើតអាជីវកម្មដើម្បីក្តីស្រមៃខ្លួនឯងទេ ថ្ងៃណាមួយអ្នកដទៃនឹងជួលអ្នកឱ្យទៅជួយបង្កើតក្តីស្រមៃរបស់ពួកគេមិនខាន។ ក្រោកឈរឡើង ជឿជាក់លើសមត្ថភាពខ្លួនឯង បំប្លែងការភ័យខ្លាចទៅជាកម្លាំងរុញច្រាន ហើយចាប់ផ្តើមធ្វើវាពីចំណុចតូចបំផុតដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ព្រោះភាពជោគជ័យមិនរង់ចាំអ្នកដែលស្ទាក់ស្ទើរនោះទេ!
អត្ថបទដោយ៖ ងួន ឃុនណា (Khunna Nguon)
