ក្រុមហ៊ុន Meta បានប្រកាសដាក់ឱ្យប្រើប្រាស់នូវមុខងារ AI ថ្មីៗនៅលើបណ្តាញសង្គម Facebook ដើម្បីផ្លាស់ប្តូរ និងលើកកម្ពស់បទពិសោធន៍របស់អ្នកប្រើប្រាស់ ក្នុងការស្វែងរកព័ត៌មាន ក៏ដូចជាការបង្កើតមាតិកា (Content)។ ក្នុងចំណោមនោះ មុខងារដ៏លេចធ្លោជាងគេគឺ AI Mode ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចវាយសួរសំណួរជាភាសាសាមញ្ញៗ ហើយប្រព័ន្ធ Meta AI នឹងទៅប្រមូលផ្តុំ រួចធ្វើការសង្ខេបចម្លើយចេញពីការបង្ហោះជាសាធារណៈ នៅទូទាំងកម្មវិធី Facebook រួមទាំងនៅក្នុង Groups និងវីដេអូ Reels ផងដែរ។

មុខងារថ្មីនេះ មានដំណើរការស្រដៀងគ្នានឹងកម្មវិធីទើបបង្កើតថ្មីមួយទៀតរបស់ Meta ឈ្មោះថា Forum (ដែលជាកម្មវិធីមានទម្រង់ដូច Reddit) ដោយវាមានផ្ទុកនូវផ្ទាំង "Ask" សម្រាប់ទាញយកចម្លើយ និងព័ត៌មានដោយផ្ទាល់ចេញពីការពិភាក្សានានានៅក្នុង Facebook Groups ដូចគ្នា។ ទោះបីជាបំពាក់បច្ចេកវិទ្យាទំនើបក៏ដោយ មុខងារស្វែងរកតាម AI Mode ថ្មីរបស់ Facebook កំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងជុំវិញរឿងសុក្រឹតភាពនៃព័ត៌មាន។ ដោយសារតែប្រព័ន្ធ AI នេះប្រមូលទិន្នន័យពីការបង្ហោះ និងការជជែកគ្នារបស់អ្នកប្រើប្រាស់ទូទៅ មិនមែនចេញពីប្រភពផ្លូវការដែលឆ្លងកាត់ការផ្ទៀងផ្ទាត់ វាមានហានិភ័យខ្ពស់ក្នុងការផ្តល់ចម្លើយខុស ហួសសម័យ ឬព័ត៌មានមិនពិតដែលនាំឱ្យមានការភាន់ច្រឡំ ដូចដែលធ្លាប់កើតឡើងចំពោះ Google និង Reddit ដែរ។
បើនិយាយឲ្យងាយយល់មានន័យថា មុខងារ AI Mode ថ្មីរបស់ Meta គឺដើរប្រមូលទិន្នន័យពីការបង្ហោះ មតិយោបល់ (Comments) នៅក្នុង Groups និងវីដេអូ Reels ដែលកំណត់ជាសាធារណៈតែប៉ុណ្ណោះ ដើម្បីយកទៅបូកសង្ខេបធ្វើជាចម្លើយប្រាប់អ្នកដទៃ។ ដូច្នេះ រាល់អ្វីដែលអ្នកចែករំលែកជាសាធារណៈ អាចនឹងត្រូវ AI យកទៅប្រើប្រាស់។ យ៉ាងណាមិញ អ្នកមិនបាច់ភ័យស្លន់ស្លោឡើយ ព្រោះរឿងឯកជនភាពរបស់អ្នកនៅតែមានសុវត្ថិភាព ពោលគឺប្រព័ន្ធ AI នេះ មិនអាចចូលទៅលួចមើល ឬកាយទិន្នន័យពីការឆាតឆ្លើយឆ្លងផ្ទាល់ខ្លួន (Messenger, WhatsApp) ការបង្ហោះដែលកំណត់ត្រឹមមិត្តភក្តិ (Friends Only) ឬការជជែកគ្នាក្នុង Group បិទជិត (Private Groups) នោះឡើយ។

ក្រុមហ៊ុន Meta បាននិងកំពុងសម្រុកដាក់ចេញនូវមុខងារ AI ថ្មីៗជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យ Facebook កាន់តែមានភាពទាក់ទាញ និងមានប្រយោជន៍ជាងមុន ក្នុងនោះរួមមាន រូបភាព Profile មានចលនា, ប្រព័ន្ធឆ្លើយសារស្វ័យប្រវត្តក្នុង Marketplace, និងជំនួយការ AI សម្រាប់អ្នកបង្កើតមាតិកា។ ទន្ទឹមនឹងនេះ Meta ក៏បានឆ្លៀតចាប់យកឱកាសរកចំណូលបន្ថែម តាមរយៈការដាក់ឱ្យវ៉េរលុយប្រចាំខែ (Subscription Plans) ចាប់ពី $3.99 ក្នុងមួយខែ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានមុខងារ AI ពិសេសៗទាំងនេះនៅលើទំង Facebook, Instagram និង WhatsApp ផងដែរ។
