កុំឱ្យក្មេងៗប្រើស្មាតហ្វូត! មេធំក្រុមហ៊ុន Apple លោក Tim Cook ថា អ្នកប្រើស្មានហ្វូនច្រើន នឹងជួបបញ្ហាធំ១នេះ
SOKLY - កូនផ្កាឈូក
JUNE 4 2025
ឌីជីថល
259 views
2 mins read

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាធំ១ ដែលនឹងកើតឡើងចំពោះក្មេងៗ និងមនុស្សទូទៅ ខណៈអ្នកប្រើប្រាស់ Smart phone ឬ Laptop រួមទាំងគ្រឿងអេឡិចត្រូនិចផ្សេងទៀតបន្តកើនឡើងយ៉ាងគំហុក។ លោកបាននិយាយថា «ខ្ញុំពិតជាព្រួយបារម្ភអំពីចំនួនពេលវេលាដែលមនុស្សនឹងចំណាយលើវា ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ»។

លោក Tim Cook ធ្លាប់បានប្រាប់ CNBC's Andrew Ross Sorkin នៅឯសន្និសីទ New York Times DealBook កាលពីឆ្នាំ២០២១ ថា «ប្រសិនបើអ្នកអូសចុះអូសឡើងដោយមិនដឹងខ្លួន ឬមើលតែរឿងអវិជ្ជមាន ខ្ញុំគិតថានេះគឺជារឿងអាក្រក់ ហើយវាក៏ជារឿងអាក្រក់សម្រាប់មនុស្សជុំវិញខ្លួនផងដែរ»។

គាត់លើកឡើង ដោយផ្អែកទៅលើទិន្នន័យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone មានចំនួន ៣.៨ពាន់លាននាក់ ក្នុងចំណោម ៧.៩ពាន់លាននាក់នៃចំនួនប្រជាជនសរុបរបស់ពិភពលោក ពួកគេទាំងនោះបានប្រើប្រាស់បណ្តាញសង្គមមួយចំនួនដូចជា Facebook Instagram និង TikTok ជាដើម និងបានចំណាយពេលយ៉ាងហោចណាស់ ២ម៉ោង ២៤នាទី ក្នុងមួយថ្ងៃលើបណ្តាញសង្គមទាំងនោះ នេះបើយោងតាមរបាយការណ៍ពីវេទិកាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម Hootsuite ក្នុងឆ្នាំ ២០២០។

ចំណែកឯការសិក្សាស្រាវជ្រាវមួយទៀតក្នុងឆ្នាំ ២០១៦ ពីវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តបានរកឃើញថាការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមចំពោះ ក្មេងតូចៗ និងមនុស្សពេញវ័យដែលមានអាយុពី ១៩ ទៅ ៣២ ឆ្នាំ ត្រូវបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបង្កឲ្យមានជំងឺធ្លាក់ទឹកចិត្តផងដែរ។

លោក Tim Cook បាននិយាយថា «វាបានក្លាយជាការងាររបស់ក្រុមហ៊ុនខ្ញុំក្នុងការដាស់ស្មារតីអ្នកប្រើប្រាស់ឱ្យដឹងថាតើពួកគេកំពុងសម្លឹងមើលអេក្រង់ញឹកញាប់ប៉ុនណា។ នោះគឺជាហេតុផលនៅពីក្រោយការចេញផ្សាយកម្មវិធី Screen Time ឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Apple ដែលបង្ហាញអ្នកប្រើប្រាស់ថាតើពួកគេចំណាយពេលវេលាប៉ុន្មាននៅលើ iPhone, iPad ឬ iPod touch របស់ពួកគេ»។ នេះបើយោងតាមសម្តី លោក Tim Cook បានប្រាប់ទៅកាន់ Bustle។

ដូច្នេះក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល គប្បីយកចិត្តទុកដាក់ និងតាមដានកូនៗជាប្រចាំ កុំឲ្យពួកគេធ្លាក់ទៅក្នុងជំងឺផ្លូវចិត្ត ឬញៀនជាមួយការប្រើប្រាស់គ្រឿងអេឡិចត្រូនិចខ្លាំងពេក បើអាចត្រូវធ្វើជាគ្រូអប់រំ ជាគ្រូពេទ្យដែលបង្ហាញពីការយកចិត្តទុកដាក់ព្រួយបារម្ភសម្រាប់កូនៗ ផ្តល់ភាពស្និតស្នាលទៅកាន់ពួកគេកាន់តែច្រើនតាមដែលអ្នកអាចធ្វើទៅបាន ចេះសួរសុខទុក្ខនិងជជែកពីរឿងរ៉ាវផ្សេងៗជាមួយកូនជៀសជាងទុកឲ្យពួកគេនៅតែម្នាក់ឯងជាមួយឧបករណ៍ទាំងនោះ នោះយូរៗទៅពួកគេនឹងអាចផ្តាច់ការញៀនទូរស័ព្ទបាន និងអាចត្រឡប់មកសភាពកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia