កម្មវិធីច្នៃប្រឌិតឌីជីថល និងបៃតង - ជំនាន់យុវជន (DGIy)
“យុវជនកម្ពុជារួមគ្នាកសាងដំណោះស្រាយឌីជីថល ដើម្បីអនាគតបៃតង និងមានភាពធន់ នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង DGIy Hackathon”
ក្រុមប្រកួតប្រជែងចំនួន ១៨ រយៈពេល ២ ថ្ងៃ នៅរាជធានីភ្នំពេញ នាឱកាសបើកបវេសនកាលកម្មវិធី DGIy ហើយក្រុមឆ្នើមចំនួន ៦ ត្រូវបានជ្រើសរើស ដើម្បីអភិវឌ្ឍផលិតផលជាក់ស្តែង សម្រាប់បង្ហាញក្នុងថ្ងៃ Demo Day នាខែតុលាខាងមុខ។

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា - ការអភិវឌ្ឍយ៉ាងរហ័សរបស់ប្រទេសកម្ពុជា បាននាំមកនូវបណ្តាប្រឈមដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានដំណោះស្រាយថ្មីៗ រួមមាន៖ កំណើនទីក្រុងដែលបង្កសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ, កំណើនបរិមាណកាកសំណល់ដែលប៉ះពាល់ដល់សហគមន៍ ប្រភពទឹក និងសុខភាពសាធារណៈ, ព្រមទាំងហានិភ័យបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងទីផ្សារ ដែលកំពុងគំរាមកំហែងដល់ផលិតភាពកសិកម្ម សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់កសិករ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ប្រកបដោយភាពធន់ និងចីរភាព ស្របតាមរបៀបវារៈអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ឌីឈី អាខាដេមី (DICHI Academy) សហការជាមួយអង្គការ GIZ Cambodia បានរៀបចំកម្មវិធីប្រកួតប្រជែង «បច្ចេកវិទ្យាច្នៃប្រឌិតឌីជីថល និងបៃតង - ជំនាន់យុវជន» (DGIy Hackathon) ដោយបានប្រមូលផ្តុំយុវជនកម្ពុជាចំនួន ១៨ ក្រុម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥–១៦ ខែសីហា ឆ្នាំ ២០២៦ ដើម្បីបំប្លែងបញ្ហាក្នុងសហគមន៍ ទៅជាដំណោះស្រាយឌីជីថលដែលមានសក្ដានុពល។
ក្នុងរយៈពេល ២ ថ្ងៃនេះ និស្សិតសកលវិទ្យាល័យ យុវជនជំនាញ និងសិស្សវិទ្យាល័យដែលពោរពេញដោយគំនិតច្នៃប្រឌិត បានរួមគ្នារកដំណោះស្រាយលើប្រធានបទប្រឈមធំៗចំនួន ៣ ស្របតាមតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា រួមមាន៖
- ការរៀបចំដែនដីនគរូបនីយកម្ម និងទីក្រុងចីរភាព
- កាកសំណល់ ការបំពុលបរិស្ថាន និងសុខភាពសាធារណៈ
- សន្តិសុខស្បៀង និងកសិកម្មចីរភាព
ក្រុមនីមួយៗបានស្វែងយល់ និងផ្ទៀងផ្ទាត់បញ្ហាអភិវឌ្ឍន៍ជាក់ស្តែង រួចបង្កើតដំណោះស្រាយដោយប្រើប្រាស់វិធីសាស្ត្រ Lean Canvas ក្រោមការចង្អុលបង្ហាញពីគ្រូសម្របសម្រួល និងបានឡើងធ្វើបទបង្ហាញពីគំនិតច្នៃប្រឌិតរបស់ពួកគេ ជូនដល់គណៈកម្មការវាយតម្លៃ។

ជាលទ្ធផល ក្រុមឆ្នើមចំនួន ៦ ត្រូវបានជ្រើសរើសឱ្យបន្តទៅវគ្គបណ្តុះបណ្តាលស៊ីជម្រៅ នៃកម្មវិធី DGIy ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេឱ្យក្លាយជាផលិតផលគំរូដំបូងដែលប្រើប្រាស់បាន សម្រាប់ដាក់បង្ហាញក្នុងថ្ងៃ Demo Day នាខែតុលាខាងមុខ។
+ ក្រុមឆ្នើមទាំង ៦ ដែលត្រូវបានជ្រើសរើស
ក្រុមឆ្នើមទាំង ៦ កំពុងអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ប្រជុំជន បរិស្ថាន និងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា៖
- EnergyFlow (MOVIA): កម្មវិធីទូរស័ព្ទដៃជំនួយដល់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី (EV) នៅកម្ពុជា។
- Future Earth (VoltGo): កម្មវិធីទូរស័ព្ទដៃជំរុញការប្រើប្រាស់ និងការធ្វើដំណើរដោយយានយន្តអគ្គិសនី (EV)។
- ReTrack: កម្មវិធីទូរស័ព្ទដៃប្រើប្រាស់បច្ចេកវិទ្យា AI ជំនួយដល់ការប្រមូល និងរៀបចំកាកសំណល់ប្លាស្ទិកឡើងវិញ ក្នុងរាជធានីភ្នំពេញ។
- NhamFood: ទីផ្សារឌីជីថលលើទូរស័ព្ទដៃ សម្រាប់លក់បញ្ចុះតម្លៃលើអាហារដែលនៅសល់ពីហាង និងភោជនីយដ្ឋាន។
- The Syn (FoodLink): កម្មវិធីទូរស័ព្ទដៃភ្ជាប់ទំនាក់ទំនងរវាងអាហារដែលនៅសល់ ជាមួយអ្នកបរិភោគ។
- HarvestFlow: កម្មវិធីទូរស័ព្ទដៃភ្ជាប់ទំនាក់ទំនងរវាងកសិករខ្នាតតូច ជាមួយអ្នកទិញនៅក្បែរនោះ។
កម្មវិធី DGIy មិនមែនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែជាការបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញបច្ចេកវិទ្យា ស្មារតីសហគ្រិនភាព និងការភ្ជាប់ទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីបំប្លែងបញ្ហាប្រឈមជាក់ស្តែង ឱ្យទៅជាដំណោះស្រាយឌីជីថលដែលអាចអនុវត្តបាន។ តាមរយៈការបើកឱកាសឱ្យយុវជនអនុវត្តបច្ចេកវិទ្យាលើបញ្ហាដែលប៉ះពាល់ដល់សហគមន៍ ជីវភាពរស់នៅ និងបរិស្ថាន កម្មវិធី DGIy បានរួមចំណែកយ៉ាងសំខាន់ដល់បរិវត្តកម្មឌីជីថលនៅកម្ពុជា និងមហិច្ឆតាក្នុងការកសាងអនាគតមួយដែលមានចីរភាព ភាពធន់ និងបរិយាបន្ន ឆ្ពោះទៅឆ្នាំ ២០៣០។ DGIy មិនត្រឹមតែវិនិយោគលើអ្វីដែលយុវជនកម្ពុជាអាចរៀនសូត្របាននោះទេ ប៉ុន្តែគឺវិនិយោគលើអ្វីដែលពួកគេអាចបង្កើតឡើងសម្រាប់ប្រទេសកម្ពុជា។

អំពីកម្មវិធី DGIy កម្ពុជា
DGIy កម្ពុជា គឺជាកម្មវិធីដែលអនុវត្តដោយអង្គការ GIZ Cambodia និង ឌីឈី អាខាដេមី (DICHI ACADEMY) ក្រោមការឧបត្ថម្ភថវិការួមគ្នាពី សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU in Cambodia), ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ), ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងស្ថាប័ន Expertise France (EF)។
DGI កម្ពុជា គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមសកល DGI-Action ក្រោមក្របខ័ណ្ឌ #TeamEurope រវាងសហភាពអឺរ៉ុប អាល្លឺម៉ង់ បារាំង ប៊ែលហ្ស៊ិក អេស្តូនី និងហូឡង់។
ឌីឈី អាខាដេមី (DICHI Academy) គឺជាដៃគូអនុវត្តកម្មវិធី DGIy ដែលទទួលបន្ទុកលើការរចនាកម្មវិធី ការរៀបចំវគ្គសិក្សា ការសម្របសម្រួលការជ្រោមជ្រែង (Mentorship) និងការតាមដាន ព្រមទាំងការវាយតម្លៃ។
