សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញចក្ខុវិស័យចង់ឱ្យកម្ពុជាក្លាយជាច្រកទ្វារ និងជាវេទិកាកណ្តាលសម្រាប់តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) រវាងបណ្តាប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី (OIF) និងតំបន់អាស៊ាន ដោយបើកឱកាសឱ្យសហគ្រាស និងអ្នកច្នៃប្រឌិតពីតំបន់ទាំងពីរយកដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួនមកសាកល្បង និងអភិវឌ្ឍនៅកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ឆ្នាំ២០២៦» (FrancoTech 2026) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមមិនក្រោមម៉ឺននាក់ និងជាង ៩០ ប្រទេសដែលនិយាយភាសាបារាំង។
ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ពីគោលដៅរបស់កម្ពុជាក្នុងការតភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងតំបន់ទាំងពីរ ដោយលើកឡើងថា កម្ពុជាចង់ក្លាយជាវេទិកាកណ្តាលមួយ ដែលសហគ្រាស និងអ្នកច្នៃប្រឌិតមកពីប្រទេសនិយាយភាសាបារាំង និងអាស៊ាន អាចយកដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួនមកសាកល្បងនៅទីនេះ។ ដើម្បីជំរុញចក្ខុវិស័យនេះ កម្ពុជាក៏បានរៀបចំកិច្ចប្រជុំកំពូល «Black Swan»ក្នុងព្រឹត្តិការណ៍ FrancoTech 2026 ដែលមានការដាក់តាំងបង្ហាញស្តង់របស់ក្រុមហ៊ុន FinTech ជាច្រើន ដើម្បីឱ្យវិនិយោគិន និងសហគ្រិនអន្តរជាតិបានស្វែងយល់ពីដំណោះស្រាយបច្ចេកវិទ្យា និងស្វែងរកឱកាសសហការគ្នា។

ជាមួយនឹងការបើកចំហឱកាសវិនិយោគក្នុងវិស័យ FinTech សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកយកមូលដ្ឋានគ្រឹះឌីជីថលរបស់កម្ពុជាមកបង្ហាញផងដែរ ក្នុងនោះមានប្រព័ន្ធទូទាត់ឌីជីថល «បាគង» របស់ធនាគារជាតិនៃកម្ពុជា ដែលបានកសាងឡើងដោយផ្អែកលើគោលការណ៍រឹងមាំ បើកចំហ និងស្ថិតស្ថេរ ដើម្បីបម្រើដល់មនុស្សគ្រប់គ្នា និងវេទិកាផ្ទៀងផ្ទាត់ឯកសារផ្លូវការ «Verify.gov.kh» ដែលទទួលបានពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៦។ វេទិកានេះ កំពុងត្រូវបានចែករំលែកបទពិសោធន៍ទៅកាន់ប្រទេសក្នុងតំបន់ ដូចជា ទីម័រខាងកើត ហ្វីលីពីន និងឡាវ ផងដែរ។
ក្រៅពីការជំរុញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាឌីជីថលត្រូវតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយកសិករឱ្យលក់ផលិតផលកសិកម្មបានកាន់តែប្រសើរ ព្រមទាំងជំរុញសហគ្រាស Start-up ឱ្យបង្កើតផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់ឱកាសសម្រាប់សហគ្រិនវ័យក្មេង និងស្ត្រី។

ចំពោះវិស័យបញ្ញាសិប្បនិម្មិត (AI) សម្តេចធិបតីបានលើកឡើងថា ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែមានសិទ្ធិចូលរួមក្នុងការរៀបចំ និងកំណត់វិធានច្បាប់សម្រាប់គ្រប់គ្រងបច្ចេកវិទ្យានេះ ដើម្បីធានាថា AI បម្រើមនុស្សជាតិ ការពារឯកជនភាព និងគោរពភាសា ព្រមទាំងវប្បធម៌របស់ប្រទេសនីមួយៗ៕

