កាលពីថ្មីៗកន្លងទៅនេះខ្សែបណ្ដាញអ៊ីនធឺណេតរបស់ថៃ នៅតំបន់ប៉ោយប៉ែត ជាពិសេស ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានក្រុមការងារជំនាញរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះមកកាត់ផ្តាច់ដោយផ្លាស់ប្ដូរខ្សែបណ្ដាញប្រើប្រាស់អ៊ីនធើណេតរបស់កម្ពុជាវិញ!
ការផ្លាស់ប្ដូរទិសដៅ IP transit ទៅកាន់ច្រកអន្តរជាតិមួយនេះគឺមានសុវត្ថិភាពខ្ពស់ និងលឿនជាងមុនផងដែរ។ បើយើងនិយាយពី IP Transit (អ៊ីនធឺណិត Transit) វិញ គឺត្រូវបានគេស្គាល់ផងដែរថាជា internet transit គឺជាសេវាកម្មមួយដែលអនុញ្ញាតឱ្យអ្នកផ្តល់សេវាអ៊ីនធឺណិត (ISPs) និងបណ្តាញធំៗអាចភ្ជាប់ទៅកាន់អ៊ីនធឺណិតសកលលោក។ វាជាមូលដ្ឋានផ្តល់ផ្លូវសម្រាប់ការបញ្ជូនចរាចរណ៍បណ្តាញពីបណ្តាញមួយទៅបណ្តាញមួយទៀត ដែលអាចឱ្យចូលប្រើប្រាស់អ៊ីនធឺណិតបានកាន់តែទូលំទូលាយ។ និយាយឱ្យងាយយល់ វាគឺជាមធ្យោបាយដែលអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នកភ្ជាប់អ្នកទៅកាន់គេហទំព័រ និងសេវាកម្មផ្សេងៗទូទាំងពិភពលោក។
សេវា IP-Transit ភ្ជាប់បណ្ដាញ (BGP Border Router) ទៅកាន់បណ្ដាញ IP(BGP Border Router) របស់ទូរគមនាគមន៍កម្ពុជា ដែលមានសមត្ថភាពជំរុញសេវាកម្មនេះ អោយក្លាយទៅជាផ្នែកមួយនៃអ៊ីនធើណិត និងអនុញ្ញាតអោយចរន្តទិន្នន័យនៃបណ្ដាញធ្វើចរាចរណ៍ឆ្លងកាត់ ឬផ្ទេរ ជាធម្មតាត្រូវបានគេប្រើភ្ជាប់សេវាអ៊ីនធឺណិត។ ទូរគមនាគមន៍កម្ពុជាបានរចនាឡើងសម្រាប់អតិថិជន ដែលជាក្រុមហ៊ុនប្រតិបត្តិករ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ដែលមានតម្រូវការធ្វើអាជីវកម្មបន្ត។
តើហេតុអ្វីត្រូវជ្រើសរើសយកទូរគមនាគមន៍កម្ពុជា? ចម្លើយនោះគឺ
- មាន PoP នៅហុងកុង និងសឹង្គាពួរផ្ទាល់ខ្លួន
- មានបណ្តាញភ្ជាប់ទៅអន្តរជាតិ រឹងមាំតាម AAG APG និង MCT
- មានបណ្តាញគាំទ្រភ្ជាប់ទៅអន្តរជាតិ មានគុណភាពខ្ពស់ និងជឿទុកចិត្ត
- មាន Service Level Agreement
- សេវាកម្ម ២៤/៧ ពីអ្នកជំនាញសេវាកម្មអតិថិជន
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បានបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃទាំងស្រុង ដោយសារកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។