ដំណឹងល្អ! កម្ពុជា ត្រៀមបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ការពារសត្វផ្សោតទន្លេមេគង្គ
Touch Soriya
•
NOVEMBER 5 2026
•
នវានុវត្តន៍
•
13 views
•
1 min read
•

ការការពារសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា នឹងឈានទៅរកការប្រើប្រាស់បច្ចេកវិទ្យាទំនើបកាន់តែច្រើន ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងត្រៀមបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប មុនដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ នេះ។

055

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកការងារអភិរក្សជលផល បានដឹកនាំក្រុមការងារចុះពិនិត្យសម្ភារៈបរិក្ខារ ដែលត្រូវបំពាក់នៅមជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ មានទីតាំងនៅទីស្នាក់ការប៉ុស្តិ៍ឆ្មាំអភិរក្សសត្វផ្សោតអន្លង់កាំពី ខេត្តក្រចេះ។ 

054

ជាមួយគ្នានេះ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ប្រព័ន្ធថ្មីមានលក្ខណៈពិសេសនេះ អាចបញ្ជូនរូបភាព និងព័ត៌មានពីតំបន់អភិរក្សទៅកាន់បញ្ជាការដ្ឋាន ដើម្បីឱ្យកម្លាំងឆ្មាំទន្លេអាចតាមដានសកម្មភាព និងកំណត់ទីតាំងដែលអាចមានហានិភ័យដល់សត្វផ្សោតបានកាន់តែប្រសើរ។ ព័ត៌មានទាំងនេះ នឹងជួយដល់ការរៀបចំផែនការល្បាត និងការឆ្លើយតបចំពោះបទល្មើសនេសាទបានកាន់តែឆាប់រហ័ស និងចំគោលដៅ ពិសេសជួយសន្សំសំចៃធនធានក្នុងការងារអភិរក្សផងដែរ។

លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានណែនាំក្រុមការងារឱ្យពន្លឿនទៅលើការដំឡើងកាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដោយធានាលើគុណភាព និងប្រសិទ្ធភាពបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងតាមដានការអភិរក្សសត្វផ្សោត។

057

គួរបញ្ជាក់ថា គម្រោងបំពាក់ប្រព័ន្ធតាមដានទំនើបនេះ ទទួលបានការគាំទ្រពីអង្គការ WWF និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងនេះ ត្រូវបានរំពឹងថានឹងរួមចំណែកធ្វើទំនើបកម្មការងារអភិរក្សជលផល និងពង្រឹងការការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia