ល្អណាស់! Android 17 បង្ហាញខ្លួនជាមួយឧបករណ៍ថ្មី និងពង្រីកមុខងារ AI Gemini ពី Google
Khunna - ឃុនណា
AUGUST 17 2026
ឌីជីថល
4 views
2 mins read

ប្រព័ន្ធប្រតិបត្តិការ Android 17 ត្រូវបានដាក់ឱ្យដំណើរការជាមួយឧបករណ៍ពហុភារកិច្ច Multitasking ថ្មីៗ ខណៈដែល Google ពង្រីកមុខងាររបស់ Gemini បន្ថែមទៀត។
ក្រុមហ៊ុន
Google បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ Android 17 និង Wear OS 7 សម្រាប់ Smartwatch ដោយចាប់ផ្តើមដំបូងគេនៅលើឧបករណ៍ស្រឡាយ Pixel របស់ខ្លួន។ ការធ្វើបច្ចុប្បន្នភាពលើកនេះ ត្រូវបានភ្ជាប់មកជាមួយមុខងារ «Pixel Drop» ថ្មីៗ ដែលផ្តោតសំខាន់លើការដាក់បញ្ចូលបច្ចេកវិទ្យា AI ចុងក្រោយបង្អស់របស់ Google រួមមានម៉ូដែលបង្កើតតន្ត្រី Lyria 3, ជំនួយការឆ្លាតវៃ Gemini Omni និងឧបករណ៍បកប្រែសំឡេង AudioLM នៅលើទូរស័ព្ទ Pixel 10a

Google Android 17

ការបញ្ចេញកញ្ចប់បច្ចុប្បន្នភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្ររបស់ Google ក្នុងការប្រើប្រាស់ឧបករណ៍ Android និង Pixel ដើម្បីបង្ហាញពីឧត្តមភាពបច្ចេកវិទ្យា AI របស់ខ្លួន។ ខណៈពេលដែលគូប្រជែងធំគឺ Apple កំពុងតែដុតដៃដុតជើងពង្រឹងសមត្ថភាព Siri និងប្រព័ន្ធប្រតិបត្តិការ iOS 27 របស់ខ្លួននោះ Google បានងាកមកពង្រឹងតួនាទីរបស់ AI Gemini ឱ្យកាន់តែស៊ីជម្រៅជាងមុន ក្នុងការជួយដល់ការបង្កើតទិន្នន័យ ការទំនាក់ទំនង និងបទពិសោធន៍ប្រើប្រាស់ប្រចាំថ្ងៃ។

Material 3 Main Header Google 840w 472h

នៅក្នុងមុខងារ «Pixel Drop» ថ្មីនេះ ប្រព័ន្ធចែករំលែកឯកសារ Android Quick Share នឹងអាចផ្ញើទិន្នន័យទៅកាន់ប្រព័ន្ធ AirDrop របស់ Apple បាន (សម្រាប់ទូរស័ព្ទ Pixel 8a និង 9a)។ បន្ថែមពីនេះ Gemini Omni អនុញ្ញាតឱ្យអ្នកប្រើប្រាស់កាត់តវីដេអូតាមរយៈការសន្ទនាបាន ចំណែកឯ Lyria 3 អាចឱ្យបង្កើតបទភ្លេងចេញពីអក្សរ ឬរូបភាព។ ដោយឡែកសម្រាប់នាឡិកា Pixel Watch វិញ ក៏ទទួលបានមុខងារសុវត្ថិភាពថ្មី ដែលអាចរកគ្រោះថ្នាក់ចរាចរណ៍ ការដួល ឬការបាត់បង់ចលនាជីពចរ ដើម្បីទាក់ទងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ដោយស្វ័យប្រវិត្ត។

 3. Elevate Gameplay With Foldable Gaming

ក្រៅពីប្រព័ន្ធ AI, Android 17 ក៏បាននាំមកនូវមុខងារ Bubble Bar ដែលជាទម្រង់ផ្ទៃកម្មវិធីថ្មីមួយនៅផ្នែកខាងក្រោមអេក្រង់ ជួយឱ្យអ្នកប្រើប្រាស់អាចរៀបចំ និងបើកកម្មវិធីច្រើនក្នុងពេលតែមួយបានយ៉ាងរហ័ស។ សម្រាប់អ្នកលេងបណ្តាញសង្គម ពួកគេនឹងចូលចិត្តមុខងារថ្មីដែលអាចថតវីដេអូទម្រង់ Reaction ដោយប្រើប្រាស់កាមេរ៉ាមុខ និងថតស្គ្រីនទូរស័ព្ទក្នុងពេលតែមួយ ដើម្បីបង្ហោះទៅកាន់ TikTok, YouTube Instagram បានយ៉ាងងាយស្រួល ចំណែកឯអ្នកប្រើប្រាស់ស្មាតវ៉ូច ក៏អាចទទួលបានការផ្តល់ដំណឹងផ្ទាល់ ពីទូរស័ព្ទ និងអាចភ្ជាប់ទំនាក់ទំនងជាមួយវែនតា AI របស់ Google នាពេលខាងមុខបានកាន់តែរលូនផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia