យោងតាមសារបង្ហោះលើគេហទំព័រផ្លូវការរបស់ក្រសួងអគ្គសនីកម្ពុជាបានប្រកាសជាសាធារណៈថា ស្របពេលដែលអគ្គិសនីកម្ពុជាកំពុងជំរុញបច្ចេកវិទ្យាឌីជីថលតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដោយបង្កើត EDC App ដើម្បីបង្កើនប្រសិទ្ធភាពការងារកាត់បន្ថយ ការចំណាយពេលវេលា និងថវិកាទាំងអតិថិជន និងអគ្គិសនីកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។
ជាមួយគ្នានេះ ក៏មានដំណឹងថាមានករណីជនឆបោកបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជាឱ្យអតិថិជនភ្ជាប់តំណ Link ដើម្បីឈានទៅធ្វើការបោកប្រាស់តាមរូបភាពផ្សេងៗ ជនខិលខូចមួយចំនួនតូចបានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែម របស់គេ ដើម្បីឈានទៅធ្វើការបោកប្រាស់អតិថិជនដោយបញ្ឆោតថា នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់ រង្វាន់ផ្សេងៗ។ល។
ទោះបីជារហូតមកដល់ពេលនេះ អគ្គិសនីកម្ពុជាពុំទាន់បានទទួលព័ត៌មានអំពីការចាញ់កលល្បិចក៏ដោយ ដើម្បីបង្ការនូវបញ្ហាខាងលើនេះ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រ ឌីជីថល ការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរ-បច្ចុប្បន្នភាពព័ត៌មាន (ឈ្មោះ អាសយដ្ឋាន...) ស្នើបន្តចរន្តថ្មី តម្លើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និងសារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិ។ អគ្គិសនីកម្ពុជាសូមបញ្ជាក់ថា គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុង ដែលមានតាមតម្រូវការ។ ដូចនេះសូមអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកបញ្ឆោត ពីក្រុមជន ខិលខូច ដែលអាចចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់នូវថវិកា និងពេលវេលា។
ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជាកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ របស់ ក្រសួងមហាផ្ទៃ ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ អគ្គិសនីកម្ពុជា នឹងផ្សព្វផ្សាយជាវីដេអូខ្លីៗអំពីការប្រើប្រាស់ EDC App។
គូសបញ្ជាក់ថា អគ្គិសនីកម្ពុជា មិនមានភ្នាក់ងារទាក់ទងទៅអតិថិជនផ្ទាល់តាមរយៈទូរស័ព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ឬគ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ដូច្នេះសូមអតិថិជនមេត្តាប្រុងប្រយ័ត្នចំពោះការឆបោកបន្លំពីជនឆបោក។ អតិថិជនអាច Download កម្មវិធី EDC APP តាមរយៈ App Store និង Google Play ដោយខ្លួនឯងបានយ៉ាងងាយស្រួល។
ប្រសិនបើអតិថិជនមានចម្ងល់ក្នុងការប្រើប្រាស់កម្មវិធី EDC APP សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ១២៩៨។
អត្ថបទដោយ៖ ងួន ឃុនណា