ភ្នំពេញ, ខែមករា ឆ្នាំ២០២៦
ព្រឹត្តិការណ៍ IT Professional V ដែលជាលើកទី៥ នៃកម្មវិធី IT Professional រៀបចំដោយ ក្រុមហ៊ុន Proseth Solutions បានប្រព្រឹត្តទៅដោយជោគជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅ CKCC Multipurpose Hall សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមយ៉ាងកុះករពីសិស្ស និស្សិត អ្នកជំនាញ IT និងភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាជាច្រើន។
ក្រោមប្រធានបទថ្មី «IT Professional» កម្មវិធីឆ្នាំ២០២៦ បានបង្ហាញពីការវិវត្តថ្មីមួយ ផ្តើមពីការផ្តោតតែស្ដីពីអាជីពការងារ មកជាការផ្តោតលើការក្លាយខ្លួនជាអ្នកជំនាញ IT ពិតប្រាកដ ការអភិវឌ្ឍជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់វិស័យបច្ចេកវិទ្យានាពេលអនាគត ទាំងសម្រាប់សិស្ស និស្សិត និងអ្នកកំពុងធ្វើការក្នុងវិស័យ IT។
ព្រឹត្តិការណ៍នេះ បានរៀបចំជាសិក្ខាសាលា និងកិច្ចពិភាក្សាជាមួយ Speaker និង Panelist ដែលមានបទពិសោធន៍ក្នុងវិស័យ IT ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា Cybersecurity, AI-driven Defense, Cloud និង Network Architecture ដែលជាបច្ចេកវិទ្យាស្នូលសម្រាប់ការអភិវឌ្ឍអាជីព IT ក្នុងសម័យឌីជីថល។
ជាពិសេស កម្មវិធីក៏មាន Panel Discussion ក្រោមប្រធានបទ:
«តើការអប់រំ និងការច្នៃប្រឌិតបច្ចេកវិទ្យា អាចបង្កើតអនាគតរបស់ជំនាន់បន្ទាប់បានយ៉ាងដូចម្តេច?»
(How Education and Tech Innovation can Shape the Future of Next Generation)
ដែលបានបើកឱកាសឱ្យ Panelist ចែករំលែកទស្សនៈ អំពីតួនាទីសំខាន់របស់ការអប់រំ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំ និងអភិវឌ្ឍសមត្ថភាពយុវជនឱ្យសមស្របនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ អ្នកចូលរួមក៏មានឱកាសសួរសំណួរ និងចូលរួមពិភាក្សាយ៉ាងសកម្មផងដែរ។

បន្ថែមពីកិច្ចពិភាក្សារនៅក្នុង Big Hall ក៏មានជាកម្មវិធី Breakout Session ដែលត្រូវបានរៀបចំឡើងជា ២ បន្ទប់ផ្សេងគ្នា ដែលផ្តោតលើ មាតិកាបច្ចេកទេសកម្រិតខ្ពស់ និងចំណេះដឹងជ្រាលជ្រៅ ។ Breakout Session ទាំងនេះ ត្រូវបានរៀបចំសម្រាប់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ និងមូលដ្ឋាននិងចំណេះដឹងផ្នែក IT រួចមកហើយ ដែលអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាដោយជិតស្និទ្ធជាមួយ Speaker លើប្រធានបទជាក់លាក់ ការសួរចម្លើយ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង។

IT Professional V ក៏បានដើរតួនាទីជាវេទិកាសំខាន់សម្រាប់ ការភ្ជាប់ទំនាក់ទំនង (Networking) រវាងសិស្ស និស្សិត អ្នកជំនាញ IT ក្រុមហ៊ុន និងដៃគូបច្ចេកវិទ្យា។ តាមរយៈ Sponsor Booth អ្នកចូលរួមបានស្វែងយល់អំពីផលិតផល សេវាកម្ម និងឱកាសអាជីព ព្រមទាំងសកម្មភាព Lucky Draw ដែលបង្កើនបទពិសោធន៍ និងភាពសប្បាយរីករាយក្នុងកម្មវិធី។

ភាពជោគជ័យនៃព្រឹត្តិការណ៍ IT Professional V បញ្ជាក់ពីការប្តេជ្ញារបស់ Proseth Solutions ក្នុងការអភិវឌ្ឍធនធានមនុស្សវិស័យ IT នៅកម្ពុជា និងគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលជាតិ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្ត និងបំផុសគំនិតដល់ជំនាន់បន្ទាប់ ឱ្យត្រៀមខ្លួនសម្រាប់អនាគតបច្ចេកវិទ្យាផងដែរ។
ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦
ម៉ោង ៧ព្រឹក ដល់ ១២ ថ្ងៃត្រង់
ទីតាំង: CKCC Multipurpose Hall - RUPP
