Meta គ្រោងប្រមូលទុន ៩៥ ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI
Touch Soriya
•
OCTOBER 27 2026
•
ឌីជីថល
•
9 views
•
2 mins read
•

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook គ្រោងប្រមូលទុនរហូតដល់ ៩៥ ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងបង្កើនការវិនិយោគលើបច្ចេកវិទ្យានេះ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ 

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ Meta បានចាប់ផ្តើមផែនការលក់ភាគហ៊ុនធម្មតា និងភាគហ៊ុនអាទិភាព ដែលមានទំហំប្រមាណ ៣៥ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនក៏មានផែនការលក់ភាគហ៊ុនបន្ថែមតាមទីផ្សារមូលបត្រ ដែលអាចប្រមូលទុនបានរហូតដល់ ៦០ពាន់លានដុល្លារទៀត បន្ទាប់ពីភាគហ៊ុនប្រភេទ Class C របស់ Meta ចាប់ផ្តើមជួញដូរ ដែលរំពឹងថានឹងកើតឡើងនៅត្រីមាសទី១ ឆ្នាំ២០២៧។ ទោះជាយ៉ាងណា ព័ត៌មានលម្អិត និងពេលវេលានៃការលក់ភាគហ៊ុនបន្ថែមនេះ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។

036

ការប្រមូលទុនរបស់ Meta នេះ ធ្វើឡើងនៅពេល Meta កំពុងចំណាយប្រាក់យ៉ាងច្រើនលើបន្ទះឈីប មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធកុំព្យូទ័រដែលចាំបាច់សម្រាប់ដំណើរការ AI ដែលការវិនិយោគទាំងនេះមានគោលបំណងពង្រឹងសមត្ថភាព AI របស់ក្រុមហ៊ុន និងប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI និង Anthropic។ Reuters បានបញ្ជាក់ថា ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia, Advanced Micro Devices (AMD) និង Broadcom ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគទិញភាគហ៊ុនប្រភេទ Class A របស់ Meta ក្នុងទំហំទឹកប្រាក់សរុបរហូតដល់ ៥ពាន់លានដុល្លារ។

ការវិនិយោគយ៉ាងច្រើនរបស់ Meta នេះ Reuters បានបង្ហាញពីស្ថានភាពហិរញ្ញវត្ថុថា នៅត្រីមាសទី៣ ឆ្នាំ២០២៦ បន្ទាប់ពីដកការចំណាយលើការវិនិយោគសំខាន់ៗចេញពីសាច់ប្រាក់ដែលរកបានពីអាជីវកម្ម Meta មានសាច់ប្រាក់នៅសល់ជាចំនួនអវិជ្ជមាន ២,១២ ពាន់លានដុល្លារ។ ចំណែកនៅត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុនមានសាច់ប្រាក់នៅសល់ចំនួន ១០,៦៣ ពាន់លានដុល្លារ។ តួលេខនេះ គឺបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយ Meta មិនធ្លាប់មានសាច់ប្រាក់នៅសល់ជាចំនួនអវិជ្ជមានបែបនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ។

037

ជាមួយគ្នានេះ Meta បានព្យាករថា ការចំណាយលើទ្រព្យសកម្មមូលធន ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងឧបករណ៍បច្ចេកវិទ្យា នឹងមានចំនួនពី ១៣៥ ពាន់លានដុល្លារ ដល់ ១៤៥ ពាន់លានដុល្លារ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនមានសាច់ប្រាក់សមមូល និងមូលបត្រដែលអាចលក់បានចំនួន ៨២,៤៥ ពាន់លានដុល្លារ ព្រមទាំងបំណុលរយៈពេលវែងចំនួន ៨០,៩២ ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ភ្នាក់ងារ AI ឈ្មោះ Muse ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងការបញ្ចេញម៉ូដែល AI ថ្មីៗ បានជួយគាំទ្រផែនការវិនិយោគរបស់ Meta មួយផ្នែក។ ការគ្រោងប្រមូលទុនរហូតដល់ ៩៥ ពាន់លានដុល្លារនេះ បង្ហាញពីទំហំទុនដ៏ធំដែល Meta គ្រោងប្រើប្រាស់ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន ខណៈការចំណាយលើបច្ចេកវិទ្យានេះកំពុងក្លាយជាកត្តាសំខាន់ក្នុងការប្រកួតប្រជែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia