ក្រុមហ៊ុន Zipline ដែលជាក្រុមហ៊ុនថ្មី (Startup) ឈានមុខគេរបស់សហរដ្ឋអាមេរិកក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកតាមដ្រូនស្វ័យប្រវត្តិ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងទីក្រុង Houston និង Phoenix នៅដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃផែនការពង្រីកខ្លួន ជំរុញដោយកញ្ចប់ថវិកាវិនិយោគថ្មីចំនួន ៦០០ លានដុល្លារ។

ក្រុមហ៊ុនបានបញ្ជាក់ថា ការកៀរគរទុនជុំនេះបានធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ ៧,៦ ប៊ីលានដុល្លារ ហើយថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីពង្រីកប្រតិបត្តិការឱ្យបានយ៉ាងហោចណាស់ចំនួន ៤ រដ្ឋ ក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៦ នេះ។ វិនិយោគិនចាស់ និងថ្មីជាច្រើន រួមមានក្រុមហ៊ុន Fidelity Management & Research, Baillie Gifford, Valor Equity Partners និង Tiger Global សុទ្ធតែបានចូលរួមក្នុងជុំវិនិយោគនេះ។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៤ Zipline បានអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនតាមដ្រូនដោយខ្លួនឯង រួមមានទាំងកម្មវិធីគ្រប់គ្រងឡូជីស្ទីក ប្រព័ន្ធបង្ហោះ និងចុះចត ព្រមទាំងតួដ្រូនផ្ទាល់តែម្តង។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មដំបូងក្នុងឆ្នាំ ២០១៦ ដោយប្រើដ្រូនស្វ័យប្រវត្តិដើម្បីដឹកជញ្ជូនឈាមនៅក្នុងប្រទេសរវ៉ាន់ដា (Rwanda)។ បច្ចុប្បន្ន ដ្រូនរបស់ Zipline បានកំពុងដឹកជញ្ជូនអាហារ ទំនិញរាយ ផលិតផលកសិកម្ម និងបរិក្ខារសុខាភិបាល នៅក្នុងប្រទេសចំនួន ៥ នៅទ្វីបអាហ្វ្រិក ទីក្រុងមួយចំនួនក្នុងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
នៅឆ្នាំ ២០២៦ ឡូជីស្ទីកស្វ័យប្រវត្តិនឹងក្លាយជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់មនុស្សនៅក្នុងរដ្ឋជាច្រើននៃសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមពីទីក្រុង Houston និងទីក្រុង Phoenix ដែលជាស្រុកកំណើតរបស់ខ្ញុំ ដោយយើងនឹងចាប់ផ្តើមបម្រើសេវាកម្មនៅដើមឆ្នាំនេះ ហើយបន្ទាប់មកនឹងពង្រីកទៅកាន់ទីកន្លែងជាច្រើនទៀតទូទាំងប្រទេសពេញមួយឆ្នាំតែម្តង។
ទោះជាយ៉ាងណាក៏ដោយ Zipline មិនមែនជាអ្នកលេងតែម្នាក់ឯងក្នុងឧស្សាហកម្មដឹកជញ្ជូនតាមដ្រូនដែលកំពុងរីកចម្រើននេះទេ។ គូប្រជែងផ្សេងទៀតរួមមានក្រុមហ៊ុន Flytrex, DroneUp, Amazon Prime Air និងក្រុមហ៊ុន Wing (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet/Google) ដែលបានចាប់ដៃគូជាមួយ Walmart ផងដែរ។ ក្រុមហ៊ុន Wing ក៏បានប្រកាសពីផែនការពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់សាខា Walmart ចំនួន ១៥០ បន្ថែមទៀតរហូតដល់ឆ្នាំ ២០២៧។
