នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាក់សម្ពោធជាផ្លូវការនូវកម្មវិធីការពារទូរសព្ទដៃជំនាន់ថ្មីដែលមានឈ្មោះថា «Kapea Scams» ដើម្បីទប់ស្កាត់ការខូចខាតពីការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថល ដែលកំពុងមានការរីករាលដាល។

កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ ដោយផ្តោតសំខាន់លើការទប់ស្កាត់ការហៅចូលពីលេខទូរស័ព្ទគួរឱ្យសង្ស័យ និងការបង្កើតបណ្តាញរាយការណ៍បទល្មើសបច្ចេកវិទ្យាទាន់ពេលវេលា ក្រោមពាក្យស្លោក «យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»។

សម្រាប់អ្នកប្រើ iOS និង Android ការដំឡើងកម្មវិធីនេះអាចធ្វើបានយ៉ាងងាយស្រួលដោយចូលទៅកាន់ Google Play Store ឬ App Store ស្វែងរកពាក្យថា «Kapea Scams» ចុចពាក្យ Install ឬ Get និងរង់ចាំរហូតដល់ដំណើរការទាញយករួចរាល់។ បន្ទាប់ពីដំឡើងរួច អ្នកប្រើប្រាស់ត្រូវបើកកម្មវិធី ផ្ដល់សិទ្ធិអនុញ្ញាតចាំបាច់ (Permissions) ដូចជាការចូលមើលកំណត់ហេតុការហៅទូរសព្ទ និងការជូនដំណឹង ដើម្បីធានាថាប្រព័ន្ធអាចដំណើរការមុខងារស្វ័យប្រវត្តិក្នុងការការពារ និងផ្ដល់សញ្ញាអាសន្នបានយ៉ាងមានប្រសិទ្ធភាព។

កម្មវិធីនេះបំពាក់មកជាមួយនូវមុខងារសំខាន់ៗជាច្រើន រួមមានប្រព័ន្ធទប់ស្កាត់លេខទូរស័ព្ទឆបោក មុខងាររាយការណ៍ពីគណនី ឬសកម្មភាពឆបោកមកកាន់សមត្ថកិច្ចដោយផ្ទាល់ និងប្រព័ន្ធព្រមានជាមុនពេលមានការទាក់ទងពីប្រភពមិនស្គាល់អត្តសញ្ញាណ។ តាមរយៈការដាក់ឱ្យប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ នាយកដ្ឋានសង្ឃឹមថានឹងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីល្បិចកលជនទុច្ចរិតក្នុងសម័យឌីជីថលនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
លម្អិតពីរបៀបប្រើប្រាស់តាមរយៈលីងខាងក្រោម:
https://www.facebook.com/share/v/1DDPX6X7bT/?mibextid=wwXIfr
