យោងតាមប្រភពព័ត៌មានបែកធ្លាយពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងអភិវឌ្ឍកាសត្រចៀកកម្រិតកំពូលស៊េរីថ្មី ដែលមានឈ្មោះថា AirPods Ultra។ កាសជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ ២០២៧ ខាងមុខ។

បើទោះបីជា AirPods Ultra អាចនឹងរក្សារូបរាងដដែលដូចទៅនឹងស៊េរីមុនៗក៏ដោយ ប៉ុន្តែវាត្រូវបានគេដំឡើងសមត្ថភាព និងបន្ថែមបច្ចេកវិទ្យាបដិវត្តន៍ថ្មីៗជាច្រើន រួមមាន៖
- បន្ទះឈីប Apple H3 ជំនាន់ថ្មី៖ ជួយឱ្យការកាត់បន្ថយសំឡេងរំខានខាងក្រៅ (ANC) កាន់តែមានប្រសិទ្ធភាព និងបង្កើនល្បឿននៃការភ្ជាប់ទំនាក់ទំនង។
- កាមេរ៉ា IR (Infrared)៖ សេនស័រថ្មីនេះ នឹងជួយឱ្យកាសអាចស្កែន និងវាស់ស្ទង់បរិស្ថានជុំវិញខ្លួន ដើម្បីតម្រូវកម្រិតសំឡេងឱ្យកាន់តែសមស្រប។
- ការបញ្ជាដោយកាយវិការក្នុងអាកាស (In-air gesture control)៖ នេះជាមុខងារដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជាបិទ/បើក ឬផ្អាកតន្ត្រី ដោយគ្រាន់តែធ្វើកាយវិការដៃនៅលើអាកាស ដោយមិនចាំបាច់ប៉ះផ្ទាល់លើតួជើងកាសឡើយ។
- ជំនួយការ Siri បំពាក់បច្ចេកវិទ្យា AI៖ មុខងារ Siri នឹងត្រូវបានអភិវឌ្ឍឱ្យកាន់តែឆ្លាតវៃ អាចយល់ពីបរិបទនៃការសន្ទនា និងពាក្យបញ្ជាស្មុគស្មាញរបស់ម្ចាស់បានយ៉ាងល្អ។
- ការកែលម្អប្រព័ន្ធសំឡេង៖ ប្រព័ន្ធសំឡេងព័ទ្ធជុំវិញ (Spatial Audio) នឹងត្រូវបានដំឡើងឱ្យកាន់តែរស់រវើក ព្រមទាំងមានការសម្រិតសម្រាំងសំឡេងយ៉ាងពិសេស (Enhanced audio) សម្រាប់ប្រើប្រាស់គូជាមួយវ៉ែនតា Apple Vision Pro ផងដែរ។
- AirPods Ultra៖ ត្រូវបានគេរំពឹងទុកថាមានតម្លៃប្រហាក់ប្រហែល $400។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការបំពាក់នូវបច្ចេកវិទ្យាកំពូលៗទាំងនេះ ព័ត៌មានបែកធ្លាយបានបញ្ជាក់ថា AirPods Ultra នឹងមានតម្លៃខ្លួនខ្ពស់ជាងម៉ូដែល AirPods ធម្មតានាពេលបច្ចុប្បន្ន។ មកទល់ពេលនេះ ខាងក្រុមហ៊ុន Apple មិនទាន់មានការឆ្លើយតប ឬបញ្ជាក់ផ្លូវការណាមួយជុំវិញព័ត៌មានចចាមអារ៉ាមនេះនៅឡើយទេ ប៉ុន្តែវាបានធ្វើឱ្យអ្នកគាំទ្របច្ចេកវិទ្យាជាច្រើនបង្ហាញការរំភើប និងទន្ទឹងរង់ចាំមើលវត្តមានរបស់វានៅចុងឆ្នាំ ២០២៧ ខាងមុខនេះយ៉ាងខ្លាំង។
