ស្របពេលដែលតម្រូវការឧបករណ៍ឌីជីថលដែលមានភាពបត់បែនខ្ពស់កំពុងកើនឡើង យីហោខ្មែរដំបូងគេ K Haitech បានបញ្ចេញនូវថេប្លេតម៉ូដែល M20 របស់ខ្លួន ដែលរចនាឡើងយ៉ាងពិសេសសម្រាប់សិស្ស និស្សិត អ្នកធ្វើការការិយាល័យ និងអ្នកបង្កើតមាតិកា នេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ KH Haitech Co., Ltd។ អ្វីដែលធ្វើឱ្យថេប្លេតនេះលេចធ្លោ គឺការរួមបញ្ចូលគ្នារវាងអេក្រង់ទំហំធំ កម្លាំងម៉ាស៊ីនខ្លាំង និងសមត្ថភាពបំពេញការងារបានដូចកុំព្យូទ័រយួរដៃ។

ខុសពីថេប្លេតទូទៅនៅក្នុងទីផ្សារដែលមានទំហំតូច K Haitech M20 មកជាមួយអេក្រង់ធំរហូតដល់ ១៤ អ៊ីញ។ ទំហំដ៏ធំនេះផ្តល់នូវភាពងាយស្រួលយ៉ាងខ្លាំងក្នុងការអានឯកសារវែងៗដោយមិនបាច់ពង្រីក ការបើកកម្មវិធីពីរទន្ទឹមគ្នាដើម្បីធ្វើការងារបណ្តើរនិងមើលឯកសារយោងបណ្តើរ ព្រមទាំងការទស្សនាវីដេអូមេរៀនបានយ៉ាងច្បាស់ពេញភ្នែក។
កម្លាំងម៉ាស៊ីនខ្លាំង និងល្បឿនលឿនទ្វេរដង (RAM 8GB + 12GB)
ដើម្បីធានាថាការប្រើប្រាស់មិនមានភាពរអាក់រអួល M20 បំពាក់នូវកម្លាំងម៉ាស៊ីន និងទំហំផ្ទុកធំគួរឱ្យកត់សម្គាល់៖
- RAM សរុបប្រៀបដូចជា 20GB (8GB ដើម + 12GB បន្ថែម): អនុញ្ញាតឱ្យម៉ាស៊ីនដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ (Multitasking) បានយ៉ាងរលូន មិនថាជាការបើក Web Browser ច្រើន Tab ឬការប្តូរចុះឡើងរវាងកម្មវិធីសិក្សានោះទេ។
- អង្គចងចាំ 128GB (Storage): ធំទូលាយគ្រាន់បើសម្រាប់រក្សាទុកឯកសារមេរៀន រូបភាព វីដេអូ និងដំឡើងកម្មវិធីសំខាន់ៗបានរាប់រយ។
- K Haitech M20 ត្រូវបានរចនាឡើងដើម្បីពង្រឹងផលិតភាពការងារ ដោយវាអាចភ្ជាប់ជាមួយក្តារចុច និងមិនប៉ះពាល់ដល់ការបំពេញការងារដូចកុំព្យូទ័រយួរដៃឡើយ។ ថេប្លេតនេះគាំទ្រពេញលេញនូវកម្មវិធីការិយាល័យ Microsoft 365 រួមមានកម្មវិធី Word សម្រាប់វាយអត្ថបទ កម្មវិធី Excel សម្រាប់រៀបចំទិន្នន័យ និងកម្មវិធី PowerPoint សម្រាប់រចនាស្លាយ និងធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀន ឬកិច្ចប្រជុំ។
ក្រៅពីការងារឯកសារ ថេប្លេតនេះក៏ជាដៃគូមិនអាចខ្វះបានសម្រាប់អ្នកចូលចិត្តគូរគំនូរ ឬកត់ត្រា ដោយសារវាគាំទ្រការប្រើប្រាស់ជាមួយប៊ិចឆ្លាតវៃ។ សិស្សនិស្សិតអាចប្រើវាដើម្បីកត់ចំណាំផ្ទាល់នៅលើស្លាយមេរៀន រីឯអ្នកច្នៃប្រឌិតអាចប្រើសម្រាប់ព្រាងគំនិត ឬរចនាប្លង់ផ្សេងៗបានយ៉ាងរហ័សទាន់ចិត្ត។

ឆ្លើយតបទៅនឹងការរស់នៅបែបឌីជីថលដែលត្រូវការអ៊ីនធឺណិតជាប្រចាំ K Haitech M20 បន្ថែមភាពងាយស្រួលដោយគាំទ្រស៊ីមកាតចំនួនពីរ។ នេះមានន័យថា អ្នកប្រើប្រាស់មិនបាច់បារម្ភរឿងអត់មានប្រព័ន្ធវាយហ្វាយនោះទេ ដោយសារអាចប្រើប្រាស់ប្រព័ន្ធទិន្នន័យចល័តដើម្បីចូលរៀនអនឡាញ បញ្ជូនការងារ ឬធ្វើការស្រាវជ្រាវបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជារួមមក K Haitech ម៉ូដែល M20 មិនមែនគ្រាន់តែជាថេប្លេតសម្រាប់មើលវីដេអូកម្សាន្តធម្មតានោះទេ ប៉ុន្តែវាជាឧបករណ៍ផលិតភាពការងារមួយដ៏ពិតប្រាកដ។ តាមរយៈការរួមបញ្ចូលគ្នារវាងអេក្រង់ ១៤ អ៊ីញ កម្លាំងរ៉េមធំ មុខងារគាំទ្រកម្មវិធីការិយាល័យ និងការប្រើប្រាស់ប៊ិច ថេប្លេតប្រេនខ្មែរមួយនេះនឹងក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកសិក្សា និងអ្នកធ្វើការសម័យថ្មី។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាក់ទងផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៧៧ ៣៥២ ០០០។

គួរបញ្ជាក់ថា ថេប្លេតខ្មែរ «K Haitech» របស់ក្រុមហ៊ុន KH Haitech បង្កេីតឡេីងដោយ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន រួមជាមួយក្រុមហ៊ុនអន្តរជាតិ បច្ចេកវិទ្យាអន្តរជាតិ Haier Haitech (Haier Group) ផ្សំបន្ថែមជាមួយក្រុមហ៊ុនសិង្ហបុរីចំនួន២បន្ថែមទៀត។ ជាមួយគ្នារោងចក្រថេប្លេតខ្មែរ «K Haitech» កំពុងសាងសង់ និងដំឡេីងខ្សែសង្វាក់ដំឡេីងបំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម (automation) ដោយដំណាក់កាលដំបូងធ្វេីការបង្គុំ រួចនឹងឈានទៅ SKD ក្នុងរយៈពេល៣ឆ្នាំ ហេីយនិងឈានទៅ CKD ក្នុងរយៈពេល៥-៧ឆ្នាំ នោះដោយសារតែ «K Haitech» មានការចូលរួមសហការណ៍ជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិ Haier Haitech បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hair Group ជាក្រុមហ៊ុនមានជំនាញខាងផលិតគ្រឿងអេឡិចត្រូនិច។
អត្ថបទដោយ៖ ផែន ផាន់ណា
Tech content Local

