លោក Ben Pasternak ដែលជាសហគ្រិនជនជាតិអូស្ត្រាលីវ័យក្មេង និងជារបស់ក្រុមហ៊ុន SIMULATE ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាហារអាមេរិក។ លោក Ben បានក្លាយខ្លួនជាមហាសេដ្ឋីក្នុងវ័យជំទង់ ដោយប្រើចំណេះដឹង និងចំណង់ចំណូលចិត្តខ្លួន បង្កើតកម្មវិធីលើទូរស័ព្ទ។
សេដ្ឋីរូបនេះមានឈ្មោះពេញថា Benjamin Pasternack ដែលកើតនៅថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 1999 (អាយុ 25 ឆ្នាំ) នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ គាត់បានឈប់រៀនត្រឹមវិទ្យាល័យនៅអាយុ ១៥ ឆ្នាំ ដើម្បីបន្តអាជីពបច្ចេកវិទ្យារបស់គាត់ ចេះបង្កើតកម្មវិធីហ្គេមក្នុងទូរស័ព្ទ ដែលអាចវ៉ាដាច់កម្មវិធីធំៗក្នុង App Store ថែមទៀតផង។
នៅអាយុត្រឹម ១៥ឆ្នាំ Ben អាចបង្កើតហ្គេមនៅក្នុង iPhone មួយដែលមានឈ្មោះថា " Impossible Rush " នៅពេលដែលបង្កើត លោកមិនទាន់មានគោលដៅជាមួយវាទេ គ្រាន់តែចាត់ទុកជាការអផ្សុកប៉ុណ្ណោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល កម្មវិធីហ្គេមរបស់គាត់ គឺបានផ្ទុះខ្លាំង និងមានអ្នកទាញយកទៅប្រើប្រាស់យ៉ាងច្រើន ដែលបានជាប់ចំណាត់ថ្នាក់កំពូលនៅលើ App Store ដោយវ៉ាដាច់កម្មវិធីធំៗដូចជា Tinder និង Twitter នៅក្នុងអំឡុងពេលនោះផងដែរ។ ក្រោយមក គាត់បានបង្កើត " Impossible Dial " ដែលជាហ្គេមថ្មីផ្សេងមួយទៀត ដើម្បីទាញចំណូលមកបន្ថែម។
មូលនិធិ Silicon Valley ៖ ភាពជោគជ័យរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគ Silicon Valley ដែលជាទីតាំងបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក។ លោកBen បានទាក់ទាញអ្នកវិនិយោគផ្សេងទៀត ដូចជា Marc Andreessen និង Peter Thiel សរុបជាសាច់ប្រាក់ប្រមាណ ២លានដុល្លារ។ ក្នុងឆ្នាំ 2016 Ben បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Monkey ដែលជាកម្មវិធីជជែកជាវីដេអូកម្សាន្តសម្រាប់យុវវ័យ ហើយកម្មវិធីនេះបានផ្ទុះ ដោយទទួលបានអ្នកប្រើប្រាស់រាប់លាននាក់ និងក្រោយមកត្រូវបានទិញដោយ Holo ផងដែរ។
បន្ទាប់មកគាត់ក៏បង្កើតកម្មវិធីផ្សេងៗ និងកាន់កាប់អាជីវកម្មនានា ដែលមានតម្លៃជាសាច់ប្រាក់ខ្ទង់ ៥០លានដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់ Ben Pasternak ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន 13 លានដុល្លារ៕
សឹងតែមិនគួរឲ្យជឿថាលោក Ben ហ៊ានលះបង់ចោលការសិក្សា និងដើរតាមក្តីស្រមៃរបស់ខ្លួន និងមានចិត្តដោយការបេ្តជ្ញាចិត្តខ្ពស់លើការងាររបស់ខ្លួន បើទោះបីជាខ្លួនរៀនមិនបានចប់ចុងចប់ដើមដូចគេក៏ដោយ។ នេះអាចបង្ហាញថាគ្មានអ្វីដែលអាចយកឈ្នះបេះដូងមនុស្សបានទេប្រសិនបើយើងដាក់ចិត្តថាស្រលាញ់អ្វីមួយហើយ គឺធ្វើដល់ទីបញ្ចប់។
អត្ថបទដោយ៖ ងួន ឃុនណា