បន្ទាប់ពីការរង់ចាំ និងពាក្យចចាមអារ៉ាមអស់រយៈពេលជាង ១០ ឆ្នាំមកនេះ ទីបំផុតយុគសម័យនៃទូរសព្ទបត់បានរបស់ក្រុមហ៊ុន Apple ជិតមកដល់ហើយ។ យោងតាមរបាយការណ៍ចុងក្រោយពីភ្នាក់ងារព័ត៌មានបច្ចេកវិទ្យាល្បីៗ ជាពិសេស MacRumors បានឱ្យដឹងថា Apple គ្រោងនឹងបង្ហាញខ្លួន iPhone បត់បានដែលគេរំពឹងថានឹងមានឈ្មោះថា "iPhone Ultra" ឆ្នាំ ២០២៦ ខាងមុខនេះ។

ការរចនាបែប Hybrid ជាទូរស័ព្ទផង ជា Tablet ផង មិនដូចទៅនឹងទូរសព្ទបត់ដទៃទៀតឡើយ iPhone ថ្មីនេះនឹងមានរូបរាងបែបសៀវភៅ (Book-style) ដែលមានទំហំអេក្រង់ ៥.៥ អ៊ីញ នៅពេលបិទ និងអាចលាតសន្ធឹងបានដល់ ៧.៨ អ៊ីញ នៅពេលបើក។ នេះគឺជាទំហំដ៏ល្អបំផុតដែលវាអាចដើរតួជា iPhone ផង និងជា iPad Mini ផង ជាមួយនឹងសមាមាត្រអេក្រង់ ៤:៣ ដែលផ្តល់ភាពងាយស្រួលក្នុងការមើលវីដេអូ និងធ្វើការងារ។

ចំណុចដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ភាពស្តើង Apple មានគោលដៅផលិត iPhone នេះឱ្យមានកម្រាស់ត្រឹមតែ ៤.៥ មីលីម៉ែត្រ ប៉ុណ្ណោះ ដែលនឹងក្លាយជាឧបករណ៍បច្ចេកវិទ្យាដែលស្តើងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ដើម្បីធានាបាននូវភាពរឹងមាំក្នុងកម្រាស់ដ៏ស្តើងបែបនេះ Apple បានប្រើប្រាស់ តួខ្លួនទីតាញ៉ូម (Titanium) និងបច្ចេកវិទ្យាត្រចៀកបត់ជំនាន់ថ្មីដែលធ្វើឱ្យស្នាមផ្នត់ នៅចំកណ្តាលអេក្រង់ស្ទើរតែមើលមិនឃើញ។


ការផ្លាស់ប្តូរមុខងារសំខាន់ៗ
+ ដើម្បីរក្សារូបរាងដ៏ស្តើងនេះ Apple ត្រូវធ្វើការកែសម្រួលបច្ចេកវិទ្យាមួយចំនួន៖
- Touch ID៖ ប្រព័ន្ធសុវត្ថិភាព Face ID នឹងត្រូវជំនួសដោយ Touch ID ដែលស្ថិតនៅលើប៊ូតុង Power វិញ (ដូចទៅនឹង iPad Air និង Mini)។
- ប្រព័ន្ធកាមេរ៉ា៖ វានឹងមានកាមេរ៉ាក្រោយត្រឹមតែ ២ គ្រាប់ប៉ុណ្ណោះ ដោយមិនមានកែវ Telephoto ឡើយ ដើម្បីកាត់បន្ថយកម្រាស់របស់លែនកាមេរ៉ា។

+ តម្លៃ និងជម្រើសទំហំផ្ទុក
ទូរស័ព្ទ "iPhone Ultra" នេះ នឹងក្លាយជាផលិតផលប្រណីតបំផុត ដែលមានតម្លៃខ្ពស់ជាង iPhone ម៉ូដែល Pro Max បច្ចុប្បន្នឆ្ងាយណាស់៖
- 256GB: ប្រហែល $2,330
- 512GB: ប្រហែល $2,620
- 1TB: ប្រហែល $2,910

គូសបញ្ជាក់ផងដែរថាការបង្ហាញខ្លួនរបស់ iPhone បត់បាននៅឆ្នាំ ២០២៦ ខាងមុខនេះ គ្រាន់តែជាការបែកធ្លាយពីប្រភពដែលទុកចិត្តរបស់អន្តរជាតិប៉ុណ្ណោះ តែទោះជាយ៉ាងណា ការចេញនូវ iPhone Ultra មួយនេះ វាមិនត្រឹមតែជាការបន្ថែមផលិតផលថ្មីនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូររូបរាងដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ iPhone ដែលនឹងកំណត់អនាគតនៃឧបករណ៍ចល័តរបស់ពិភពលោក។
