មិនខុសអ្វីពីពាក្យមួយឃ្លាដែលគេតែងនិយាយថា “បញ្ហាគឺជាឱកាស” ពិតមែន។ ដោយសារតែឧបសគ្គដែលខ្លួនជួបប្រទះនៅក្នុងអំឡុងពេលសិក្សាបានធ្វើឲ្យនិស្សិតស្រីម្នាក់ឈ្មោះ Melanie Perkins ប្រែខ្លួនក្លាយជាសហស្ថាបនិករបស់ Canva ដែលជាវេទិកាឌីហ្សាញតាមអ៊ីនធឺរណេតដ៏ធំមួយរបស់ប្រទេសអូស្រ្តាលី និងជានាយកប្រតិបត្តិស្រ្តីដឹកនាំអាជីវកម្មតម្លៃជាង ៣២ ពាន់លានដុល្លារ។
លោកស្រី Melanie Perkins កើតក្នុងឆ្នាំ ១៩៨៧ លើទឹកដីនៃប្រទេសអូស្ត្រាលី។ ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ Sacred Heart College និស្សិតស្រីម្នាក់នេះបានចាប់ផ្តើមបណ្តាក់ទុនដំបូងរបស់ខ្លួនដោយបង្កើតក្រម៉ាធ្វើដោយដៃនិងលក់វានៅតាមហាងនិងផ្សារនានានៅទូទាំងក្រុង Perth។ កាលនោះត្បិតរវល់ជាមួយការរៀនសូត្រនិងមុខជំនួញក៏ពិតមែន ប៉ុន្តែនាងក៏បានឈ្លៀតបង្រៀនកម្មវិធីរចនា (design programs) ដល់សិស្សនិស្សិតដទៃទៀតផងដែរ ព្រោះនាងមើលឃើញពីការលំបាករបស់ពួកគេ មួយវិញទៀតនាងក៏មានចំណេះដឹងលើជំនាញនេះច្រើនគួរសមដែរ។ Melanie បាននិយាយថា៖ “មនុស្សត្រូវចំណាយពេលសិក្សាមួយឆមាសទាំងមូលនៅកន្លែងផ្ទាល់ ហើយនោះហាក់ដូចជារឿងដ៏គួរឱ្យអស់សំណើចណាស់។ ខ្ញុំគិតថានៅពេលអនាគតវានឹងដំណើរការតាមអ៊ីនធឺណេតនិង មានលក្ខណៈសាមញ្ញជាងឧបករណ៍ដែលពិបាកទាំងនេះ។“
Melanie បានសម្រេចចិត្តរកផ្លូវចេញហើយបង្កើតដំណោះស្រាយដែលប្រសើរនិងងាយស្រួលជាងមុន។ ជាលទ្ធផលលោកស្រី និង Cliff Obrecht ដែលជាគូដណ្តឹងរបស់លោកស្រីបានបង្កើត Fusion Books ជាឧបករណ៍ឌីហ្សាញសម្រាប់សៀវភៅឆ្នាំសិក្សា។ គេហទំព័រ Fusion Books អនុញ្ញាតឱ្យនិស្សិត “សហការនិងរចនាទំព័រប្រវត្តិរូបនិងអត្ថបទរបស់ពួកគេ”។ បន្ទាប់ពីនោះសៀវភៅប្រចាំឆ្នាំត្រូវបានបោះពុម្ពនិងបញ្ជូនទៅសាលារៀននៅទូទាំងប្រទេសអូស្ត្រាលី។
លោកស្រី Melanie Perkins បានពន្យល់ប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីពេលកន្លងទៅនេះថា “បន្ទប់ទទួលភ្ញៀវរបស់ម្តាយខ្ញុំបានក្លាយជាការិយាល័យរបស់ខ្ញុំហើយមិត្តប្រុសរបស់ខ្ញុំបានក្លាយជាដៃគូអាជីវកម្មរបស់ខ្ញុំហើយយើងបានចាប់ផ្តើមបង្កើតសាលារៀនដើម្បីបង្កើតសៀវភៅប្រចាំឆ្នាំរបស់ពួកគេ។“ Fusion Books បានក្លាយជាគំរូដើមរបស់ Canva វានៅតែដំណើរការនៅថ្ងៃនេះហើយដំណើរការទៅយ៉ាងល្អ។
នៅក្នុងឆ្នាំដំបូងនៃជីវិតរបស់ខ្លួន Canva បានទាក់ទាញអ្នកប្រើប្រាស់ជាង ៧៥ ម៉ឺននាក់។ នៅខែមករាឆ្នាំ ២០១៨ ក្រុមហ៊ុនបានរៃអង្គាសប្រាក់ចំនួន ៤០ លានដុល្លារពី Sequoia Capital, Blackbird Ventures និង Felicis Ventures ។ ក្រៅពីនេះការវាយតំលៃរបស់ Canva រកបាន ១ ពាន់លានដុល្លារ។ នៅខែមិថុនាឆ្នាំ ២០១៨ Canva បានប្រកាសពីភាពជាដៃគូជាមួយ Dropbox ដើម្បីរួមបញ្ចូលការឌីហ្សាញនិងរូបភាពរបស់ខ្លួនទៅក្នុងវេទិកា។
រហូតមកដល់ពេលនេះ Canva បានជួយបង្កើតការឌីហ្សាញម៉ូដជិត ២ ពាន់លាននៅក្នុងប្រទេសចំនួន ១៩០ និងទទួលបានការគាំទ្រពីតារាល្បីៗដូចជាលោកអូ Owen Wilson និងលោក Woody Harrelson ផងដែរ។ ដោយសារវិសាលភាពទូលំទូលាយនេះ បានធ្វើឲ្យ Canva កើនឡើងតម្លៃខ្លួនដល់ ៣២ ពាន់លានដុល្លារ និងបានក្លាយទៅជាក្រុមហ៊ុន software រីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រដោយលើសពីចំណូលប្រចាំឆ្នាំចំនួន ២.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។
ជាមួយគ្នានេះដែរ តាមរយៈរឿងរ៉ាវរបស់លោកស្រី Melanie Perkins សហស្ថាបនិកក្រុមហ៊ុន Canva លោកស្រីបានប្រើគន្លឹះពីរយ៉ាងគឺ យកបញ្ហាមនុស្សមកធ្វើជាក្តីស្រមៃ និង បន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដែលជាយានឲ្យលោកស្រីវិវិត្តន៍ខ្លួនរហូតក្លាយជានាយកប្រតិបត្តិស្រីវ័យក្មេងបំផុតម្នាក់នៅក្នុងពិភពបច្ចេកវិទ្យា កាន់កាប់ក្រុមហ៊ុនតម្លៃជាង ៣២ពាន់លានដុល្លារ៕