វិស័យអប់រំនៅកម្ពុជា កំពុងតែបោះជំហានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែទំនើប ដោយក្រសួងអប់រំ យុវជន និងកីឡា បានចាប់ដៃសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា SHIZHEN (HK) LIMITED ដើម្បីសាកល្បងគម្រោងបន្ទប់រៀនឆ្លាតវៃ (Smart Classroom) នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យបឹងត្របែក។

កិច្ចសហការនេះ ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ និងលោក Aaron Xiao តំណាងក្រុមហ៊ុន SHIZHEN (HK) LIMITED កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ សរុបប្រមាណ ២៩រូប។

តាមរយៈគម្រោងខាងលើនេះ សាលារៀនជំនាន់ថ្មី វិទ្យាល័យបឹងត្របែក នឹងក្លាយជាទីតាំងសាកល្បងបន្ទប់រៀនឆ្លាតវៃ ក្រោមគម្រោងមធ្យមសិក្សាដើម្បីភាពប្រកួតប្រជែងនៃមូលធនមនុស្ស (SE4HC)។ គម្រោងនេះ មានគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន ព្រមទាំងធ្វើឱ្យបរិយាកាសសិក្សាកាន់តែទំនើប និងស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។
ការអភិវឌ្ឍបន្ទប់រៀនឆ្លាតវៃនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងលើកកម្ពស់គុណភាពសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងជំនាញដែលឆ្លើយតបនឹងតម្រូវការសង្គម និងទីផ្សារការងារនាពេលអនាគត។

