ភ្នាក់ងារ AI របស់ក្រុមហ៊ុន OpenAI ដែលបានជ្រៀតចូលប្រព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Hugging Face បានធ្វើសកម្មភាពវាយប្រហារយ៉ាងសកម្មអស់រយៈពេលជាច្រើនថ្ងៃ ដោយក្រុមហ៊ុន OpenAI មិនបានដឹងខ្លួន ឬចាប់អារម្មណ៍ទាល់តែសោះ រហូតដល់ពេលដែលការគំរាមកំហែងនោះត្រូវបានទប់ស្កាត់ ហើយអាជ្ញាធរ FBI ត្រូវបានប្តឹងឱ្យចូលរួមស៊ើបអង្កេតរួចរាល់ទៅហើយ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានឱ្យដឹង។

នៅថ្ងៃទី ០៩ ខែកក្ដដា AI Agent មួយនេះ ដែលជាកម្មវិធីអាចធ្វើការសម្រេចចិត្ត និងអនុវត្តភារកិច្ចស្មុគស្មាញដោយមិនចាំបាច់មានមនុស្សបញ្ជា បានព្យាយាមលួចគេចចេញ ពីបរិស្ថានធ្វើតេស្តបិទជិតនៅក្នុងក្រុមហ៊ុន OpenAI។ បន្ទាប់មកថ្ងៃទី ១១-១៣ ខែកក្ដដា AI នេះបានចាប់ផ្តើមជ្រៀតចូលទៅក្នុងប្រព័ន្ធរបស់ Hugging Face (ដែលជាទីស្តុកទុកប្រភពទិន្នន័យ និងម៉ូឌែល AI) ហើយបានបន្តធ្វើសកម្មភាព Hack អស់រយៈពេល ៣ ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក Thomas Wolf ដែលជាស្ថាបនិករួមរបស់ Hugging Face។ បន្ទាប់មកទៀតថ្ងៃទី ២០ ខែកក្ដដា ក្រុមហ៊ុន OpenAI បានចំណាយពេលជាច្រើនថ្ងៃទើបដឹងថា AI របស់ខ្លួនជាអ្នកនៅពីក្រោយការ Hack នេះ ហើយក្រុមហ៊ុនទាំងពីរ (OpenAI និង Hugging Face) ទើបតែបានទាក់ទងគ្នាតាមផ្លូវការជាលើកដំបូងនៅប្រមាណថ្ងៃទី ២០ ខែកក្ដដាប៉ុណ្ណោះ។

នៅថ្ងៃទី ២១ ខែកក្ដដា OpenAI បានប្រកាសជាសាធារណៈថា AI Agent មួយរបស់ខ្លួនបានរបូតចេញពីការគ្រប់គ្រង ហើយបានទៅ Hack ប្រព័ន្ធ Hugging Face ដែលព្រឹត្តិការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក។ ក្រុមហ៊ុន OpenAI បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ការ Hack នេះគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក និងជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់សុវត្ថិភាព AI។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនកំពុងពិនិត្យមើលឧប្បត្តិហេតុនេះឡើងវិញជាមួយទីប្រឹក្សាខាងក្រៅ ហើយនឹងបោះពុម្ពផ្សាយរបាយការណ៍បច្ចេកទេសនៅពេលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ OpenAI បាននិយាយថា របាយការណ៍របស់ Reuters មានចំណុចមិនត្រឹមត្រូវមួយចំនួន ប៉ុន្តែមិនបានឆ្លើយតបនៅពេលគេសួរឱ្យបញ្ជាក់ថាជាចំណុចណាមួយនោះទេ។ ចំណែកឯភ្នាក់ងារ FBI បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើករណីនេះឡើយ។

ឧប្បត្តិហេតុដែលមើលទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រ អំពីមនុស្សដែលបាត់បង់ការគ្រប់គ្រងលើប្រព័ន្ធ AI ដ៏គ្រោះថ្នាក់នេះ បានកើតឡើងចំពេលដ៏រសើបសម្រាប់ OpenAI ខណៈដែលថ្នាក់ដឹកនាំកំពុងរៀបចំផែនការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដើម្បីរៃអង្គាសប្រាក់រាប់ពាន់លានដុល្លារ។
