អបអរសាទរ! និស្សិត AUPP ដណ្ដើមបានជ័យលាភីលេខ ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Huawei ICT កម្រិតពិភពលោក
Khunna - ឃុនណា
JUNE 6 2026
ឌីជីថល
12 views
2 mins read

យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ - អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!

716614942 1388373250009444 6036570751401910541 N

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ នាថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

716590863 1388373440009425 431662835659759439 N

ក្នុងកម្មវិធីប្រកួតប្រជែងកម្រិតពិភពលោករៀបចំដោយក្រុមហ៊ុនហួវៃ (Huawei) សម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងសក្តានុពលរបស់និសិ្សតនិងយុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុម BORISOTH (បរិសូត្រ) ជានិសិ្សតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ AUPP បានទទួល ចំណាត់លេខ៣ ក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។ ក្នុងការប្រកួតនេះ ក្រុម BORISOTH បានចូលរួមក្នុងវិញ្ញាសា Innovation Competition ដោយបានបង្កើត រ៉ូបូតបញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យលើគុណភាពសាច់ក្រណាត់ ក្នុងគោលបំណងដោះស្រាយបញ្ហា នៅក្នុងផលិតកម្មវាយនភណ្ឌនាពេលបច្ចុប្បន្ន។

717025920 1388373403342762 6279355994218999026 N

BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។ តាមរយៈការស្កេនផ្ទៃក្រណាត់ក្នុងល្បឿនលឿនពី ២០ ទៅ ៤០ ម៉ែត្រក្នុងមួយនាទី ប្រព័ន្ធនេះអាចស្វែងរក និងបោះត្រាសម្គាល់កំហុសនៅលើជាយក្រណាត់ដោយស្វ័យប្រវត្តិនូវប្រភេទទឹកខ្មៅរលាយក្នុងទឹក ដែលជួយឱ្យរោងចក្រកាត់បន្ថយការខាតបង់សម្ភារៈ ដោយជៀសវាងកន្លែងខូចខាតបានងាយស្រួល និងមានរបាយការណ៍ឌីជីថល (Audit Trail) ច្បាស់លាស់សម្រាប់ទាមទារសំណងពីអ្នកផ្គត់ផ្គង់ក្រណាត់បរទេស។ លើសពីនេះ បច្ចេកវិទ្យានេះមិនមែនដកហូតការងារកម្មករឡើយ ប៉ុន្តែបានជួយលើកកម្ពស់ជំនាញ និងការពារសុខភាពភ្នែករបស់ពួកគេ ដោយប្តូរពីការពិនិត្យដោយភ្នែកមកជាអ្នកបញ្ជាប្រព័ន្ធ AI និងគ្រប់គ្រងគុណភាពដែលមានតម្លៃខ្ពស់វិញ។

តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នេះ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្មបានជាង ៤០% លើសការត្រួតពិនិត្យគុណភាពក្រណាត់ដោយដៃ (Manual work) ដែលត្រូវកាពលកម្មខ្ពស់ មិនសូវមានប្រសិទ្ធភាព និងចំណាយច្រើន។

718380858 1388373426676093 8047042294726321242 N

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានបញ្ជាក់បន្ថែមថា កម្មវិធី Huawei ICT Competition បានផ្ដល់ឱកាសដល់និស្សិតឆ្នើម កម្ពុជាចូលប្រកួតប្រជែងកម្រិតតំបន់ និងសកលលោក និងបានជំរុញលើកទឹកចិត្តដល់ការកសាងមូលធនមនុស្សឌីជីថលរបស់កម្ពុជា និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើបរិវត្តិកម្មនៅកម្ពុជា។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia