ប្រព័ន្ធប្រតិបត្តិការ iOS 27 របស់ Apple នឹងចេញផ្លូវការនាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងមុខងារ និងសមត្ថភាពថ្មីៗជាច្រើន ដែលនឹងជួយពង្រឹងសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់។ ក្នុងចំណោមនោះ មុខងារដែលគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍បំផុតមួយ អាចជា Framework ថ្មីនៅក្នុង iOS 27 ដែលជួយឱ្យកម្មវិធីផ្សេងៗអាចស្វែងរក និងដឹងនៅពេលដែលមនុស្សកំពុងរងការឆបោក ហើយជូនដំណឹងដល់ពួកគាត់ភ្លាមៗតាមពេលវេលាជាក់ស្តែង (ដូចជា App ធនាគារ, កម្មវិធីទូទាត់ប្រាក់ ឬកម្មវិធីផ្ញើសារ) ដើម្បីការពារអ្នកប្រើប្រាស់ភ្លាមៗពីករណី Scam។

នេះបើយោងតាមសារព័ត៌មាន 9to5Mac ដែលផ្តោតលើប្រព័ន្ធ Apple បានប្រាប់ឲ្យដឹងថា នៅក្នុង iOS 27 ក្រុមហ៊ុន Apple បានបង្កើត Trust Insights framework ដើម្បីជួយឱ្យកម្មវិធីនានាប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងឆបោកតាមបែបចិត្តសាស្ត្រ នៅក្នុងពេលកើតឡើងភ្លាមៗ។ វាអាចគ្របដណ្តប់លើច្រើនច្រក ដូចជាការសន្ទនាតាមសំឡេង សារអត្ថបទ និងអ៊ីមែល App ធនាគារ កម្មវិធីទូទាត់ប្រាក់ ឬកម្មវិធីផ្សេងៗ។

នៅក្នុង iOS 27 មុខងារ Trust Insights នឹងប្រើប្រាស់ AI ដើម្បីជូនដំណឹងទៅកាន់កម្មវិធី នៅពេលដែលបុគ្គលម្នាក់អាចនឹងកំពុងធ្លាក់ជាជនរងគ្រោះនៃការឆបោក។ Apple និយាយថា ការឆបោកប្រភេទនេះមានការលំបាកក្នុងការស្វែងរកដោយស្វ័យប្រវត្តិ ព្រោះជនរងគ្រោះច្រើនតែជាអ្នកធ្វើសកម្មភាពដោយខ្លួនឯង ដោយឆ្លងកាត់ការផ្ទៀងផ្ទាត់ និងប្រកបដោយភាពស្របច្បាប់។ នៅក្នុងវីដេអូសម្រាប់អ្នកអភិវឌ្ឍន៍ (Developer) ដែលបង្ហាញពី Framework ថ្មីរបស់ iOS 27 ក្រុមហ៊ុនផលិត iPhone មួយនេះបានរៀបរាប់ពីរបៀបដែលវាប្រើប្រាស់ Machine learning ដែលរក្សាឯកជនភាព ដើម្បីស្វែងរកនៅពេលដែលមាននរណាម្នាក់ប្រហែលជាកំពុងត្រូវគេបញ្ចុះបញ្ចូល ឬណែនាំឱ្យធ្វើសកម្មភាពប្រឈមនឹងហានិភ័យនៅពេលកំពុងប្រើ។

Apple បានបន្ថែមថា អ្នកអភិវឌ្ឍន៍នឹងអាចបញ្ចូល Trust Insights ទៅក្នុងកម្មវិធីរបស់ពួកគេ ហើយប្រព័ន្ធ AI នឹងធ្វើការវិភាគសកម្មភាពនៅលើទូរសព្ទរបស់អ្នកប្រើប្រាស់ផ្ទាល់ ដើម្បីសម្គាល់មើលថាតើអ្នកកំពុងធ្វើសកម្មភាពនោះដោយខ្លួនឯង ឬកំពុងត្រូវចោរឆបោកបោកបញ្ចុះបញ្ចូលតាមទូរសព្ទ និងបង្កើតវិធានការអន្តរាគមន៍ដ៏សមស្របមួយ ដើម្បីការពារអ្នកប្រើប្រាស់ ដោយនៅតែគោរពឯកជនភាពរបស់អ្នកប្រើប្រាស់ផងដែរ។
គូសបញ្ជាក់ផងដែរថាមុខងារ Trust Insights នឹងចេញមកជាផ្លូវការជូនអ្នកប្រើប្រាស់ទូទៅនៅ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជាមួយនឹងការបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 27 ពេញលេញ។
